ក្រុមហ៊ុន JB Financial Group ប្រកាសប្រាក់ចំណេញ
ដោយ ម៉ាណេត
ភ្នំពេញ៖ ក្រុមហ៊ុន JB Financial Group ដែលមានមូលដ្ឋាននៅប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងថា ធនាគារភ្នំពេញពាណិជ្ជ (PPCBank) ដែលជាធនាគារបុត្រសម្ព័ន្ធរបស់ខ្លួននៅកម្ពុជាបានប្រកាសប្រាក់ចំណេញសុទ្ធ ១០ ពាន់លានវ៉ុន (៨,១៧ លានដុល្លារ) នៅឆមាសទីមួយនៃឆ្នាំ ២០១៩ ។ នេះជាលើកទីមួយហើយដែលធនាគារកូរ៉េមួយប្រកាសប្រាក់ចំណេញសុទ្ធជាង ១០ ពាន់លានវ៉ុននៅក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុន JB Financial Group ប្រកាសប្រាក់ចំណេញ
ធនាគារ Jeonbuk Bank ដែលជាអង្គភាពធនាគាររបស់ក្រុមហ៊ុននៅប្រទេសកូរ៉េបានកាន់កាប់ភាគហ៊ុន ៥០ ភាគរយនៅក្នុងធនាគារ PPCBank កាលពី ៣ ឆ្នាំមុនដោយលើកឡើងពីសក្តានុពលកំណើនសេដ្ឋកិច្ចខ្ពស់នៅក្នុងវិស័យហិរញ្ញវត្ថុ។
-->
ធនាគារ PPCBank បានប្រកាសប្រាក់ចំណេញសុទ្ធចំនួន ៣ ពាន់លានវ៉ុននៅក្នុងឆមាសទី ២ នៃឆ្នាំ ២០១៦ ហើយចាប់តាំងពីពេលនោះមកបានបង្ហាញនូវកំណើនប្រាក់ចំណូលថេរជាបន្តបន្ទាប់។
ទន្ទឹមនឹងប្រាក់ចំណូលដែលបានកើនឡើងរបស់ខ្លួន ទ្រព្យសកម្មរបស់ធនាគារ PPCBank ក៏បានរីកចម្រើនយ៉ាងលឿនក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ។ ទ្រព្យសកម្មរបស់ធនាគារមានចំនួនសរុប ៩៤៤,៨ពាន់លានវ៉ុនគិតត្រឹមដំណាច់ខែ មិថុនា កើនឡើង ២០,៤ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន។
ធនាគារបានផ្តល់ប្រាក់កម្ចីសរុបចំនួន ៦៨៦,៧ពាន់លានវ៉ុនគិតត្រឹមដំណាច់ខែ មិថុនា គឺកើនឡើង ៣២,៥ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលមានចំនួន ៥១៨,៣ពាន់លានវ៉ុន។
មន្ត្រី JB Financial Group បាននិយាយថា “ធនាគារបានបង្ហាញនូវការរីកចម្រើនយ៉ាងខ្លាំងរបស់ខ្លួនជាបន្តបន្ទាប់ ទោះបីជាមានការប្រកួតប្រជែងខ្លាំងនៅក្នុងប្រទេសកម្ពុជាក៏ដោយ។
មន្ត្រីរូបនេះបានបន្តថា “ធនាគារ PPCBank បានពង្រឹងបណ្តាញអតិថិជន និងសេវាកម្មឌីជីថលរបស់ខ្លួនដើម្បីពង្រីកវត្តមានរបស់ខ្លួននៅលើទីផ្សារកម្ពុជា។ យើងនឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាពដើម្បីពង្រីកប្រាក់ចំណូលរបស់ខ្លួននាពេលអនាគត។
គិតត្រឹមដំណាច់ខែ កក្កដានេះធនាគារ PPCBank កំពុងប្រតិបត្តិការសាខាចំនួន ១៩ នៅទូទាំងប្រទេសដែលមានបុគ្គលិកចំនួន ៣០០ នាក់ ។
កាលពីខែ មិថុនា ធនាគារបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MOU) ជាមួយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (International Finance Corp. ) ដែលជាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិក្រោមក្រុមធនាគារពិភពលោកដើម្បីរួមគ្នាផ្តល់ប្រាក់កម្ចីមានទឹកប្រាក់ចំនួន ៣០០ លានដុល្លារអាមេរិកដល់សហគ្រាសធុនតូចនិងមធ្យមរបស់កម្ពុជាសម្រាប់រយៈពេល ៥ ឆ្នាំខាងមុខ៕
អត្ថបទ៖ ធនាគារកូរ៉េ និងធនាគារពិភពលោកសហការក្នុងការផ្តល់ប្រាក់ ៣០លានដុល្លារដល់អាជីវកម្មខ្នាតតូចនៅកម្ពុជា