ដោយ ៖ រ៉ាណេត
ភ្នំពេញ៖ តបទៅតាមគោលដៅនៃផែនការយុទ្ធសាស្ត្រលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា រដ្ឋាភិបាលបានកំណត់ខេត្តចំនួន៥ចាត់បញ្ចូលទៅក្នុងគម្រោងគោលដៅទេសចរណ៍ភាគខាងត្បូង ដោយរួមមានការចូលរួមពីសមាសភាពប្រទេស ជិតខាងចំនួន៤ ផ្សេងទៀតក្នុងការរៀបចំផែនការអភិវឌ្ឍលើវិស័យមួយនេះរួមគ្នា។

-->
នៅក្នុងចំណោមខេត្តចំនួន៥ដែលស្ថិតនៅភាគខាងត្បូងរបស់ប្រទេសកម្ពុជា រួមមានដូចជា ខេត្តកោះកុង កំពត កែប ព្រះសីហនុ និងខេត្តតាកែវ ត្រូវបានទីភ្នាក់ងារវិស័យទេសចរណ៍ឯកជននៃប្រទេសទាំង៤រួមមាន កម្ពុជា វៀតណាម មីយ៉ាន់ម៉ា និងប្រទេសថៃ លើកយកមកពិភាក្សាលម្អិត នៅក្នុងវិទិកាលើកទី៦ នៃកិច្ចប្រជុំស្ដីពី «កិច្ចសហប្រតិបត្តិករទេសចរណ៍ភាគខាងត្បូងនៃប្រទេស» ដែលជាសមាជិក កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ នៅទីក្រុងកាន់ធើ ប្រទេសវៀតណាម។
អគ្គនាយកនៃក្រសួងទេសចរណ៍ លោក ថោង រដ្ឋសក្តិ បានលើកឡើងថា ស្របតាមកាលានុវត្តភាពថ្មីៗនៃតំបន់ និងអន្តរជាតិ ដែលមានសក្ដានុពលរីកចម្រើននៃវិស័យទេសចរណ៍ និងឧត្តមភាព កម្ពុជា រួមជាមួយបណ្តាប្រទេសជិតខាង បានសហការរៀបចំប្រែក្លាយតំបន់សក្តានុពលទេសចរណ៍ភាគខាងត្បូង កម្ពុជា-មីយ៉ាន់ម៉ា-ថៃ-វៀតណាម ដើម្បីជំរុញកិច្ចអភិវឌ្ឍក្នុងក្របខណ្ឌសេដ្ឋកិច្ច-សង្គម តាមរយៈវិស័យទេសចរណ៍។
លោកបានបន្តថា “ នៅក្នុងការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍខាងលើនេះ រួមមានបង្កើតឡើងនូវផលិតផលទេសចរណ៍ថ្មី ហើយផ្តល់ឱកាសឱ្យទេសចរ និងអ្នកវិនិយោគមានសិទ្ធិចូល-ចេញច្រើនដង ការទស្សនា ការស្នាក់នៅ និងការចូលរួមការវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា។
កិច្ចប្រជុំនេះរៀបចំឡើង ដើម្បីផ្សព្វផ្សាយផលិតផលសេវាទេសចរណ៍នៅតាមច្រករបៀងទេសចរណ៍ និងពិនិត្យការជម្រុញឱ្យផ្នែកឯកជនរៀបចំកញ្ចប់ទស្សនកិច្ចនៃប្រទេសទាំង៤ ក្នុងការរៀបចំកញ្ចប់ទស្សនកិច្ចឱ្យកាន់តែមានសុក្រឹត្យភាព និងប្រសិទ្ធភាពខ្ពស់ រួមចំណែកការអភិវឌ្ឍទេសចរណ៍ប្រកបដោយចិរភាព ជាពិសេសជំរុញកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ។
បន្ថែមពីនេះ នៅមានការដាក់ចេញនូវគម្រោងផែនការ ថែរក្សា ការពារ និងការអភិរក្សសម្បត្តិវប្បធម៌ ប្រវត្តិសាស្ត្រ និងធនធានធម្មជាតិ បង្កើតឱកាសការងារប្រាក់ចំណូល ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ លើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិ ការពង្រឹង និងពង្រីកមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការទេសចរណ៍ក្នុងតំបន់។
អង្គប្រជុំបានពិភាក្សាលើចំនុចមួយចំនួនដូចខាងក្រោម៖
១. ការអភិវឌ្ឍផលិតផល និងវិនិយោគលើវិស័យទេសចរណ៍
២. ការសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍រួមគ្នា
៣. ការអភិវឌ្ឍន៍ធនធានមនុស្ស
៤. ការសម្រួលការធ្វើដំណើរដល់ភ្ញៀវទេសចរ
៥. ការតភ្ជាប់នាវាទេសចរណ៍តំបន់សមុទ្រ និងទន្លេមេគង្គ
៦. ការជម្រុញឲ្យប្រទេសមីយ៉ាន់ម៉ា តភ្ជាប់នាវាទេសចរណ៍សមុទ្រក្នុងតំបន់ភាគខាងត្បូង
៧. ការតភា្ជប់ទេសចរណ៍បេតិកភណ្ឌភាគខាងត្បូង
៨. ការជម្រុញរៀបចំខ្សែទស្សនកិច្ចបែប Caravan Tour និងទេសចរបើកបរដោយខ្លួនឯង Self-Driving Tour
៩. ការតភ្ជាប់ការហោះហើរត្រង់នៅតំបន់ភាគខាងត្បូង។
ការអភិវឌ្ឍទេសចរណ៍ភាគខាងត្បូង កម្ពុជា-មីយ៉ាន់ម៉ា-ថៃ-វៀតណាមនេះ នឹងក្លាយជា “ចលករដ៏មានឥទ្ធិពលជំរុញ កំណើនសេដ្ឋកិច្ច” ការអភិវឌ្ឍសង្គម ការលើកកម្ពស់ផលិតភាព និងគុណភាពទេសចរណ៍ ស្របតាមនិន្នាការថ្មីនៃសេដ្ឋកិច្ចតំបន់ និងពិភពលោក។ ការបើកទីផ្សារទេសចរណ៍ថ្មី ការទាក់ទាញការវិនិយោគទេសចរណ៍ភាគខាងត្បូងកម្ពុជា នឹងកាន់តែរីកចម្រើនប្រកបដោយគុណភាព មានផលសេដ្ឋកិច្ចខ្ពស់ និងទទួលបានផលប្រយោជន៍ពីកាលានុវត្តភាពនៃសកលភាវូបនីយកម្ម និងការធ្វើសមាហរណកម្មកម្ពុជាទៅក្នុងតំបន់ និងអន្តរជាតិ៕
អត្ថបទ៖ រាជធានី ខេត្តចំនួន៤ នឹងត្រូវបំពាក់ Free Wifi បន្ថែមមុនឆ្នាំ២០២៣