អ្នកជំនាញ​និយាយ​ពី​ភាព​វិជ្ជមាន និង​អវិជ្ជមាន​នៃ​ការបង្កើត​ម៉ាក​សញ្ញា​ផ្ទាល់ខ្លួន​នៅ​កម្ពុជា

0

ដោយ ៖ រ៉ា​ណេ​ត

ភ្នំពេញ ៖ ការធ្វើ​អាជីវកម្ម​ដោយ​ការបង្កើត​ម៉ាក​សញ្ញា​ផលិតផល​ផ្ទាល់ខ្លួន​នៅ​កម្ពុជា​កំពុងតែ​មានការ​ចាប់អារម្មណ៍​ជាខ្លាំង ដែល​ក្នុងនោះ​មាន​អ្នកខ្លះ​បាន​ដំណើរការ​ដោយ​ស្របច្បាប់ ហើយ​អ្នក​ខ្លះទៀត​ប្រាសចាក​ពី​នីតិវិធី​ច្បាប់ ដែល​អាច​ជះឥទ្ធិពល​អាក្រក់​ដល់​ដំណើរ​អាជីវកម្ម​របស់​ខ្លួន។

អគ្គនាយក​ក្រុមហ៊ុន Luxury Smile Group លោក​ឧកញ៉ា ចិត្រ សេរី​សុភ័ក្ត្រ បាន​មានប្រសាសន៍​ប្រាប់ឱ្យដឹង​ថា ការបង្កើត​ម៉ាក​សញ្ញា​ផលិតផល​ផ្ទាល់ខ្លួន​វា​គឺជា​រឿង​ល្អ​ដែល​ម្ចាស់ អាជីវកម្ម​គួរតែ​ធ្វើ។ ប៉ុន្តែ​ត្រូវតែ​ប្រាកដថា​ដំណើរការ​នៃ​ការបង្កើត​ម៉ាក​សញ្ញា​ទាំង​ង​អស់នោះ​ត្រូវបាន​ធ្វើឡើង ស្របច្បាប់ ដែល​កំណត់។ លោក​ឧកញ៉ា​បាន​បន្តទៀតថា “ការបង្កើត​ម៉ាក​សញ្ញា​ទៅលើ​ផលិតផល គឺជា​យុទ្ធសាស្ត្រ​ដ៏​ល្អ​ក្នុងការ​បង្កើន​ការចាប់អារម្មណ៍​និង​ងាយ​ធ្វើ​ឱ្យគេ​ឆាប់​ស្គាល់​ផលិតផល​នៅលើ​ទីផ្សារ។

លោក​បន្តទៀតថា “នៅក្នុង​ប្រទេស​កម្ពុជា គឺមាន​ការកំណត់​ច្បាប់​ត្រឹមត្រូវ​ពី​ក្រសួងពាណិជ្ជកម្ម និង​និង​ក្រសួងមហាផ្ទៃ​ទៅលើ​ការបង្កើត​ម៉ាក​សញ្ញា ប៉ុន្តែ​ភាគច្រើន​ត្រូវបាន​អាស្រ័យ​នៅ​ប្រទេសជិតខាង​ដើម្បី​ផលិត ជាពិសេស ប្រទេស​ថៃ ដោយសារតែ​នៅ​កម្ពុជា​មិនសូវមាន​រោងចក្រ​ជំនាញ។

លោក​បាន​បន្តទៀតថា “ការស្នើសុំ​ឯកសារ​ច្បាប់​ស្ដីពី​ការបង្កើត​ម៉ាក​សញ្ញា​ពី​ក្រសួង​នៅក្នុង​ប្រទេស​កម្ពុជា គឺជា​នីតិវិធី​មួយ ប៉ុន្តែ​ក៏ត្រូវ​ស្នើសុំ​សិទ្ធិ​ផលិត និង​ការត្រួតពិនិត្យ​គុណភាព​ពី​ស្ថាប័ន​ជំនាញ​នៅក្នុង​ប្រទេស​ថៃ​ផងដែរ។ លោក​បន្តថា “បន្ថែម​ពីនេះ ក្រោយពេល​ផលិត​ចេញ​ជា​ផលិតផល​ស្របទៅតាម​ម៉ាក​សញ្ញា នៅ​មានការ​អនុវត្តតាម​នីតិវិធី​មួយចំនួនទៀត​ដើម្បី​ធ្វើការ​នាំចូល​មកកាន់​ក​ម្ពុ​ជា​ដើម្បី​ធ្វើការ​ចែកចាយ​ទៅលើ​ទីផ្សារ។

