ដោយៈ រ៉ាណេត
ភ្នំពេញៈ របាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មបានឲ្យដឹងថា នៅត្រឹមរយៈពេល៧ខែដើមឆ្នាំ២០១៩នេះ ការបង្កបង្កើនផលកសិកម្មនៅកម្ពុជា នៅតែអាចរក្សាបានភាពល្អប្រសើរ ជាមួយនឹងការសម្រេចបានលទ្ធផលនៃការនាំចេញកសិផលគ្រប់ប្រភេទទៅកាន់ទីផ្សារអន្តរជាតិបានជាង ២,៥លាន ដោយមិនទាន់គិតជាចំនួនទឹកប្រាក់នៅឡើយ។

នៅក្នុងរបាយការណ៍ដដែលបានចេញកាលពីល្ងាចថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ម្សិលមិញនេះបានបង្ហាញថា កសិកផលកដែលបាននាំចេញទាំងនោះរួមមាន អង្ករ ដំឡូងមី គ្រាប់ស្វាយចន្ទី គ្រាប់ពោត សណ្តែកសៀង ចេក ស្វាយ ម្រេច បន្លែ និងផលិតផលកសិកម្មផ្សេងទៀតសរុបចំនួន ២,៥៨៣,៨៥៦,៧៥តោន។ ដោយឡែកសម្រាប់ការនាំចេញស្រូវក្រៅផ្លូវការ ទៅកាន់ប្រទេសវៀតណាមវិញដោយផ្ទាល់ មានបរិមាណជាង ១.៥លានតោន។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទថាកាលពីរសៀលថ្ងៃទី១៩ ខែសីហាកន្លងមកថា ប្រទេសវៀតណាម គឺជាទីផ្សារធំមួយរបស់ប្រទេសកម្ពុជា ហើយក៏ជាប្រទេសដែលមានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយកម្ពុជាផងដែរ។
លោកឧកញ៉ាបានបន្តទៀតថា “សព្វថ្ងៃនេះ វៀតណាមបានចូលមកវិនិយោគលើវិស័យកសិកម្មមួយចំនួននៅកម្ពុជា ជាពិសេសដំណាំកៅស៊ូជាដើម ប៉ុន្តែភាគីខាងកម្ពុជាមិនសូវមានការវិនិយោគលើវិស័យកសិកម្មនៅប្រទេសវៀតណាមនោះទេ។ លោកឧកញ៉ាបានបន្តថា “ភាគីខាងកម្ពុជា គឺមានផលិតផលជាកសិផលសម្រាប់នាំចេញទៅកាន់ប្រទេសវៀតណាម ក៏ដូចជាប្រទេសជិតខាងផ្សេងៗទៀត ដូចជាប្រទេសថៃ ចិន កូរ៉េ សិង្ហបុរី តែវ៉ាន់ និងបណ្តាផ្សេងៗជាច្រើន។
លោកឧកញ៉ាបានបញ្ជាក់ថា ទំហំនៃការនាំចេញដូចដែលបានឃើញកាលពីពេលកន្លងទៅនេះ វានៅមិនទាន់គ្រប់ការចង់បានរបស់កម្ពុជានៅឡើយ ហើយរដ្ឋាភិបាលក៏កំពុងតែព្យាយាមជំរុញនៅក្នុងការងារមួយនេះផងដែរ៕








