បើកទំព័រឆ្នាំថ្មី កម្ពុជាចាប់ផ្តើមបង្ហាញកិត្យានុភាពទៅកាន់ឆាកអន្តរជាតិ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ បើកទំព័រឆ្នាំ២០១៨ភ្លាម កម្ពុជាបានបង្ហាញកិត្យា​នុភាពនៅលើឆាកអន្តរជាតិភ្លាម ហើយប្រទេសនេះកំពុងទាញ យកផលប្រយោជន៍បានកាន់តែច្រើន តាមរយៈលំហូរវិនិយោគទុន ពិសេសអ្នកវិនិយោគមកពីប្រទេសចិន។

ជាក់ស្តែងនៅក្នុងសប្តាហ៍ក្រោយនេះ កម្ពុជាក៏ស្វាគមន៍ដំណើរទស្សនកិច្ចរបស់ឯកឧត្តម​លី ខឺឈាងនាយករដ្ឋមន្រ្តីនៃសាធារណៈរដ្ឋប្រជាមានិតចិន ដែលអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលមេគង្គ ឡានឆាងដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី១០ ដល់១២ មករាខាងមុខនេះ។ តាមរយៈដំណើរទស្សនកិច្ចរបស់ប្រមុខដឹកនាំ​នៃប្រទេសចិន អ្នកវិ​និយោគចិនជាច្រើននឹងអមដំណើរមេដឹកនាំរបស់ខ្លួន ដើម្បីស្វែងរកឪកាសវិនិយោគនៅកម្ពុជា ខណៈបច្ចុប្បន្នអ្នកវិនិយោគចិនបានវិនិយោគ​ច្រើនជាងគេលើគ្រប់វិស័យ។

ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា លោកបណ្ឌិតសុក ស៊ីផាន់ណាបានលើកឡើងក្នុងវេទិការសាធារណៈ កិច្ចសហប្រតិបត្តិការ មេគង្គ ឡានឆាង  “ការកសាងសន្តិភាព និងភាពរុងរឿង សម្រាប់មហាអនុតំបន់ទន្លេមេគង្គ”កាលពីម្សិលម៉ិញនេះថា ការធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូល ប្រមុខថ្នាក់ដឹកនាំបណ្ដាប្រទេសអនុតំបន់ទន្លេមេគង្គ ឡានឆាងនាថ្ងៃទី ១០ដល់ថ្ងៃទី ១២ មករាខាងមុខ គឺជាមោទនភាពរបស់កម្ពុជា ដែលមានសមត្ថភាពរៀបចំកិច្ចប្រជុំកំពូល ហើយវាក៏ជាការបង្ហាញ ឲ្យឃើញថា ប្រទេសកម្ពុជាជាប្រទេសកំពុងរីកចំរើន ជាពិសេសសម្រាប់ការទទួលយកនូវការវិនិយោគ។

លោកបន្តថា “អ្វីសំខាន់គឺការលើកកំពស់មុខមាត់កម្ពុជា និងបង្ហាញពីកេរ្ទ៍ ឈ្មោះកម្ពុជាទៅកាន់ពិភពលោក ឲ្យមើលឃើញពីការអភិវឌ្ឍន៍ដែលយើងបាននិងកំពុងសម្រេចបាន”។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាលោកឧកញ៉ាលឹម ហេងបានថ្លែងថា កា​រអញ្ជើញមកទស្សនកិច្ច របស់ប្រមុខមហាអំណាចសេដ្ឋកិច្ចចិននៅកម្ពុជា ជារឿងដ៏ល្អសំ​រាប់កម្ពុជា ដែលបង្ហាញពីទំនាក់ទំនងល្អ រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ព្រោះនិន្នាការពិភពលោក ដើម្បីឲ្យទំនាក់ទំនងពាណិជ្ជកម្មល្អ ទាល់តែទំនាក់ទំនងនយោបាយល្អ។លោកបន្តថា ដំណើរទស្សនកិច្ចនេះផងដែរ ជាអ្វីដែលស្ថិត​ក្នុងគោលនយោបាយផ្លូវសូត្ររបស់ចិន ដែលកម្ពុជាបាននិងកំពុងទទួលផលប្រ​យោជន៍ពីគោលនយោបាយនេះយ៉ាងច្រើន។

លោកឧកញ៉ាបានបន្តថា អ្នកវិនិយោគចិននៅកម្ពុជានឹងមានភាពកក់ក្តៅ ហើយអ្នកវិនិ​យោគចិនថ្មីៗទៀត នឹងចូលមកវិនិយោគនៅកម្ពុជា ព្រោះដំនើរ ទស្សនកិច្ចនេះ បង្ហាញពីទំនាក់ទំនងដ៏ល្អ រវាងប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរ។លោកបន្តថា ដូចនេះអ្វីសំខាន់គឺកម្ពុជាត្រូវទាក់ទាញចិនឲ្យបានកាន់តែច្រើន ព្រោះកាលណាយើងទាញបានច្រើនជាងគេ គឺយើងនឹងចំណេញជាងគេហើយ។លោកបន្តថា នយោបាយនិងសេដ្ឋកិច្ចមានភាពប្រទាក់ក្រឡាគ្នា ព្រោះប្រទេសណាក៏ចង់បានអ្នកវិនិយោគចិនច្រើនដែរ។ យើងរំពឹងទាក់ទាញអ្នកវិនិយោគចិនបានច្រើនជាងគេ ហើយពេលពួកគេ​មកវិនិយោគ សុទ្ឋតែផ្តល់ផលចំណេញដល់កម្ពុជា មិនថាអ្នកវិនិយោគប្រទេសណាទេ ឲ្យតែចូលមកយើងស្វាគមន៍ទាំងអស់។

​លោកគង់ ភោគស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានខាងលើនេះបានមានប្រសាសន៍ថា កិច្ចប្រជុំកំពូលឡានឆាង មេគង្គដែលនឹងចា​ប់​ផ្តើ​មពីថ្ងៃទៅ១០ ដល់១១មករាខាងមុខនេះ ជាការចូលរួមចំណែកផ្សព្វផ្សាយពីកិត្យា​នុភាពកម្ពុជា ការកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កម្ពុជា ព្រោះកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួម និងដំនើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីចិន ដែលនឹងមានការចុះកិច្ចព្រមព្រៀងជាច្រើនរវាងចិន និងកម្ពុជាលើកិច្ចសហប្រតិបត្តិការលើសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ វប្បធ៌ម និងសន្តិសុខជាដើម។

លោកបន្តថា “កម្ពុជាកំពុងដើរតួនាទីកម្រិតតំបន់ ជាការដើរតួធំជាងខ្លួនឯង ដែលជាប្រទេសមានប្រជាជនត្រឹម១៦លាននាក់ ព្រោះកម្ពុជាជាសហប្រធាន នៃគំនិតផ្តួចផ្តើមកិច្ច​សហប្រតិបត្តិការឡានឆាង មេគង្គ ជាអ្វីដែ​ល​យើងទាំងអស់គ្នាគួរមានមោទនភាព ព្រោះវាបង្ហាញពីតួនាទីកើនឡើងរបស់កម្ពុជា ក្នុងឆាកអន្តរជាតិ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here