ប្លុកប្រេងថ្មីមួយត្រូវបានរដ្ឋាភិបាលកម្ពុជាអនុម័តឲ្យក្រុមហ៊ុនឯកជនធ្វើការរុករក
ដោយ ម៉ាណេត
ភ្នំពេញៈ ក្រុមហ៊ុន Angkor Gold Corp តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធ EnerCam Resources Co Ltd (“EnerCam”) បានទទួលការយល់ព្រមពីរដ្ឋាភិបាលកម្ពុជាលើការស្នើសុំដីសម្បទានប្រេង និងឧស្ម័ន ដែលមានទំហំ៧៣០០គីឡូម៉ែត្រក្រឡានៅកម្ពុជា។ នេះបើយោងតាមរបាយការណ៍ក្រុមហ៊ុនចុះផ្សាយនៅថ្ងៃនេះ។
រដ្ឋាភិបាលកម្ពុជា បានយល់ព្រមលើសំណើរបស់ក្រុមហ៊ុន Angkor Gold Corp សម្រាប់ការអភិវឌ្ឍប្លុកប្រេងទី៨ (Block VIII) តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន EnerCam Resources Co. Ltd។ ជាមួយនឹងការយល់ព្រមនេះក្រុមហ៊ុន Angkor កំពុងបន្តការចរចារកិច្ចព្រមព្រៀងស្តីពី ការចែករំលែកផលិតកម្មទាក់ទងនឹងអាជ្ញាប័ណ្ណនេះ។ ការអនុម័តនេះ ក៏អនុញ្ញាតឱ្យក្រុមហ៊ុនបន្តការរុករកប្រេង និងឧស្ម័ននៅប្លុកទី៨ ។
-->
លោក Stephen Burega នាយកប្រតិបត្តិក្រុមហ៊ុន Angkor បានមានប្រសាសន៍ថា “នេះគឺជាព្រឹត្តិការណ៍សំខាន់មួយសម្រាប់ក្រុមហ៊ុន Angkor។ ក្រុមហ៊ុន Angkor គឺជាក្រុមហ៊ុនរុករករ៉ែដំបូងគេរបស់កាណាដា ដែលត្រូវបានផ្តល់ការយល់ព្រមកម្រិតនេះ ដើម្បីស្វែងរកឱកាសប្រេង និងឧស្ម័ននៅកម្ពុជា។ បន្ទាប់ពីពិនិត្យរួច រដ្ឋាភិបាលកម្ពុជាបានកំណត់ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន EnerCam ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការរុករកនិងអភិវឌ្ឍដីសម្បទានប្រេង និងឧស្ម័ន។
ដោយមានជំនាញ និងការប្តេជ្ញាចិត្តយូរអង្វែងរបស់លោក Mike Weeks ប្រធាននាយកប្រតិបត្តិរបស់ក្រុមហ៊ុនអង្គរនៅក្នុងគម្រោងប្រេង និងឧស្ម័នបរទេស និងនៅកម្ពុជាបានមានប្រសាសន៍ថា យើងមានទីតាំងល្អក្នុងការពង្រីក នៅក្នុងវិស័យទាញយករ៉ែនៅអាស៊ីអាគ្នេយ៍។ ក្រុមហ៊ុន Angkor ទន្ទឹងរង់ចាំការចរចាលើកិច្ចព្រមព្រៀង ចែករំលែកផលិតផល និងចាប់ផ្តើមពិនិត្យឡើងវិញនូវការរញ្ជួយដី និងទិន្នន័យរបស់យើងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

លោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត បានមានប្រសាសន៍ថា “យើងរីករាយដែលបានធ្វើការជាមួយក្រុមហ៊ុនអង្គរ ក្នុងការអភិវឌ្ឍសក្តានុពលប្រេង និងឧស្ម័ននៅកម្ពុជា”៕