ពាក់ព័ន្ធ​ទៅនឹង​ការបង្កើត​ម៉ាក​សញ្ញា​ផលិតផល​នេះ​ផងដែរ បច្ចុប្បន្នកំពុង​តែមាន​សកម្មភាព​ផុសផុល​ជាច្រើន​ពី​សំណាក់​ម្ចាស់​អាជីវកម្ម ដែល​ក្នុង​ភាគច្រើន​ត្រូវបាន​ដាក់លក់​នៅតាម​បណ្តាញ Online ហើយ​ក៏មាន​អ្នកខ្លះ​មិនបាន​អនុវត្ត​ទៅតាម​ការកំណត់​របស់​ក្រសួង​ផងដែរ។

លោក​ឧកញ៉ា ចិត្រ សេរី​សុភ័ក្ត្រ ដែល​ម្ចាស់​ក្រុមហ៊ុន​ទទួល​ប្រឹក្សា និង​បង្កើត​ម៉ាក​សញ្ញា​ផលិតផល​បាន​មានប្រសាសន៍ថា “នៅក្នុង​ករណី​អនុវត្ត​មិនបាន​ត្រឹម​ទៅតាម​ការកំណត់​របស់​ក្រសួង​គឺ​មានន័យថា ខុសច្បាប់ និង​ត្រូវ​ប្រឈម​លើ​ការផាកពិន័យ ឬ​ទទួលទោសផ្សេងៗទៀត​អាស្រ័យ​ទៅតាម​ការកំណត់​របស់​ច្បាប់។

លោក​ឧកញ៉ា​បាន​បន្តទៀតថា “ករណី​អនុវត្ត​ផ្ទុយ​ពី​ច្បាប់ ឬ​បង្កើត​ម៉ាក​សញ្ញា​ដោយ​មិនមាន​សុំ​ការអនុញ្ញាត គឺជា​ការធ្វើ​ជំនួញ ឬ​ធ្វើ​អាជីវកម្ម​ទាំង​ភាព​ប្រថុយប្រថាន វា​ងាយស្រួល​ចំណេញ ប៉ុន្តែ​ក៏​ងាយស្រួល​ខាតបង់​ផងដែរ ជាក់ស្ដែង​កាលពីពេល​កន្លងទៅនេះ ធ្លាប់មាន​ការចុះ​បិត​ទីតាំង​ក្រុមហ៊ុន​មួយចំនួន​រួចមកហើយ​ដែល​លួច​បង្កើត​ម៉ាក​សញ្ញា​ខុសច្បាប់។

លោក​ឧកញ៉ា​បាន​បញ្ជាក់ថា “ការបង្កើត​ម៉ាក​សញ្ញា​ផលិតផល​ស្របច្បាប់ មិន​តម្រូវ​ចំណាយពេល ឬ​ថវិកា​ច្រើន​លើសលប់​នោះទេ ហើយ​ម្យ៉ាងទៀត ក្នុងករណី​ដែល​ម្ចាស់​អាជីវកម្ម​មិន​ជ្រាប់​ពី​នីតិវិធី​ច្បាប់ គឺ​ត្រូវ​ពឹង​អ្នកជំនាញ​ដែលជា​ក្រុមហ៊ុន​ប្រឹក្សា​ស្របច្បាប់​ជា​ជំនួយ។ លោក​បន្តទៀតថា “ម្ចាស់​អាជីវកម្ម​ក៏​អាច​ទទួលបាន​ការជួយ​រៀបចំ​ផែនការអាជីវកម្ម​ប្រកបដោយ​និរន្ត​ភាព ទាំង​ផ្នែក​ហិរញ្ញវត្ថុ ការគ្រប់គ្រង​ធនធានមនុស្ស ក៏ដូចជា​យុទ្ធសាស្ត្រ​ក្នុងការ​ប​ញ្ជ្រៀ​ត​ផលិតផល​ចូលទៅក្នុង​ទីផ្សារ​ផងដែរ។

លោក​ឧកញ៉ា​បាន​សង្កត់ធ្ងន់ថា “បើ​ចង់​ធ្វើ​ជំនួញ​ដោយ​ភាគ​ជោគជ័យ និង​យូរអង្វែង ត្រូវ​ធ្វើតាម​គោលការណ៍​ច្បាប់​កំណត់ ជាពិសេស​សហការ​ជាមួយ​ក្រុមហ៊ុន​ជំនាញ ជៀសវាង​ការធ្វើ​អាជីវកម្ម​ទាំង​ភាព​ប្រថុយប្រថាន ដែល​ងាយ​នឹង​ប្រឈម​ចំពោះមុខ​ច្បាប់ ខាត់​បង់​ទាំង​ទ្រព្យសម្បត្តិ និង​ខូច​ទាំង​កេរ្តិ៍ឈ្មោះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here