ដោយ វុត្ថា
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអះអាងថា សភាពាណិជ្ជកម្មចិនប្រចាំកម្ពុជា កំពុងមានគម្រោងបើកសាខាសមាគមក្នុងខេត្តព្រះសីហនុ ដើម្បីដើរតួជាស្ពានសម្រាប់តភ្ជាប់សហគ្រាសចិន និងកម្ពុជាឱ្យបានកាន់តែងាយស្រួល។
លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅក្នុងជំនួបជាមួយ លោក គួច ចម្រើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៩ ម្សិលមិញនេះ បានឱ្យដឹងថា រដ្ឋាភិបាលចិន នឹងលើកទឹកចិត្តសហគ្រាសល្អៗជាច្រើនក្នុងប្រទេសចិន ឱ្យមកវិនិយោគមុខរបរក្នុងខេត្តព្រះសីហនុ បន្តគាំទ្រការអភិវឌ្ឍឧស្សាហកម្មកំពង់ផែដែលជាចំនុចសំខាន់ក្នុងតំបន់សេដ្ឋកិច្ចពិសេសនៃខេត្ត ជំរុញសេដ្ឋកិច្ចខេត្តព្រះសីហនុមានការអភិវឌ្ឍន៍កាន់តែល្អប្រសើរ។
-->
លោកឯកអគ្គរដ្ឋទូតបន្តថា “ឆ្នាំ២០១៩ ជាឆ្នាំសហប្រតិបត្តិការអនុវត្តច្បាប់ចិន និងកម្ពុជា នគរបាលទាំងពីរប្រទេសនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ដើម្បីរួមគ្នាបង្រ្កាបអាជីវកម្មល្បែងភ្នាល់តាមរយៈអ៊ិនធើណេតអនឡាញ ការឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងជនបង្កបទល្មើស។ល។ សូមថ្លែងអំណរគុណចំពោះការគាំទ្រនិងសហការពេញទំហឹងពីសាលាខេត្តព្រះសីហនុ”។
លោកឯកអគ្គរដ្ឋទូតរូបនេះបន្តថា “ភាគីចិនសូមកោតសរសើរយ៉ាងខ្ពស់ និងស្វាគមន៍ចំពោះការប្តេជ្ញាចិត្តក្នុងការបង្ក្រាបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិចតាមរយៈអ៊ិនធើណេតអនឡាញគ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយលោកយល់ថា នេះមិនត្រឹមតែរក្សាអត្ថប្រយោជន៍នៃការអភិវឌ្ឍសុខុមាលភាពទំនាក់ទំនងចិននិងកម្ពុជានោះទេ ទន្ទឹមនឹងនេះ ក៏បានផ្តល់ជាអត្ថប្រយោជន៍ជូនប្រទេសកម្ពុជា ជាពិសេសបានចូលរួមអភិវឌ្ឍសុខុមាលភាពសង្គមសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុ”។
លោក គួច ចម្រើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានឯកភាពនូវការវាយតម្លៃរបស់លោកឯកអគ្គរដ្ឋទូតដែលបានលើកឡើងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្ក្រាបអាជីវកម្មល្បែងភ្នាល់តាមរយៈអ៊ិនធើណេតអនឡាញ។
លោកបន្តថា “ការហាមឃាត់ធ្វើអាជីវកម្មល្បែងភ្នាល់តាមរយៈអ៊ិនធើណេតអនឡាញបានជួយកែលម្អសន្តិសុខក្នុងខេត្តព្រះសីហនុប្រកបដោយភាពវិជ្ជមាន បានជួយបន្សុតមជ្ឈដ្ឋាននៃការវិនិយោគក្នុងខេត្តព្រះសីហនុបានយ៉ាងល្អប្រសើរអាចទាក់ទាញមនុស្សកាន់តែច្រើនចូលមកកម្សាន្តនិងធ្វើពាណិជ្ជកម្មក្នុងខេត្តព្រះសីហនុ ដែលអាចសម្រេចបានសុខុមាលភាពសេដ្ឋកិច្ច និងបន្តរក្សាការអភិវឌ្ឍនៅក្នុងខេត្ត”។
លោកអភិបាលខេត្តបន្ថែមថា “សាលាខេត្តព្រះសីហនុនឹងបន្តចូលរួមសហការជាមួយភាគីចិនក្នុងកិច្ចការបង្រ្កាបអាជីវកម្មល្បែងភ្នាល់តាមរយៈអ៊ិនធើណេតអនឡាញល្មើសច្បាប់ ប្រែក្លាយខេត្តព្រះសីហនុជាតំបន់វិនិយោគសហគ្រាសនិងជាតំបន់ទេសចរណ៍។ ក៏សូមស្វាគមន៍សហគ្រាសចិនមកវិនិយោគក្នុងខេត្តព្រះសីហនុកាន់តែច្រើន”៕