ដោយ Donald Lee
ភ្នំពេញ៖ ក្រុមហ៊ុនផលិតវាំងននលំដាប់កំពូលមួយនៅលើពិភពលោកកំពុងចាកចេញពីប្រទេសចិន បានឈានចូលទីផ្សារកម្ពុជាដោយសារសង្គ្រាមពាណិជ្ជកម្ម និងដើម្បីចៀសវាងការយកពន្ធរបស់អាមេរិកលើទំនិញចិន។
ក្រុមហ៊ុន Nien Made Enterprise Co ដែលមានមូលដ្ឋាននៅកោះតៃវ៉ាន់នឹងបង្កើនផលិតកម្មនៅក្នុងរោងចក្ររបស់ខ្លួនដើម្បីឆ្លើយតបនឹងជម្លោះពាណិជ្ជកម្មរវាងអាមេរិក និងចិន និងបញ្ហាកង្វះខាតកម្លាំងពលកម្មនៅរោងចក្រនៅចិនរបស់ពួកគេ។
-->
មន្ត្រីទំនាក់ទំនងសាធារណៈនៃក្រុមហ៊ុន Nien Made Enterprise Co បាននិយាយទៅកាន់កាសែតតៃប៉ិថា “ជម្លោះពាណិជ្ជកម្មរវាងអាមេរិក និងចិនបានពន្លឿនការពង្រីកខ្លួនរបស់យើងទៅកាន់តំបន់អាស៊ីអាគ្នេយ៍។
ប្រហែល ៣៣ ភាគរយនៃផលិតផលរបស់ក្រុមហ៊ុនកំពុងត្រូវបានផលិតនៅក្នុងប្រទេសចិន ប៉ុន្តែក្រុមហ៊ុន Nien Made Enterprise Co រំពឹងថានឹងផ្លាស់ប្តូរភាគច្រើននៃផលិតកម្មរបស់ខ្លួនមកកាន់ប្រទេសកម្ពុជានៅប៉ុន្មានឆ្នាំខាងមុខនេះ។
ប្រាក់ចំណូលរបស់ក្រុមហ៊ុនផលិតវាំងនននេះបានកើនឡើងជាង ២០ ភាគរយនៅឆមាសទីមួយនៃឆ្នាំនេះដែលស្មើនឹង ៦២ លានដុល្លារ។
កម្ពុជាបានទទួលអត្ថប្រយោជន៍យ៉ាងច្រើនពីសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន ដោយសារក្រុមហ៊ុនផលិតកំពុងធ្វើការផ្លាស់ប្តូរការវិនិយោគរបស់ខ្លួនទៅកាន់តំបន់អាស៊ីអាគ្នេយ៍ដើម្បីចៀសវាងពន្ធគយទំនិញសម្រាប់ចូលទីផ្សារអាមេរិកពីប្រទេសចិន។
ក្រុមហ៊ុនដូចជាក្រុមហ៊ុន Eclat Textile Co ផ្គត់ផ្គង់ផលិតកម្មដល់ក្រុមហ៊ុន Nike Inc និងក្រុមហ៊ុន Lululemon Athletica Inc ក៏កំពុងមានផែនការបង្កើតមូលដ្ឋានរោងចក្រដែលមានសក្តានុពលនៅកម្ពុជា ហើយគ្រោងនឹងវិនិយោគទឹកប្រាក់ ៨០ លានដុល្លារសម្រាប់ខ្សែផលិតកម្មចំនួន ១២០ ដើម្បីចៀសវាងពន្ធគយរបស់អាមេរិកលើទំនិញដែលមានប្រភពពីចិន។
លើសពីនេះទៀត ក្រុមហ៊ុនផលិតកង់ឡានតៃវ៉ាន់មួយផ្សេងទៀត និងជាក្រុមហ៊ុនផលិតកង់ឈានមុខគេលើពិភពលោក ក្រុមហ៊ុន Giant Manufacturing Co. Ltd បានផ្លាស់ប្តូរប្រតិបត្តិការរបស់ខ្លួនចេញពីប្រទេសចិន ដោយសារតែសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន។
ប្រធានក្រុមហ៊ុន Giant លោកស្រី Bonnie Tu បានថ្លែងប្រាប់សារព័ត៌មាន Bloomberg កាលពីខែមុនថា “កាលពីឆ្នាំមុន ខ្ញុំបានកត់សម្គាល់ឃើញថា យុគសម័យនៃការផលិតនៅក្នុងប្រទេសចិន” និងការផ្គត់ផ្គង់ទូទាំងពិភពលោកបានកន្លងផុតទៅហើយ។
លោកស្រី Tu បានមានប្រសាសន៍ថា “នៅពេលដែលលោក Trump បានប្រកាសផែនការពន្ធ ២៥ ភាគរយយើងបានយកចិត្តទុកដាក់យ៉ាងខ្លាំង។ យើងចាប់ផ្តើមធ្វើការផ្លាស់ប្តូរ មុនពេលលោកបិទមាត់របស់លោក”៕