ដោយ វុត្ថា
ភ្នំពេញៈ ក្រុមហ៊ុន Huawei ប្ដេជ្ញានឹងបន្តវិនិយោគបន្ថែម មិនត្រឹមតែក្នុងវិស័យទូរគមនាគមន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រីកសកម្មភាពធុរកិច្ចផ្សេងទៀត ក្នុងវិស័យឌីជីថល ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។
លោក Yuya YAO នាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន Huawei ប្រចាំនៅក្នុងប្រទេសកម្ពុជា នៅក្នុងជំនួបជាមួយលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០១៩នេះ បានឱ្យដឹងអំពីសកម្មភាពធុរកិច្ចរបស់ក្រុមហ៊ុន Huawei ដែលបានវិនិយោគលើវិស័យបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ ចាប់តំងពីឆ្នាំ១៩៩៩មក ដែលបានផ្តល់ការងារដល់ប្រជាជនកម្ពុជា និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងផ្តល់អាទិភាព ដល់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងរដ្ឋាភិបាលឌីជីថល ដែលបង្កើតបរិស្ថានសម្រាប់ការរីកលូតលាស់វិស័យឌីជីថល។
លោកឧបនាយករដ្ឋមន្ត្រីបានលើកទឹកចិត្ត ឱ្យក្រុមហ៊ុន Huawei បន្តវិនិយោគ និងផ្តល់ការគាំទ្របន្ថែមតាមរយៈជំនាញ និងបទពិសោធន៍របស់ខ្លួនដល់ការងាររៀបចំក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចឌីជីថល និងរដ្ឋាភិបាលឌីជីថល ។
ក្រុមហ៊ុនទូរគមនាគមន៍របស់ចិនមួយនេះ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពី ភាពជាដៃគូ ក្នុងការរួមគ្នាអភិវឌ្ឍ និងដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាទូរគមនាគមន៍ជំនាន់ទី៥ (5G) នៅក្នុងឆ្នាំ២០១៩នេះ ជាមួយទូរគមនាគមន៍កម្ពុជា(ទ.ក.) ដែលនឹងធ្វើឱ្យកម្ពុជាក្លាយជាប្រទេស ដែលប្រើប្រាស់មុនគេនៅក្នុងតំបន់អាស៊ាន ហើយនឹងបន្តពង្រីកវិសាលភាពអោយបានគ្រប់តំបន់ទូទាំងប្រទេស។
ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍របស់កម្ពុជា បាននឹងកំពុងអនុវត្តលើគោលនយោបាយអភិវឌ្ឍន៍ វិស័យបច្ចកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT) ជាពិសេសបណ្តាញខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ ដែលមានការអភិវឌ្ឍជាបន្តបន្ទាប់ ដើម្បីពង្រឹងបន្ថែមនៃហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ឆ្លើយតបនឹងតម្រូវការកើនឡើង នៃបណ្តាញទំនាក់ទំនងព័ត៌មាន ជាមួយការអភិវឌ្ឍសេដ្ឋកិច្ចលើកកម្ពស់សមត្ថភាព ការប្រកួតប្រជែងក្នុងវិស័យទូរគមនាគមន៍។

របាយការណ៍របស់ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍របស់កម្ពុជាបានបង្ហាញថា គិតមកដល់ពេលនេះការប្រើប្រាស់ទូរស័ព្ទចល័ត និងអ៊ីនធើណិតនៅកម្ពុជាមានការកើនឡើងជាលំដាប់ ដោយចំនួននៃការចុះឈ្មោះប្រើប្រាស់អ៊ីនធើណេត មានប្រហែល ១៣,៦លាននាក់ ស្មើនឹង ៨៣%នៃប្រជាពលរដ្ឋសរុប៕






