មន្ត្រីជាន់ខ្ពស់​សហរដ្ឋ​អាមេរិក៖ សេដ្ឋកិច្ចពិភពលោក​ស្ថិតក្នុង​គ្រោះថ្នាក់​នៃ​វិបត្តិ​ហិរញ្ញវត្ថុ​សកល​មួយ​ថ្មី​ទៀត

0
​វិបត្តិ​ហិរញ្ញវត្ថុ​សកល​

ដោយ Donald Lee

វ៉ាស៊ីនតោន៖ សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក-ចិន​បាន​រុញច្រាន​សេដ្ឋកិច្ចពិភពលោក​ឱ្យ​ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់​បំផុត​ចាប់តាំងពី​វិបត្តិ​សេដ្ឋកិច្ចពិភពលោក​កាលពី ១០ ឆ្នាំមុន។

នេះ​បើ​យោងតាម​អតីតរដ្ឋមន្ត្រី​ក្រសួងរ​ត​នាគារ​អាមេរិក លោក Lawrence Summers ក៏​ជា​អតីត​ប្រធាន​សេដ្ឋវិទូ​នៅ​ធនាគារពិភពលោក និង​ជា​អតីត​ប្រធាន​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​ក្រោម​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា។

លោក Summer បាន​ថ្លែង​ក្នុង​បទសម្ភាសន៍​តាម​ទូរទស្សន៍​អាមេរិក​ថា “ភាព​តានតឹង​រវាង​អាមេរិក និង​ចិន​បច្ចុប្បន្ន​គឺជា​ជម្លោះ​ពាណិជ្ជកម្ម​ដ៏​គួរឱ្យ​សោកស្តាយ និង​ល្ងីល្ងើ។

ខណៈ​សង្គ្រាម​ពាណិជ្ជកម្ម​បាន​បន្ត​ភាពវឹកវរ​កាលពី​សប្តាហ៍​មុន អ្នកសេដ្ឋកិច្ច​ជឿថា ធនាគារកណ្តាល​របស់​ចិន​បាន​ទម្លាក់​តម្លៃ​រូបិយប័ណ្ណ​របស់ខ្លួន​កាលពី​សប្តាហ៍​មុន​ក្នុងការ​ឆ្លើយតប​ទៅនឹង​ការដំឡើង​ពន្ធ​ចុងក្រោយ​របស់លោក Trump ទៅលើ​ទំនិញ​ចិន​ដែលមាន​តម្លៃ ៣០០ ពាន់​លាន​ដុល្លារ។

ពន្ធ​នេះ​នឹងត្រូវ​ដំឡើង​ដល់ ១០ ភាគរយ​នៅ​ថ្ងៃទី ១ ខែកញ្ញា ប៉ុន្តែ​អាច​នឹង​កើនឡើង​ខ្ពស់​ដល់ ២៥ ភាគរយ។

ក្រុមអ្នកវិភាគ​ជឿជាក់ថា ពន្ធគយ​ជុំ​ថ្មី​នេះ​នឹង​ធ្វើឱ្យប៉ះពាល់​ដល់​អតិថិ​ជន​អាមេរិក​បំផុត ព្រោះ​វា​នឹង​រួមបញ្ចូល​ទាំង​ទំនិញ​ពេញនិយម​ដូចជា ទូរស័ព្ទ​ចល័ត កុំព្យូទ័រ​យួរដៃ ប្រដាប់ប្រដា​ក្មេង​លេង និង​ឧបករណ៍​វីដេអូ​ហ្គេម​ជាដើម។

យោងតាម​គណៈកម្មាធិកា​រ​ពាណិជ្ជកម្ម​អន្តរជាតិ​អាមេរិក ទំនិញ​ដែលមាន​តម្លៃ ៣០០ ពាន់​លាន​ដុល្លារ​នឹង​រួមបញ្ចូល​ទាំង​ទូរស័ព្ទដៃ​មានតម្លៃ ៤៤,៨ ពាន់​លាន​ដុល្លារ កុំព្យូទ័រ​យួរដៃ​ដែលមាន​តម្លៃ ៣៨,៧ ពាន់​លាន​ដុល្លារ​ប្រដាប់ប្រដា​ក្មេង​លេង​ដែលមាន​តម្លៃ ១១,៩ ពាន់​លាន​ដុល្លារ និង​ឧបករណ៍​វីដេអូ​ហ្គេម​មានតម្លៃ ៥,៤ ពាន់​លាន​ដុល្លារ។

