ដោយ ៖ វុត្ថា
ភ្នំពេញ ៖ កំពង់ផែទីក្រុងផែសៀងហៃរបស់ប្រទេសចិន បានជាប់ចំណាត់ថ្នាក់កំពូលនៅក្នុងសន្និសីទអង្គការសហប្រជាជាតិស្តីពី ពាណិជ្ជកម្មនិងការអភិវឌ្ឍ (UNCTAD) 2019 នៃកំពង់ផែដែលមានការតភ្ជាប់ល្អបំផុត នៅលើពិភពលោកនៅឆ្នាំ២០១៩ នេះ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua កាលពីកន្លងទៅថ្មីៗនេះបានឱ្យដឹងថា កំពង់ផែសៀងហៃទទួលបានពិន្ ទុ១៣៤ កំពង់ផែសិង្ហបុរីបានពិន្ទុ ១២៤,៦៣ កំពង់ផែប៊ូសានរបស់ប្រទេសកូរ៉េខាងត្បូង ទទួលបានពិន្ទុ ១១៤,៤៥ និងកំពង់នីងបូរបស់ប្រទេសចិនទទួលបានពិន្ទុ ១១៤,៣៥ ពិន្ទុ។
-->
នាយកផ្នែកបច្ចេកវិជ្ជា និងដឹកជញ្ចូនរបស់ UNCTAD លោកស្រី Shamika N Sirimanne បានឱ្យដឹងថា ការអនុវត្តកំពង់ផែកុងតឺន័រ គឺជាកត្តាសំខាន់មួយដែលអាចកំណត់ថ្លៃដើមដឹកជញ្ជូន និងពង្រីកការប្រកួតប្រជែងផ្នែកពាណិជ្ជកម្ម។ លោកស្រីបន្តថា កំពង់ផែកុងតឺន័រដែលមានប្រសិទ្ធភាព និងតភ្ជាប់ល្អបានបើកដំណើរការដោយសេវាកម្មដឹកជញ្ជូន គឺមានមានសារៈសំខាន់ណាស់ ក្នុងការកាត់បន្ថយថ្លៃដើមពាណិជ្ជកម្ម និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។

ក្រៅពីកំពង់ផែអាស៊ីកំពង់ផែផ្សេងទៀត ដែលស្ថិតនៅក្នុងបញ្ជីកំពូលគឺកំពង់ផែ Antwerp នៅប្រទេសបែលហ្ស៊ិកទទួលបាន ៩៤ ពិន្ទុ និងកំពង់ផែ Rotterdam នៅក្នុងប្រទេសហូឡង់ទទួលបាន៩៣ពិន្ទុ។
ទិន្នន័យបានបង្ហាញថាការវិនិយោគ តាមបណ្តាញដឹកជញ្ជូនកំពុងទាក់ទាញសេវាកម្មបន្ថែមដូចជាកំពង់ផែ Piraeus នៅក្នុងប្រទេសក្រិក ដែលប្រតិបត្តិការដោយក្រុមហ៊ុន COSCO មកពីប្រទេសចិនបានក្លាយជាកំពង់ផែ ដែលមានបណ្តាញតភ្ជាប់ល្អបំផុតនៅសមុទ្រមេឌីទែរ៉ាណេក្នុងឆ្នាំ២០១៩។
ទិន្នន័យសន្ទស្សន៍ការតភ្ជាប់ទំនិញ តាមកំពង់ផែរបស់សន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) 2019 អាចឱ្យអាជីវកម្ម និងរដ្ឋាភិបាលកំណត់និន្នាការដឹកជញ្ជូនតាមសមុទ្រ និងមុខងាររបស់កំពង់ផែផ្សេង។
តាមទិន្ន័យនេះបានបង្ហាញថា ដល់ពេលនេះមានកំពង់ផែជាង៩០០។ ទិន្នន័យចុងក្រោយបំផុតនេះ គឺបំពេញបន្ថែមលើស្ថិតិ និងសូចនាករដែនសមុទ្រដទៃទៀត ដែលបានផ្តល់ដោយ UNCTAD ដើម្បីវាស់សមិទ្ធិផល នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