ដោយ ម៉ាណេត
ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មកម្ពុជា ម៉ាឡេស៊ីពិភាក្សាពីការវិនិយោគរោងចក្រផលិតលីបកង់ដើម្បីផ្គត់ផ្គង់ដល់រោងចក្រផលិតកង់ធំៗនៅកម្ពុជា។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកប៉ាន សូរស័ក្តិបានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម អែលឌីន ហូសៃនី បីន ម៉ូហាម៉េត ហាសស៊ីម (Eldeen Husaini Bin Mohd Hashim) ឯកអគ្គរាជទូតម៉ាឡេស៊ីថ្មីប្រចាំកម្ពុជា។លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កិច្ចប្រជុំជាមួយលោកអែលឌីន ហូសៃនី បីន ម៉ូហាម៉េត ហាសស៊ីម នាថ្ងៃនេះ ជាពេលវេលាមួយដ៏សមស្រប គាប់ជួននឹងដំណើរទស្សនកិច្ចរបស់ លោកមូហាធៀ មូហាម៉ាត់ ដែលនឹងអញ្ជើញមកប្រទេសកម្ពុជានៅពេលខាងមុខដ៏ខ្លី។
-->
ម្យ៉ាងវិញទៀត កិច្ចប្រជុំនេះបានផ្ដល់ឱកាស សម្រាប់ពិភាក្សាលើការងារសហការក្នុងការបង្កើតរោងចក្រផលិតលីបកង់ និងគ្រឿងបង្គុំដទៃទៀត សម្រាប់ផ្គត់ផ្គង់ក្នុងវិស័យផលិតទោចក្រយាននៅកម្ពុជា ជាកិច្ចសម្រួលដល់ខ្សែច្រវាក់ផលិតកម្ម ក៏ដូចជាបង្កើតជាផលសរុបក្នុងតំបន់ ក្រោមវិធានប្រភពកំណើតទំនិញ។ លើសពីនោះថែមទៀត លោករដ្ឋមន្ត្រីបានរំលឹកឡើងវិញនូវប្រសាសន៍របស់ថ្នាក់ដឹកនាំ អាស៊ានលើការជំរុញពាណិជ្ជកម្មក្នុងតំបន់អាស៊ានឲ្យកើនឡើងបន្ថែមទៀត។
ឯកឧត្តមអគ្គរាជទូតថ្មីរបស់ម៉ាឡេស៊ី បានឯកភាពទាំងស្រុងជាមួយប្រសាសន៍របស់រដ្ឋមន្ត្រី ព្រមទាំងនឹងពាំនាំប្រសាសន៍ ទាំងនោះជូនទៅស្ថាប័នរបស់ម៉ាឡេស៊ី បន្តទៀត។
លោកបន្តថា “ការពង្រីកទំហំពាណិជ្ជកម្មក្នុងតំបន់អាស៊ាន ពិតជាមានសារៈសំខាន់សម្រាប់សមាជិកអាស៊ានទាំងអស់។
ដោយឡែកសម្រាប់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងម៉ាឡេស៊ី នៅក្នុងដំណើរទស្សនកិច្ចរបស់ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនាពេលខាងមុខ ភាគីម៉ាឡេស៊ីមានបំណងលើកប្រធានបទនេះ និងប្រធានបទមួយចំនួនទៀត រួមមាន ការពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី កិច្ចសហការក្នុងវិស័យហិរញ្ញវត្ថុ និងវិស័យធុរកិច្ចជាដើម ដើម្បីពិភាក្សា។

លើប្រធានបទពិភាក្សានេះ លោករដ្ឋមន្ត្រី ក៏បានផ្ដល់ធាតុចូលបន្ថែម ដោយចង្អុលបង្ហាញវិស័យទេសចរណ៍ជាវិស័យមានសក្ដានុពលមួយ ព្រមទាំងស្នើសុំឲ្យសហគមន៍ធុរកិច្ចកម្ពុជា និងម៉ាឡេស៊ី ពិនិត្យលទ្ធភាពក្នុងការចុះអនុស្សរណៈយោគយល់គ្នា ដើម្បីពង្រឹងទំនាក់ទំនងធុរកិច្ចរវាងប្រទេសទាំងពីរ៕