ដោយ វុត្ថា
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាកំពុងបាននិងកំពុងពិនិត្យវាយតម្លៃលើសំណើសុំវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ លើទំហំដីមិនលើសពី ១០ហិកតា ចំនួន ៤គម្រោង ស្ថិតក្នុងឧទ្យានជាតិព្រះមុនីវង្ស (បូកគោ) ភូមិសាស្ត្រខេត្តកំពត និងឧទ្យានជាតិព្រះសីហនុ(រាម) ខេត្តព្រះសីហនុ។

-->
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៩ សីហាកន្លងមកថា គម្រោងស្នើសុំវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ ចំនួន៤នេះ ជាគម្រោងរបស់ក្រុមហ៊ុនឯកជន ក្នុងការអភិវឌ្ឍន៍តំបន់អេកូទេសចរណ៍ ដែលរដ្ឋាភិបាល តាមរយៈក្រសួងជំរុញឱ្យមានការភិវឌ្ឍន៍បន្ថែមទៀត ដើម្បីឱ្យមានការអភិវឌ្ឍន៍នូវមូលដ្ឋានក៏ដូចជាការផ្តល់នូវចំណូល និងមុខរបរបន្ថែមដល់ប្រជាកសិរនៅតំបន់នេះ។
លោកបន្តថា តំបន់មួយចំនួនមានសក្តានុពលអេកូទេសចរណ៍ ដូច្នេះក្រសួងជំរុញឱ្យមានការយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍន៍ ហើយសហគមន៍ក៏មានឱកាសចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធផងដែរ។
លោកនេត្រ ភក្ត្រា មិនបានបញ្ជាក់ពីឈ្មោះក្រុមហ៊ុនក្នុងស្រុក ឬក្រៅស្រុក និងមានទុនវិនិយោគក្នុងការអភិវឌ្ឍន៍គម្រោងទាំង៤នេះទេ។ តែយ៉ាងណាក៏ដោយលោកថា ក្រសួងបាននិងកំពុងពិនិត្យ ចំពោះការស្នើសុំអភិវឌ្ឍន៍លើគម្រោងទាំងនេះថា មានលក្ខណៈដែលក្រសួងតម្រូវដែរឬទេ ជាពិសេសគឺការគោរពបរិស្ថានធម្មជាតិ។
យោងតាមកិច្ចប្រជុំរបស់ក្រុមការងារក្រសួងបរិស្ថាន ដែលបានចុះពិនិត្យរួចហើយកាលចុងសប្តាហ៍កន្លងមកនេះ បានផ្តល់យោបល់លើរបាយការណ៍លទ្ធផល ដែលក្រុមការងារបានចុះសិក្សា ជាពិសេសការពិនិត្យលើសក្តានុពលទេសចរណ៍ធម្មជាតិ អភិរក្សធនធានធម្មជាតិ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ការងារគ្រប់គ្រងសំណល់រឹង-រាវ និងកំណត់នូវការប្រឈម និងផលប៉ះពាល់នានាជាមុន ដើម្បីរៀបចំរបាយការណ៍ជូនលោករដ្ឋមន្ត្រីពិនិត្យសម្រេច។
ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជាលោកធួន ស៊ីណានបានសម្តែងការស្វាគមន៍រាល់ គម្រោងអភិវឌ្ឍន៍អភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិទាំងអស់ នៅកម្ពុជា ព្រោះបានផ្តល់ផលប្រយោជន៍ច្រើនដល់ប្រជាសហគមន៍ ខណៈកម្ពុជានាពេលបច្ចុប្បន្ននេះ មិនទាន់សម្បូរតំបន់អេកូទេសចរណ៍ច្រើននៅឡើយទេ។
តែយ៉ាងណាក៏ដោយលោកស៊ីណាន បានសម្តែងការព្រួយបារម្ភខ្លះដែរ ចំពោះការអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ (Econ Tourism) នេះ ផ្តល់ផលប្រយោជន៍ដល់ក្រុមហ៊ុនដែលបានអភិវឌ្ឍន៍ និងបុគ្គលច្រើនជាងសហគមន៍រស់នៅក្នុងមូលដ្ឋានទៅវិញទេ ។
លោកថា “ការអភិវឌ្ឍន៍ឬ កែច្នៃអេកូទេសចរណ៍ ដោយឈរលើគោលការណ៍ច្បាប់វិយោគបានកាន់តែកាន់ច្រើនកាន់តែល្អ ព្រោះវាអាចការការពារបរិស្ថាន អនាម័យ និងសេវាកម្មបានកាន់តែច្រើនថែមទៀតសម្រាប់កម្ពុជា។ លោកបន្ថែថា “អ្វីដែលលោកខ្លាចតែអភិវឌ្ឍន៍យូៗ ទៅក្លាយទៅជាកន្លែងពុះដីឡូតិ៍លក់ របស់ក្រុមហ៊ុន និងបាត់បង់អស់ធនធម្មជាតិទៅវិញទេ”៕
អានបន្ត៖ អាជ្ញាធរខេត្តស្ទឹងត្រែងស្នើប្រទេសឥណ្ឌូនេស៊ីវិនិយោគវិស័យទេសចរណ៍ក្នុងមូលដ្ឋានរបស់ខ្លួន