កម្ពុជាកំពុងឈានទៅសម្រេចគោលដៅនាំចេញអង្ករ ១លានតោន

0

ដោយ រ៉ាវី

ភ្នំពេញ៖ ប្រទេសកម្ពុជាកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកការសម្រេចនូវការនាំចេញអង្ករឲ្យបាន១លានតោននៅពេលឆាប់ៗខាងមុខនេះ ខណៈការនាំចេញ​ឆ្នាំនេះសម្រេចបានជាង៦៣ម៉ឺនតោនរួចទៅហើយ។

យោងតាមរបាយការណ៍ ដែលទទួលបានពីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានបង្ហាញថា នៅក្នុងរយៈពេល12ខែក្នុងឆ្នាំ2017កន្លងទៅនេះ កម្ពុជាធ្វើការនាំចេញអង្ករ ទៅក្រៅប្រទេសសម្រេចបានចំនួន635,679តោន កើនឡើងប្រមាណ17,30% ធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ2016 ដែលមានត្រឹម 542, 144 តោន តែប៉ុណ្ណោះ។

របាយការណ៍ដែលបានបញ្ជាក់ទៀតថា នៅក្នុងឆ្នាំនេះអង្កររបស់កម្ពុជា បាននាំចេញ ទៅកាន់ប្រទេសជាង60នៅលើពិភពលោក ក្នុងនោះនាំទៅកាន់ប្រទេសចិនច្រើនជាងគេ ដែលមានចំនួនជិត20ម៉ឺនតោន ប្រទេសបារាំងជិត8 ម៉ឺនតោន និងប្រទេសប៉ូឡូញបានជាង4ម៉ឺនតោន។ ដោយឡែក សម្រាប់ក្រុមហ៊ុនដែលនាំចេញអង្ករ ទៅកាន់ក្រៅប្រទេសសរុបមានចំនួន​84ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនដែលនាំចេញបានច្រើនជាងគេ រួមមាន ក្រុមហ៊ុន Cristal Rice នាំចេញបានជាង 7ម៉ឺនតោន ក្រុមហ៊ុនបៃតង បានជាង 6ម៉ឺនតោន និងក្រុមហ៊ុន City Rice បានចំនួនជាង 5ម៉ឺនតោន។

ជាមួយនឹងលទ្ធផលនៃការនាំចេញអង្ករ ទៅកាន់បរទេសខាងលើនេះ លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រក្ខប្រមាញ់ និងនេសាទ ក៏បានប្រកាសឱ្យដឹងពីកំណើននៃការទិន្នផលស្រូវ ដែលកម្ពុជាទទួលបាននៅក្នុងឆ្នាំ2017នេះ មានចំនួនកើនឡើងផង ពោលគឺចាប់ពីខែមករា រហូតដល់ខែធ្នូ កម្ពុជាទទួលបានទិន្នផលស្រូវចំនួនជាង 10,27 លានតោន។ ថ្លែងនៅក្នុងពិធីវេទិកាស្ដីពី «កសិកម្ម រុក្ខប្រមាញ់ និងនេសាទ»​ រដ្ឋមន្ត្រីរូបនេះបានបញ្ជាក់ឱ្យដឹងទៀតថា ក្នុងរយៈពេល5ឆ្នាំកន្លងនេះ វិស័យកសិកម្មមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ជាក់ស្ដែង ផ្ទៃដីដាំដុះដំណាំស្រូវបានកើនពី 3លានហិកតា នៅឆ្នាំ2012 ដល់3.09លានហិកតានៅឆ្នាំ2016។

លោក វេង សាខុន បានលើកឡើងអំពីសន្ទុះនៃកំណើន ផ្ទៃដីដាំដុះដំណាំរួមផ្សំ និងដំណាំឧស្សាហកម្មកើនឡើងជាលំដាប់ ក្នុងរយៈពេលកន្លងមកនេះ ពោលគឺបាន កើនពី0.91លានហិកតា កាលពីឆ្នាំ 2012 ដល់ជាង1លានហិកតា នៅឆ្នាំ2016 ហើយបរិមាណផលបានកើនពី10.85លានតោន កាលពីឆ្នាំ2012 ដល់ 16.77លានតោន នៅឆ្នាំ2016។ ដោយឡែកការនាំចេញផលិតផលកសិកម្មសរុបមានការកើនឡើងជាលំដាប់ ហើយមានសន្ទុះខ្លាំងក្នុងរយៈពេល5ឆ្នាំ​ចុងក្រោយនេះ ដែលនៅឆ្នាំ2012 ការនាំចេញផលិតផលកសិកម្មស​ម្រេចបានចំនួន 680.46 ពាន់តោន កើនដល់ 4.7លានតោន នៅឆ្នាំ2016។

លោកឧកញ៉ាភួ ពុយប្រធានសម្ព័ន្ឋសមាគមរោងម៉ាស៊ីនកិនស្រូវកម្ពុជាបានថ្លែងថា វិស័យអង្ករកម្ពុជាកំពុងមានសញ្ញាវិជ្ជមាន ដោយសារកំនើននៃការ​នាំចេញ និងផលិតកម្មដំណាំស្រូវមានការកើនឡើង ពិសេសស្រូវក្រអូប ដែលជាប្រភេទស្រូវសម្រាប់នាំចេញ។លោកបន្តថា ទោះជាយើងមិនសម្រេចបានតាមគោលដៅរបស់រដ្ឋាភិបាល ក្នុងការនាំអង្ករចេញឲ្យបាន១លានតោននៅឆ្នាំ២០១៥ក្តី ប៉ុន្តែបច្ចុប្បន្នកម្ពុជាកំពុងឆ្ពោះទៅសម្រេចគោលដៅនេះ នៅពេលឆាប់ៗ ខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here