គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលចូលរួមជាមួយផ្សារមូលបត្រកម្ពុជា
ដោយៈ រ៉ាណេត
ភ្នំពេញៈ គណៈកម្មការមូលបត្រកម្ពុជា បានប្រកាសពីអត្ថបរយោជន៍បន្ថែមយ៉ាងធំធេងទៅលើដំណើរប្រតិបត្តិការ ដោយការកាត់បន្ថយពន្ធនៃប្រាក់ចំណូលប្រចាំឆ្នាំរហូតដល់៥០ភាគរយ រួមជាមួយនឹងអត្ថប្រយោជន៍ផ្សេងទៀត ដោយការអនុគ្រោះពន្ធកាត់ទុក បន្ថែមទៀត។
លោកស៊ូ សុជាតិប្រអគ្គនាយកគណកម្មការមូលបត្រកម្ពុជាបានថ្លែងក្នុងពិធីបើកសិក្ខាសាលាស្ដីអំពី «ប្រភពហិរញ្ញប្បទានតាមរយៈទីផ្សារមូលបត្រសម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» កាលពីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩នេះបានមានប្រសាសន៍ឲ្យដឹងថា បច្ចុប្បន្ននេះ នៅក្នុងទីផ្សារមូលបត្រកម្ពុជា លើការបោះផ្សាយមូលបត្របំណុល មានគ្រឹះស្ថានហិរញ្ញវត្ថុចំនួន២ចូលរួមរួចមកហើយ ហើយនៅតែបន្តព្យាយាមផ្សព្វផ្សាយ ដើម្បីធ្វើយ៉ាងណា ដើម្បីបង្កើនភាពទាក់ទាញឱ្យមានការចូលរួមកាន់តែច្រើន។
-->
លោកបានបន្ថែមទៀតថា “ជាការលើកទឹកចិត្តដល់បណ្តាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលចូលរួមនៅក្នុងទីផ្សារមូលបត្រកម្ពុជា នឹងទទួលបានអត្ថប្រយោជន៍បន្ថែមជាច្រើនរហូតដល់រយៈពេល៣ឆ្នាំ ហើយចំពោះអ្នកវិនិយោគ ជាមួយការបោះផ្សាយមូលបត្របំណុលក៏ទទួលបានប្រយោជន៍លើប្រាក់ចំណេញរបស់ខ្លួនផងដែរ។
សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការមូលបត្រកម្ពុជាបានបញ្ជាក់ថា សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ ពីនីតិវិធីក្នុងការកៀរគរមូលធនតាមរយៈការបោះផ្សាយ លក់មូលបត្រកម្មសិទ្ធិ និង/ឬ មូលបត្របំណុល ឬសញ្ញាបណ្ណសាជីវកម្ម ដែលជាប្រភពទុនក្នុងស្រុកដ៏សម្បូរបែប ជាជាងការស្វែងរកប្រភពទុនពីបរទេស។
លើសពីនេះទៀត សិក្ខាកាមដែលចូលរួមនៅក្នុងកម្មវិធីនេះ ក៏ទទួលបាននូវចំណេះដឹងបន្ថែម ពាក់ព័ន្ធនឹងការលើកទឹកចិត្តពន្ធដារ សម្រាប់ក្រុមហ៊ុន សហគ្រាស និងគ្រឹះស្ថានហិរញ្ញវត្ថុនានា ដែលធ្វើការបោះផ្សាយមូលបត្រជាសាធារណៈ តាមរយៈការបន្ថយពន្ធលើប្រាក់ចំណូលចំនួន៥០% នៃពន្ធប្រាក់ចំណូលប្រចាំឆ្នាំ ព្រមទាំងការព្យួរការបង់ពន្ធប្រាក់រំដោះលើប្រាក់ចំណេញ១% ប្រចាំខែសម្រាប់រយៈពេល៣ឆ្នាំ។ ចំណែកឯវិនិយោគិន ក៏ទទួលបានអត្ថប្រយោជន៍ផងដែរ ដោយទទួលបានការបន្ថយពន្ធកាត់ទុក ៥០% លើការប្រាក់ឬភាគលាភ ដែលបានមកពីការកាន់កាប់ ឬការជួញដូរមូលបត្រសម្រាប់រយៈពេល៣ឆ្នាំដូចគ្នា។
ជាមួយគ្នានេះ អ្នកចូលរួមក៏ទទួលបានការយល់ដឹងបន្ថែម ពីកិច្ចគាំពារវិនិយោគិន និងការពង្រឹងការអនុវត្តច្បាប់ ក្នុងវិស័យមូលបត្រនៅកម្ពុជា។ ការចូលរួមចំណែកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅក្នុងវិស័យមូលបត្រ នឹងជួយជំរុញដល់ការវិនិយោគ ព្រមទាំងការអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុ និងសេដ្ឋកិច្ចជាតិទាំងមូល៕
អានបន្ត៖ តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុគ្រោងចូលផ្សារហ៊ុន ខណៈផែនការពន្ធគយអាមេរិកបានលាតត្រដាង