ខេត្តកំពង់ធំចងសម្ព័ន្ធមេត្រីភាពជាមួយទីក្រុង Panzhou របស់ចិន
ដោយ វុត្ថា
ភ្នំពេញ៖ ខេត្តកំពង់ធំរបស់ប្រទេសកម្ពុជា បានចុះកិច្ចព្រមព្រៀង ចងសម្ព័ន្ធមេត្រីភាពគ្នា ជាមួយទីក្រុង Panzhou ខេត្ត Guizhou នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការលើវិស័យចំនួន៨ ដើម្បីជំរុញឱ្យមានការរីកចម្រើនរួមគ្នា។
ខេត្តកំពង់ធំចងសម្ព័ន្ធមេត្រីភាពជាមួយទីក្រុង Panzhou របស់ចិន
លោក សុខ លូ អភិបាលខេត្តកំពងធំ បានឱ្យដឹងនៅក្នុងពិធីចុះកិច្ចព្រមព្រៀងកាលពីថ្ងៃទី១៣ ខែសីហា ម្សិលមិញនេះថាកិច្ចសហប្រតិបត្តិការទាំងនោះរួមមានវិស័យ ពាណិជ្ជកម្ម សិក្សាអប់រំ វប្បធម៌ កសិកម្ម ទេសចរណ៍ សុខាភិបាល បណ្តុះបណ្តាលផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាដើម។
-->
លោកបន្តថា នេះជាការបោះជំហានទៅមុខរបស់រដ្ឋបាលខេត្តកំពង់ធំ ក្នុងការចាប់ដៃគូ ចង សម្ព័ន្ធមេត្រីភាព លើកិច្ចសហប្រតិបត្តិការជាមួយទីក្រុងដ៏ធំរបស់មិត្តចិន ក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ លើការអភិវឌ្ឍខេត្ត ឱ្យកាន់តែវិវឌ្ឍន៍រីកចម្រើនស្របតាមគោលនយោបាយ នៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ របស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោហ៊ុន សែន។
លោក Li Lingbo អភិបាលក្រុង Panzhou ខេត្ត Guizhou បានថ្លែងអំណរគុណ ដល់ភាគីកម្ពុជាដែលបានទទួលស្វាគមន៍ ហើយបានលើកឡើងថា ភាគីទាំងពីរនឹងបង្កើនទំនាក់ទំនង កិច្ចសហប្រតិបត្តិការទៅវិញទៅមកយ៉ាងស៊ីជម្រៅ បន្ទាប់ពីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា នៅពេលវេលាសមស្រប នាពេលខាងមុខនេះ។
ភាគីទាំងពីរបានចុះហត្ថលេខា បានបកប្រែចេញជា ០៣ ភាសា គឺភាសាខ្មែរ ភាសាចិន និងភាសាអង់គ្លេស ដោយកិច្ចប្រជុំនេះបានពិភាក្សាអំពីអត្ថប្រយោជន៍បំពេញបន្ថែម និងទំហំសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការ រវាងទីក្រុងផានចូវ និងខេត្តកំពង់ធំ លើផ្នែកកិច្ចសហប្រតិបត្តិការទេសចរណ៍ និងការធ្វើពាណិជ្ជកម្មផលិតផលកសិកម្ម។

ភាគីទាំងពីរបានឯកភាពគ្នា បន្តធ្វើការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ លើកកម្ពស់ការផ្លាស់ប្តូរគណៈប្រតិភូ រវាងទីក្រុងផានចូវ និងខេត្តកំពង់ធំ ដោយមិនមានកំណត់ និងផ្តល់ការគាំទ្រ និងជំនួយដល់ដំណើរទស្សនកិច្ច ធុរកិច្ចព្រមគ្នាទាំងសងខាង ការចរចារពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការតាំងពិព័រណ៍ និងសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មដទៃទៀត៕