ដោយវុត្ថា
ភ្នំពេញៈ សមាគមរោងចក្រកាត់ដេរនៅក្ពុជា (GMAC) បានជំរុញឱ្យសហភាពអឺរ៉ុបបន្តរក្សាកម្មវិធីអនុគ្រោះពន្ធ លើគ្រប់មុខទំនិញលើកលែងតែគ្រឿងសព្វាវុធ (EBA) ដល់កម្ពុជា ដើម្បីផ្តល់ការងារដល់កម្មករ និយោជិតចំនួន៧៥០០០០ នាក់ និងសុខមាលភាពប្រជាពលរដ្ឋប្រមាណ៣លាននាក់ស្ថិតនៅក្នុងហានីភ័យ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់សមាគមរោងចក្រកាត់ដេរនៅម្ពុជា (GMAC)ចេញផ្សាយកាលពីថ្ងៃទី១៣ ខែសីហាកន្លងមកនេះបានឱ្យដឹងថា ប្រទេសកម្ពុជាបានទទួលអត្ថប្រយោជន៍ពីកម្មវិធី EBA តាំងពីឆ្នាំ២០០១ ។ អ្នកដែលទទួលបានអត្ថប្រយោជន៍ចម្បងគឺកម្មករ កម្មការិនី ដែលកំពុងធ្វើការនៅក្នុងឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ (Travel Goods) ក្នុងប្រទេសកម្ពុជា។
ឧស្សាហកម្មទាំងនេះតំណាងឲ្យប្រមាណ៧៥ភាគរយ នៃការនាំចេញទំនិញសរុបរបស់កម្ពុជា និង៩០ភាគរយ នៃការនាំចេញរបស់កម្ពុជាទៅកាន់សហភាពអឺរ៉ុប។ ពាណិជ្ជកម្មចំនួន ៤,៧៧ ពាន់លានអឺរ៉ូក្នុងឆ្នាំ២០១៨ កើនឡើងចំនួន១០ដង ចាប់ពីកម្មវិធី EBA ត្រូវបានផ្តល់ឱ្យកម្ពុជាដំបូង។
សមាគមរោងចក្រកាត់ដេរនៅម្ពុជា ដែលជាតំណាងរោងចក្រចំនួន៥៨០ នៅកម្ពុជាបានអះអាងបន្តថា ដោយសារតែការគាំទ្ររបស់សហភាពអឺរ៉ុប តាមរយៈកម្មវិធី EBA ប្រជាពលរដ្ឋកម្ពុជា រាប់លាននាក់បានចេញផុតពីភាពក្រីក្រ និងបានរួមចំណែកយ៉ាងខ្លាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេស។
កម្មករចំនួន ៧៥០,០០០នាក់នៅក្នុងឧស្សាហកម្មនេះ តំណាងជាងពាក់កណ្តាលនៃកម្លាំងការងារសរុបក្នុងប្រព័ន្ធរបស់ប្រទេសកម្ពុជា ហើយឧស្សាហកម្មនេះផ្តល់ការគាំទ្រចំណូលផ្ទាល់ដល់គ្រួសារជាង២០ភាគរយ នៃគ្រួសារទាំងអស់នៅក្នុងប្រទេសកម្ពុជា។ ជាង៨០ភាគរយនៃកម្មកររបស់យើងជាស្ត្រី ហើយពួកគេភាគច្រើនបំផុតមានអាយុក្រោម ៣៥ឆ្នាំ។
សរុបទៅកម្មវិធី EBA មានផលវិជ្ជមានដល់ជីវិត ប្រជាពលរដ្ឋប្រមាណ៣លាននាក់ក្នុងប្រទេសកម្ពុជា។
ជាថ្មីម្តងទៀតសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)បានអះអាងថា ការព្យួរអត្ថប្រយោជន៍EBAពីសហភាពអឺរ៉ុប និងបណ្តាលឱ្យមានការបាត់បង់ការងារច្រើននៅក្នុងឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ ហើយនឹងមិនបម្រើគោលបំណងលុបបំបាត់ភាពក្រីក្រ និងការអភិវឌ្ឍប្រកបដោយចីរភាពនៃកម្មវិធី EBA ទេ។
“វានឹងជាលទ្ធផលក្រៀមក្រំនិងគួរឱ្យសោកស្តាយ សម្រាប់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) និងកម្លាំងការងារដែលបានធ្វើការងារយ៉ាងច្រើន ក្នុងការសហការជាមួយអង្គការ ILO ហើយជាការពិតនៅក្នុងការលើកកម្ពស់តួនាទីរបស់ខ្លួន ក្នុងការតាមដានសិទ្ធិកម្មករ នៅក្នុងប្រទេសកម្ពុជាព្រមទាំងនៅក្នុងប្រទេសដទៃៗទៀត។
នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០១៩ សហភាពអឺរ៉ុប បានចាប់ផ្តើមស៊ើបអង្កេតទៅលើការចោទប្រកាន់ថាមានការរំលោភ បំពានសិទ្ធិមនុស្ស និងសិទ្ធិការងារដោយរដ្ឋាភិបាលកម្ពុជា។ ការស៊ើបអង្កេតនេះ អាចនឹងនាំឱ្យមានការដកកម្មវិធី អនុគ្រោះពន្ធលើគ្រប់មុខទំនិញលើកលែងតែគ្រឿងសព្វាវុធ (EBA) ពីកម្ពុជា។

កម្មវិធីនេះ អនុញ្ញាតឱ្យរដ្ឋសមាជិកអឺរ៉ុប នាំចូលផលិតផល (លើកលែងតែគ្រឿងសព្វាវុធ) ដោយរួចពន្ធ និងគ្មានកូតា។ សេចក្តីសម្រេចលើបញ្ហានេះ ត្រូវបានរំពឹងថានឹងត្រូវប្រកាសនៅខែកុម្ភៈ ឆ្នាំ២០២០។
សហភាពអឺរ៉ុបបានក្លាយជាទីផ្សារធំបំផុត សម្រាប់ឧស្សាហកម្មរបស់យើង ដែលមានទំហំធំជាងសហរដ្ឋអាមេរិក (ដែលមិនផ្តល់អត្ថប្រយោជន៍រួចពន្ធសម្រាបសម្លៀកបំពាក់ និងស្បែកជើង)៕
អានបន្ត៖ អ្នកជំនាញថា ទោះជាមិនមាន EBA ក៏មិនជះឥទ្ធិលដល់វិស័យអចលនទ្រព្យកម្ពុជា