លើសពីនេះ​ទៀត រដ្ឋាភិបាល​ចិន​បានប្រកាស​កាលពី​ថ្ងៃ​អង្គា​រថា ខ្លួន​នឹង​បញ្ឈប់​រាល់​ការទិញ​ផលិតផល​កសិកម្ម​អាមេរិក​ក្នុងការ​ឆ្លើយតប​ចំពោះ​សកម្មភាព និង​អាកប្បកិរិយា​របស់លោក Trump ក្នុងអំឡុងពេល​ចរចា​ពាណិជ្ជកម្ម។

ក្រុមអ្នកវិភាគ​បាន​ឯកភាពគ្នា​ថា សង្គ្រាម​ពាណិជ្ជកម្ម​កំពុងតែ​បំផ្លាញ​សេដ្ឋកិច្ចពិភពលោក​យ៉ាងធ្ងន់ធ្ងរ។

របាយការណ៍​សេដ្ឋកិច្ច​របស់ Bloomberg បាន​ប៉ាន់ប្រមាណ​ថា ការចំណាយ​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន​អាចឈាន​ដល់ ១,២ ពាន់​ពាន់​លាន​ដុល្លារ​ដែល​នឹង​ប៉ះពាល់​ដល់​ផលិតផល​ក្នុងស្រុក​សរុប​សម្រាប់​សេដ្ឋ​កិច្ច​នៅ​ទូទាំង​ពិភពលោក។

ក្រុមអ្នកវិភាគ​ជឿជាក់ថា សេដ្ឋកិច្ច​ពឹងផ្អែក​លើ​ពាណិជ្ជកម្ម​ដូចជា​អង់គ្លេស និង​សឹង្ហ​បូរី​កំពុងស្ថិត​នៅក្នុង​ស្ថានភាព​ធ្លាក់ចុះ​សេដ្ឋកិច្ច។

ផលិតផល​ក្នុងស្រុក​សរុប (GDP) របស់​អង់គ្លេស​នៅ​ត្រីមាស​ទី ២ ធ្លាក់ចុះ ០,២ ភាគរយ។ នេះ​គឺជា​ការធ្លាក់ចុះ​ដំបូង​ដែល​សេដ្ឋកិច្ច​បាន​ជួបប្រទះ​ចាប់តាំងពី​ឆ្នាំ ២០១២ ។ ប្រសិនបើ​សេដ្ឋកិច្ច​អង់គ្លេស​រង​នូវ​ការប៉ះទង្គិច​មួយ​ផ្សេងទៀត​នៅ​ត្រីមាស​ទី ៣ ប្រទេស​នេះ​នឹង​ស្ថិត​ក្នុងការ​ធ្លាក់ចូល​វិបត្តិ។

សេដ្ឋកិច្ច​ប្រទេស​សឹង្ហ​បូរី​បានទទួល​ជោគវាសនា​ប្រហាក់ប្រហែលគ្នា​នៅក្នុង​ត្រីមាស​ទី ២ ដោយសារ​ការធ្លាក់ចុះ​នៃ​វិស័យ​ផលិតកម្ម​ដែល​អាចធ្វើឱ្យ​សេដ្ឋកិច្ច​របស់ខ្លួន​ធ្លាក់​ចូលក្នុង​វិបត្តិ​សេដ្ឋកិច្ច​នៅ​ចុង​ត្រីមាស​បន្ទាប់។

អតីតរដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក បាន​និយាយថា អាមេរិក​គួរតែ​រំពឹងថា​នឹងមាន​ការធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​ស្រដៀង​គ្នា ប្រសិនបើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​ចិន​មិនត្រូវ​បានបញ្ចប់។

លោក Summers បាន​បន្ថែមថា “ខ្ញុំ​មិន​គិតថា មាន​សំណួរ​ណាមួយ​ដែលថា​តើ​កម្មករ​អាមេរិក​នឹង​កាន់តែ​ក្រីក្រ ក្រុមហ៊ុន​អាមេរិក​នឹង​ទទួលបាន​ផលចំណេញ​តិច​នោះទេ ហើយ​សេដ្ឋកិច្ច​អាមេរិក​នឹង​កាន់តែ​អាក្រក់ទៅៗ ដោយសារ​បញ្ហា​នេះ​នៅតែ​បន្ត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here