ដោយ Donald Lee
ភ្នំពេញៈ ប្រជាជនហុងកុង កំពុងភៀសខ្លួនចេញពីទឹកដីចិនទៅតៃវ៉ាន់ ខណៈបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យ បានធ្វើឱ្យរញ្ជួយទីក្រុងហុងកុង អស់រយៈពេលជាង១១សប្តាហ៍។
យោងតាមទីភ្នាក់ងារជនអន្តោប្រវេសន៍ជាតិតៃវ៉ាន់បានឱ្យដឹងថា រដ្ឋាភិបាលតៃវ៉ាន់កំពុងពន្លឿន ការដាក់ពាក្យសុំទិដ្ឋាការបស់ប្រជាជនហុងកុងជាង២០០០នាក់ ដែលបានដាក់ពាក្យសុំនៅឆ្នាំនេះ។ ការដាក់ពាក្យសុំបានកើនឡើងជិត ១៥ភាគរយ បើប្រៀបធៀបទៅនឹងឆមាសទី១នៃឆ្នាំកន្លងទៅ ដោយសារការតវ៉ាកាន់តែមានកម្តៅខ្លាំង ក្នុងរយៈពេល ២ ខែចុងក្រោយនេះ ខណៈការតវ៉ាបានក្លាយជាអំពើហិង្សា។
-->
ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen បាននិយាយនៅក្នុងសុន្ទរកថាមួយកាលពីខែមុនថា លោកស្រីគាំទ្រក្រុមបាតុករ ដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ ហើយនឹងបើកចំហ ដើម្បីផ្តល់ការលើកលែងទោស និងការសុំសិទ្ធិជ្រកកោននៅតៃវ៉ាន់។
រដ្ឋាភិបាលចិនបានរិះគន់ប្រធានាធិបតីតៃវ៉ាន់ ពីបទពាក់ព័ន្ធនឹងខ្លួននៅក្នុងភាពវឹកវរហុងកុង បន្ទាប់ទទួលដំណឹងពីការអត្ថាធិប្បាយរបស់ប្រធានាធិបតីតៃវ៉ាន់។
លោកMa Xiaoguang អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់ បានមានប្រសាសន៍ថា “សូមឈប់ធ្វើឱ្យអន្តរាយដល់ច្បាប់ នៅក្នុងតំបន់រដ្ឋបាលពិសេសហុងកុង។ បញ្ឈប់ការជ្រៀតជ្រែកក្នុងកិច្ចការហុងកុង និងបញ្ឈប់ឧក្រិដ្ឋជនតាមមធ្យោបាយណាមួយ”។
លោកបានបន្ថែម “ពួកគេបានអះអាងជាចំហថា នឹងផ្តល់សិទ្ធិជ្រកកោនដល់ក្រុមអ្នកតវ៉ា ធ្វើឱ្យកោះតៃវ៉ាន់ក្លាយជាកន្លែងឧក្រិដ្ឋជនលាក់ខ្លួន។ តើកន្លែងណាមានសុវត្ថិភាព និងសុខុមាលភាពសម្រាប់ប្រជាជនតៃវ៉ាន់?។
រដ្ឋាភិបាលចិនប្រកាសជាផ្លូវការថា កោះតៃវ៉ាន់ជាផ្នែកមួយនៃប្រទេសចិន ដែលនឹងច្របាច់បញ្ចូលគ្នានាពេលអនាគត។ គណបក្សនយោបាយរបស់ប្រធានាធិបតី Tsai បានឡើងកាន់អំណាចក្នុងឆ្នាំ២០១៦ ក្រោមប្រធានបទថា កោះតៃវ៉ាន់ជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យដោយខ្លួនឯង មិនមែនស្ថិតនៅក្រោមគោលនយោបាយ“ចិនតែមួយ” របស់ទីក្រុងប៉េកាំងទេ។
ជិតមួយភាគបួននៃចំនួនប្រជាជនហុងកុង បានចូលរួមក្នុងការតវ៉ាចាប់តាំងពីមានសេចក្តីស្នើច្បាប់ស្តីពី ការធ្វើបត្យាប័នទៅកាន់ស្ថាប័ននីតិប្បញ្ញត្តិកាលពីជាងពីរខែមុន៕