ដោយ ម៉ាណេត
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកប៉ាន សូរស័ក្តិ បានស្នើឯកអគ្គរាជទូត ជប៉ុនប្រចាំនៅកម្ពុជា លោក Horinouchi Hidehisa ជួយកៀងគរវិនិយោគិនពីប្រទេសជប៉ុន មកបណ្តាក់ទុនលើការផលិតគ្រឿងបង្គុំ និងសម្ភារទោចក្រយាន ដើម្បីលើកស្ទួយឧស្សាហកម្មកម្មន្តសាល និងជំរុញការនាំចេញផលិតផលសម្រេច ទៅកាន់ទីផ្សារអន្តរជាតិ។

នៅក្នុងជំនួបពិភាក្សាជាមួយឯកអគ្គរាជទូតជប៉ុន ដែលបានចប់អាណត្តិនៅទីស្តីការក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃអង្គារទី២០ ខែសីហា ឆ្នាំ២០១៩នេះ លោកប៉ាន សូរស័ក្តិ បានជម្រាបជូនភាគីជប៉ុន អំពីកំណែទម្រង់ និងវិធានការសម្រួលពាណិជ្ជកម្ម ដែលដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងឱកាសធុរកិច្ច ដែលវិនិយោគិនជប៉ុនអាចកើបយកប្រាក់ចំណេញពីការផលិត និងនាំចេញទៅកាន់ប្រទេសទីបី។
លោករដ្ឋមន្ត្រី បានបន្ថែមទៀតថា «កម្ពុជា គឺជាប្រទេសនាំចេញកង់ធំបំផុតលំដាប់ទី២ក្នុងពិភពលោក ទៅកាន់ទីផ្សារអឺរ៉ុប ប៉ុន្តែសម្ភារៈនិងគ្រឿងបង្គុំមួយចំនួន ត្រូវនាំចូលពីប្រទេសក្នុងតំបន់ ដូច្នេះបើសិនមានក្រុមហ៊ុនផលិតកង់ដូចជា Shimano មកវិនិយោគលើឧស្សាហកម្មនេះពិតជារឿងប្រសើរបំផុត! ពីព្រោះយើងកំពុងប្រែក្លាយពីប្រទេសប្រើប្រាស់កម្លាំង ទៅជាប្រើប្រាស់ជំនាញ ដើម្បីជំរុញការធ្វើពិពិធកម្មកំណើនសេដ្ឋកិច្ច ដូចបានកំណត់ នៅក្នុងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥»។
ជាការឆ្លើយតប ឯកឧត្តម ហូរីណូអូជិ ហ៊ីដេអ៊ីហ្សា បានសម្តែងសេចក្តីសោមន្ស ចំពោះវឌ្ឍនភាពទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្រប់វិស័យរវាងកម្ពុជា-ជប៉ុន និងបានកោតសរសើរអំពីកំណែទម្រង់មុតស្រួច ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយសម្រួលការធ្វើធុរកិច្ចរបស់វិនិយោគិនជប៉ុន ជាពិសេសការនាំចូលទំនិញនៅតាមមាត់ច្រកព្រំដែន។
លោកឯកអគ្គរាជទូត ក៏បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ ចំពោះអនាគតរបស់ប្រទេសកម្ពុជា នៅក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបានសន្យាបន្តជួយគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា តាមរយៈការជំរុញវិនិយោគិនជប៉ុន ឱ្យចូលមកបណ្តាក់ទុនកាន់ច្រើនថែមទៀត ដើម្បីបង្កើតការងារជូនប្រជាជន និងចូលរួមកាត់បន្ថយភាពក្រីក្រ៕






