ដោយគង់ សូរិយា
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា កូរ៉េនឹងរៀបចំកម្មវិធីពិសេសមួយនៅខែតុលាខាងមុខនេះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម និងការវិនិយោគ ដើម្បីបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
ប្រធានសមាគមមិត្តភាពកម្ពុជា កូរ៉េលោកបណ្ឌិត Park Sang Won បានមានប្រសាសន៍ឲ្យដឹងកាលពីរសៀលថ្ងៃទី៩ សីហាកន្លងមកថា សមាគមមិត្តភាពកម្ពុជា កូរ៉េ នឹងរៀបចំកម្មវិធីពិសេសមួយនៅសណ្ឋាគារកាំបូឌីយ៉ាណាចាប់ពីថ្ងៃទី១៤ ដល់១៨តុលាខាងមុខនេះ ដើម្បីធ្វើការជួបជុំរវាងអ្នកវិនិយោគកូរ៉េ និងកម្ពុជា ដើម្បីស្វែងរកឪកាសវិនិយោគ និងធ្វើពាណិជ្ជកម្មរួមគ្នាសំដៅលើកកំពស់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
លោកបន្តថា “អ្នកវិនិយោគកូរ៉េធំៗចំនួន៣០រូប នឹងចូលរួមក្នុងកម្មវិធីនេះ ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការ លើវិស័យកសិកម្ម គ្រឿងសំអាង និងផលិតផលដទៃទៀត”។
លោកបណ្ឌិត Park Sang Won បានមានប្រសាសន៍ឲ្យដឹងទៀតថា កម្មវិធីនេះនឹងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកលោកងួន សុខា លោកទី សុគន្ឋរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងលោកជា សំណាងទីប្រឹក្សាលោកឧបនាយករដ្ឋមន្រ្តីយឹម ឆៃលីប្រធានក្រុមប្រឹក្សាស្តារនិងអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា ស្ថានទូតកូរ៉េប្រចាំកម្ពុជាផងដែរ៕






