រដ្ឋាភិបាល​បញ្ឈប់​ការចេញ​អាជ្ញាប័ណ្ណ​ឲ្យ​ប្រកប​អាជីវកម្ម​ល្បែងភ្នាល់​តាម​ម៉ាស៊ីនអេ​ឡិច​ត្រូ​និ​ចអន​ឡាញ

0

ដោយ ម៉ា​ណេ​ត និង​វុត្ថា

ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​បានចេញ​សារា​ចរណ៍​ណែនាំ ឲ្យ​បញ្ឈប់​ការចេញ​អាជ្ញាប័ណ្ណ​ឲ្យ​ប្រកប​អាជីវកម្ម​ល្បែងភ្នាល់ តាម​ម៉ាស៊ីន​អេ​ឡិ​ក​ត្រូ​និក​គ្រប់​ប្រភេទ​ក្នុង​និង​ក្រៅប្រទេស។

សាលា​រាច​រណ៍​ណែនាំ​នេះ ត្រូវបាន​ចុះហត្ថលេខា​ដោយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩នេះ ។ នៅក្នុង​សារាចរ​ណែនាំ រាជ​ដ្ឋា​ភិ​បាល​បានធ្វើ​ការណែនាំ​ចំនួន៣ចំណុច​ដូចខាងក្រោម ទី១ មន្ត្រីនគរបាល​យុត្តិធម៌ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ ត្រូវ​បង្កើន​ការស្រាវជ្រាវ និង​បង្ក្រាប​អាជីវកម្ម​ល្បែង​ភ្នាល់ តាម​ម៉ាស៊ីន​អេ​ឡិច​ត្រូ​និ​ច តាមរយៈ​អ៉ិ​ន​ធើ​ណេ​ន​អន​ឡាយ ក្នុង​និង​ក្រៅប្រទេស​គ្រប់​ប្រភេទ និង​គ្រប់​រូបភាព ដែល​ធ្វើ​សកម្មភាព​ដោយ​មិនមាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង ស្ថាប័ន​មាន​សមត្ថកិច្ច។

ទី២ ចំពោះ​អាជីវកម្ម​ល្បែងភ្នាល់​តាម​ម៉ាស៊ីន អេ​ឡិច​ត្រូ​និ​ច​តាមរយៈ​អ៉ិ​ន​ធើ​ណែ​ត​អន​ឡាយ​ក្នុង និង​ក្រៅប្រទេស​ដែលមាន​អាជ្ញាប័ណ្ណ ត្រូវបាន​អនុញ្ញាត​ឲ្យ​ធ្វើ​សកម្មភាព​រហូត​ផុត​សុពលភាព  ដែល​បានកំណត់​ក្នុង​អាជ្ញាប័ណ្ណ។ បន្ទាប់​ពីនេះ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​មិន​បន្ត​សុពលភាព នៃ​អាជ្ញាប័ណ្ណ​អនុញ្ញាត ឲ្យ​ប្រកប​អាជីវកម្ម​ល្បែងភ្នាល់​ប្រភេទ​នេះ​តទៅទៀត​ឡើយ។

ទី៣ រាជរដ្ឋាភិបាល​បញ្ឈប់​ការផ្តល់​គោលការណ៍ និង​អាជ្ញាប័ណ្ណ​អនុញ្ញាត​ឲ្យ​ប្រកប​អាជីវកម្ម​ល្បែងភ្នាល់​តាម​ម៉ាស៊ីន​អេ​ឡិច​ត្រូ​និ​ច តាមរយៈ​អ៉ិ​ន​ធើ​ណេ​ត​អន​ឡាយ​ទាំង​ក្នុង និង​ក្រៅ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់​ពីថ្ងៃ​ចុះហត្ថលេខា​លើ​សារាចរ​ណែ​នាំ​នេះ​តទៅ។

ការចេញ​សារា​ណែនាំ​នេះ ធ្វើឡើង​បន្ទាប់ពី​រាជរដ្ឋាភិបាល​សង្កេតឃើញ​ថា សកម្មភាព​អាជីវកម្ម​ល្បែងភ្នាល់ តាម​ម៉ាស៊ីន​អេ​ឡិច​ត្រូ​និ​ច​តាម​អយៈ​អ៉ិ​ន​ធើ​ណេ​ត ក្នុង និង​ក្រៅប្រទេស​មួយចំនួន បានទទួល​គោលការណ៍​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល និង​មួយចំនួនទៀត​លួចលាក់​ធ្វើ​សកម្មភាព​នៅតាម​ទីតាំងផ្សេងៗគ្នា ហើយ​ពួកឧក្រិដ្ឋជន​បរទេស​មួយចំនួន បាន​ជ្រក​ក្រោម​រូបភាព​ល្បែងភ្នាល់​ប្រភេទ​នេះ ដើម្បី​ធ្វើ​សកម្មភាព​បោកប្រាស់​ជំរិត​ទារប្រាក់​ពី​ជនរងគ្រោះ​ទាំង​ក្នុង និង​ក្រៅប្រទេស ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​របៀបរៀបរយ​ក្នុងសង្គម៕

LEAVE A REPLY

Please enter your comment!
Please enter your name here