ដោយ Donald Lee
សឹង្ហបូរី៖ ប្រជាជនសឹង្ហបូរីមានការចាប់អារម្មណ៍ កាន់តែខ្លាំងឡើងលើប្រធានបទប្រាក់ខែដ៏ច្រើន របស់នាយករដ្ឋមន្រ្តីសឹង្ហបូរីលោកលី សៀនឡុង និងតួនាទីរបស់លោកស្របពេលសេដ្ឋកិច្ចរបស់ប្រទេសនេះកំពុងដាំក្បាលចុះ។
មេដឹកនាំសឹង្ហបូរីរូបនេះ ទទួលបានប្រាក់ខែខ្ពស់ជាងគេគឺជិត២លានដុល្លារ ក្នុងមួយឆ្នាំ បើធៀបជាមួយសមភាគីរបស់លោក នៅតាមបណ្តាប្រទេសនានាជុំវិញពិភពលោក។ បើប្រៀបធៀបប្រធានាធិបតីអាមេរិក លោក Donald Trump គឺទទួលបានប្រហែល ៤០ម៉ឺនដុល្លារក្នុងមួយឆ្នាំប៉ុណ្ណោះ។
-->
សកម្មជនសឹង្ហបូរី លោក Roy Ngerng Yi Ling បានបង្កភាពវឹកវរនៅក្នុងប្រទេសកាលពីខែមុន នៅពេលដែលលោកបានរិះគន់ លើបណ្តាញសង្គមហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ដែលជំរុញឱ្យលោកលី យល់ពីអារម្មណ៍របស់ប្រជាជនក្រីក្រ។
លោកនាយករដ្ឋមន្រ្តីសឹង្ហបុរី ក៏ធ្លាប់បានអត្ថាធិប្បាយ លើខ្សែភាពយន្ដខ្លីមួយអំពីជីវិតរបស់អ្នកក្រដែលកំពុងធ្វើការ ខណៈលោកកំពុងតែមានប្រាក់ខែដ៏ច្រើន។
លោកនាយករដ្ឋមន្រ្តីលី សៀនឡុង ធ្លាប់បានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់លោកផងដែរថា “មុនពេលដែលអ្នកវិនិច្ឆ័យមនុស្សម្នាក់ អ្នកត្រូវដើរមួយម៉ាយក្នុងស្បែកជើងរបស់ពួកគេ។ តើអ្នកអាចចំណាយពេលមួយថ្ងៃ ដើម្បីសំអាតចាននៅកន្លែងធ្វើសក់ ដើម្បីយល់ពីការងាររបស់អ្នកបោសសំអាតឬទេ?”។
សកម្មជនរូបនេះ បានឆ្លើយតបជាមួយនឹងការបង្ហោះដ៏វែងមួយ អំពីគម្លាតប្រាក់ឈ្នួលរបស់ប្រទេសសឹង្ហបូរី និងប្រាក់ឈ្នួលអប្បបរមា ដែលនឹងគ្របដណ្តប់លើការចំណាយរបស់មនុស្សដែលធ្វើការ។
លោកបានសួរថា “តើលោកនាយករដ្ឋមន្រ្តីលី ធុញទ្រាន់នឹងដើរក្នុងស្បែកជើងរបស់យើងឬ”?។
លើសពីនេះទៀត ការបង្ហោះមួយទៀតនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយ ដែលមានចំណងជើងថា “ហេតុអ្វីបានជាប្រាក់ខែរបស់នាយករដ្ឋមន្រ្តីសឹង្ហបូរីខ្ពស់ដូច្នេះ?” បានចេញផ្សាយកាលពីខែមុន។ ការចេញផ្សាយនេះ បានធ្វើការប្រៀបធៀបប្រាក់ខែរបស់លោកនាយករដ្ឋមន្រ្តី ជាមួយអ្នកដឹកនាំ និងនាយកប្រតិបត្តិពិភពលោកផ្សេងៗទៀត។
អត្ថបទនេះ បានជំរុញឱ្យភរិយារបស់លោកនាយករដ្ឋមន្រ្តីលី សៀនឡុង គឺលោកស្រី Ho Ching ឆ្លើយតបនៅលើគណនីហ្វេសប៊ុករបស់នាង និងការពារប្រាក់ចំណូលប្តីរបស់លោកស្រី។
លោកស្រីបានបញ្ជាក់ថា “មេដឹកនាំផ្សេងទៀតទទួលបានអត្ថប្រយោជន៍ ឥតគិតថ្លៃដូចជាអ្នកបម្រើ និងជាងកាត់សក់ ដែលមេដឹកនាំសឹង្ហបូរីមិនមាននោះទេ”។
លោកស្រីបានសរសេរថា “ភាគច្រើនបើមិនទាំងអស់ទេ ប្រទេសដទៃទៀត [មេដឹកនាំ] នឹងមានឥទិ្ធពលជាច្រើនទៀត ក្នុងអាណត្តិការិយាល័យដូចជា អ្នកបម្រើ និងជាងកាត់សក់ ការហោះហើរដោយឥតគិតថ្លៃ លើក្រុមហ៊ុនអាកាសចរណ៍ជាតិ សូម្បីតែថ្ងៃសម្រាកគ្រួសារជាដើម ហើយមេដឹកនាំមួយចំនួន ដូចជា មេដឹកនាំអាមេរិក ពួកគេក៏នៅតែទទួលបានសិទ្ធិខាងលើ បន្ទាប់ពីបញ្ចប់អាណត្តិរបស់ខ្លួន”។
ការស៊ើបអង្កេតអំពីប្រាក់ខែរបស់លោកនាយករដ្ឋមន្រ្តី បានកើតមានឡើង ខណៈលោកកំពុងត្រូវបានគេរិះគន់កាន់តែខ្លាំងឡើង។
រដ្ឋាភិបាលសឹង្ហបូរីបានព្យាករណ៍ ពីអត្រាកំណើនផលិតផលសរុបក្នុងស្រុករបស់ខ្លួននៅឆ្នាំនេះថា នឹងធ្លាក់ចុះតដល់ជិតសូន្យភាគរយ ហើយមានមតិឯកភាពភាគច្រើនក្នុងចំណោមអ្នកសេដ្ឋកិច្ចថា ប្រទេសតូចមួយនេះកំពុងមានវិបត្តិសេដ្ឋកិច្ចរួចទៅហើយ។
ការរិះគន់របស់លោកនាយករដ្ឋមន្រ្តី បានស្តីបន្ទោសដល់កង្វះខាតលើកំណែទម្រង់សេដ្ឋកិច្ចរបស់លោកនាយករដ្ឋមន្រ្តី ដែលជាបុព្វហេតុចម្បងនៃការធ្លាក់ចុះនៃសេដ្ឋកិច្ច ខណៈសង្គ្រាមពាណិជ្ជកម្មអាមេរិក ចិន បាននិងកំពុងរំខានដល់សង្វាក់ផ្គត់ផ្គង់សាកល និងផលិតកម្មដែលជាកម្លាំងស្នូលនៃសេដ្ឋកិច្ចរបស់សឹង្ហបូរី៕