ដោយ Donald Lee
ហុងកុងៈ ប៉ូលីសហុងកុងបានប៉ះទង្គិចជាមួយក្រុមបាតុករ ដែលកាន់កាប់អាកាសយានដ្ឋានអន្តរជាតិហុងកុង រយៈពេលពីរថ្ងៃជាប់ៗគ្នា ខណៈដែលជម្លោះដែលមានអាយុកាលជាង ១០សប្តាហ៍មានភាពច្របូកច្របល់។
ការតវ៉ាបានចាប់ផ្តើមនៅពេលរដ្ឋបាលហុងកុង ដែលគាំទ្រដោយចិនបានស្នើច្បាប់មួយ ដែលនឹងអនុញ្ញាតឱ្យធ្វើបត្យាប័នប្រជាជនហុងកុង ទៅកាន់តុលាការចិននៅលើដីគោក។ ដើម្បីធ្វើឱ្យពួកបាតុករស្ងាប់ស្ងាត់ រដ្ឋបាលហុងកុងដឹកនាំដោយនាយកប្រតិបត្តិ Carrie Lam បានព្យួរច្បាប់នេះចោល។
-->
ប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងដោយរដ្ឋាភិបាលចិន បានពណ៌នាពីកន្លែងកើតហេតុនៅក្នុងទីក្រុងហុងកុងថាជា “តំបន់សង្គ្រាម” ហើយបាននិយាយសំដៅទៅក្រុមអ្នកតវ៉ាថាជា “ភេរវករ” ដែលធ្វើឱ្យអ្នកវិភាគមួយចំនួនជឿជាក់ថា ចិនកំពុងត្រៀមបញ្ជូនកងទ័ពដែលប្រមូលផ្តុំនៅតាមព្រំដែនហុងកុង។
ក្រុមអ្នកជំនាញជឿជាក់ថា ការតវ៉ាក៏ជាប់ទាក់ទងនឹងវិសមភាពសេដ្ឋកិច្ច នៅក្នុងទីក្រុងថ្លៃបំផុតនៅលើពិភពលោកផងដែរ។
ប្រជាជនជិត៧,៥លាននាក់រស់នៅក្នុងទីក្រុងនេះ ជាមួយនឹងតម្លៃអចលនទ្រព្យខ្ពស់ជាងញូវយ៉ក តូក្យូ សេអ៊ូល និងឡុងដុង ប៉ុន្តែមានប្រាក់ឈ្នួលអប្បបរមាត្រឹមតែ ៤,៥០ដុល្លារក្នុងមួយម៉ោង។ ប្រជាជនហុងកុង មិនត្រឹមតែធ្វើការរយៈពេលយូរបំផុតមួយនៅលើពិភពលោកប៉ុណ្ណោះទេ ពួកគេថែមទាំងបង់ថ្លៃឈ្នួលខ្ពស់បំផុតផងដែរ។
យោងតាមអាជ្ញាធរហុងកុងបានឲ្យដឹងថា ប្រជាជនជាង២៥០.០០០នាក់បានដាក់ពាក្យសុំ ហើយកំពុងរង់ចាំការគាំទ្រពីរដ្ឋាភិបាល សម្រាប់ការទទួលបានផ្ទះសាធារណៈ។ លក្ខណៈវិនិច្ឆ័យសម្រាប់ការដាក់ពាក្យសុំ គឺសម្រាប់អ្នកដែលមានប្រាក់ចំណូលប្រចាំឆ្នាំ ១២,០០០ដុល្លារឬទាបជាងនេះ។
មជ្ឈមណ្ឌលសេដ្ឋកិច្ច និងភ័ស្តុភារអាស៊ី
ទីក្រុងហុងកុងជាមជ្ឈមណ្ឌលសេដ្ឋកិច្ចអាស៊ីអស់ជាច្រើនជំនាន់។ ផ្សារភាគហ៊ុនហុងកុងគឺធំជាងគេទី៤នៅលើពិភពលោក ធំជាងផ្សារភាគហ៊ុនទីក្រុងឡុងដែលមានមូលធននីយកម្មទីផ្សារជិត៤ទ្រីលានដុល្លារ។
ការតវ៉ាអស់រយៈពេលជាង១០សប្តាហ៍ បានធ្វើឱ្យតម្លៃភាគហ៊ុននៅហុងកុងធ្លាក់ចុះដល់៥០០ពាន់លានដុល្លារ។
លោក Daniel Ten Kate និពន្ធនាយកនៃទីភ្នាក់ងារព័ត៌មាន Bloomberg Asia នៅក្នុងកម្មពិធីវិទ្យុអាមេរិកមួយ បាននិយាយថា “ក្រុមហ៊ុនចិនជាច្រើន និងក្រុមហ៊ុនចិនដែលគ្រប់គ្រងដោយរដ្ឋជាច្រើន កំពុងសម្លឹងមើលទីផ្សារហុងកុងដើម្បីបង្កើនប្រាក់។
លោកបានបន្ថែមថា “ចិនមានការគ្រប់គ្រងមូលធនផ្ទាល់ខ្លួន ដែលធ្វើឱ្យមានការលំបាកក្នុងការផ្លាស់ប្តូរប្រាក់ចូល និងចេញ ហើយហុងកុងគឺជាកន្លែង ដែលក្រុមហ៊ុនជាច្រើនអាចបង្កើតហាងបានយ៉ាងងាយស្រួល និងអាចចូលទៅកាន់ទីផ្សារវិនិយោគជាច្រើននៅលើពិភពលោក។
លើសពីនេះទៀត ទីក្រុងហុងកុងដើរតួនាទីយ៉ាងសំខាន់ ជាមជ្ឈមណ្ឌលដឹកជញ្ចូនជាមួយអាកាសយានដ្ឋានអន្តរជាតិហុងកុង ដែលបានរួមចំណែក៥ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ទីក្រុងនេះ។
ការបិទព្រលានយន្តហោះដោយក្រុមអ្នកតវ៉ា ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចហុងកុងដែលកំពុងធ្លាក់ចុះ។

លោក Kate បានថ្លែងថា “បើនិយាយក្នុងន័យផ្ទុយនៅក្នុងរឿងនោះ គឺប្រហែលជាការតវ៉ា និងការពិតដែលថាមានភាពគ្មានច្បាប់បែបនេះ នៅក្នុងទីក្រុងហុងកុងនៅពេលនេះ ក៏បានធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ហុងកុង ចំពោះនីតិរដ្ឋ និងកំពុងធ្វើឱ្យក្រុមហ៊ុនបរទេស និងវិនិយោគិនបរទេសទូទៅគិតពីរដងអំពីក្នុងការរស់នៅទីនេះ។
តួនាទីសំខាន់របស់ហុងកុង ក្នុងគំនិតផ្តួចផ្តើមគោលនយោបាយខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន។
ទីក្រុងហុងកុងក៏មានតួនាទីសំខាន់ នៅក្នុងគំនិតផ្តួចផ្តើមគោលនយោបាយខ្សែក្រវ៉ាត់មួយនិងផ្លូវមួយ (BRI) របស់ប្រធានាធិបតីស៊ី ជីនពីង។
ជិត៦០ភាគរយនៃការវិនិយោគនៅក្រៅប្រទេសរបស់ចិន រួមទាំង មូលនិធិពី BRI នៅក្នុងប្រទេសដទៃទៀតត្រូវបានឆ្លងកាត់តាមហុងកុង៕