ដោយ វុត្ថា
ភ្នំពេញៈ អនុរដ្ឋមន្ត្រីការបរទេសជប៉ុនបានសន្យាថា នឹងជំរុញឱ្យមានការវិនិយោគជប៉ុនមកកាន់កម្ពុជាបន្ថែមទៀត ខណៈរដ្ឋាភិបាលកម្ពុជាកំពុងរងចំាក្នុងការជួយផ្តល់កិច្ចសម្រួលរាល់ការវិនិយោគទាំងអស់ដល់អ្នកវិនិយោគជប៉ុននៅកម្ពុជា។

-->
លោក Norikzu Suzuki អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន នៅក្នុងជំនួបពិភាក្សាការងារអាហារថ្ងៃត្រង់ ជាមួយលោកសុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០១៩ នេះ បានលើកទឹកចិត្តឱ្យរាជរដ្ឋា ភិបាលកម្ពុជាជំរុញការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ បម្រើកិច្ចសម្រួលពាណិជ្ជកម្មតាមច្រកព្រំដែន ជាពិសេស ច្រកស្ទឹកបត់ នៃខេត្តបន្ទាយមានជ័យ សំដៅទាក់ទាញការវិនិយោគជប៉ុនបន្ថែមទៀត។
លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានឱ្យដឹងថា កម្ពុជាមានការព្យាយាម និងការតាំងចិត្តរបស់របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការផ្តល់កិច្ចសម្រួលវិនិយោគ ដល់អ្នកវិនិយោគជប៉ុននៅកម្ពុជា ក្នុងក្របខណ្ឌវិធានការកំណែទម្រង់មុតស្រួចទាំង១៧ចំណុច ដែលបានដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន នាឪកាសវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០១៩ កន្លងមក។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងពិធីបើកវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ កាលពីខែមីនាឆ្នាំ២០១៩ កន្លងមកនេះបានប្រកាសដាក់ចេញនូវការធ្វើកំណែទម្រង់ជាច្រើន ដើម្បីធានាដល់ការធ្វើពាណិជ្ជកម្មនៅកម្ពុជា ក៏ដូចជាធានាដល់ការប្រកួតប្រជែងទំនិញរបស់កម្ពុជា នៅលើទីផ្សារអន្តរជាតិ ជាពិសេសដើម្បីលើកស្ទួយសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែមានភាពរឹងមាំថែមទៀត។
សម្តេចតេជោបន្តថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ នៃរដ្ឋសភានេះ បាននិងកំពុងធ្វើការកែទម្រង់យ៉ាងមុតស្រួច និងស៊ីជម្រៅសំដៅកែលម្អនិងលើកស្ទួយភាពប្រកួតប្រជែងរបស់កម្ពុជា ជាពិសេសវិធានការសម្រួលពាណិជ្ជកម្ម និងកាត់បន្ថយថ្លៃលើការធ្វើធុរកិច្ច មានជាអាទិ៍គឺ រាជរដ្ឋាភិបាលបានលុបបំបាត់នូវវិញ្ញាបនបត្រ ប្រភពដើមទំនិញ (CO) ការកែសម្រួលមុខងារ និងមុខនាទីរបស់កាំកុងត្រូលចេញពីការត្រួតពិនិត្យទំនិញនាំចេញ-នាំចូល ការរំសាយអង្គភាពកាំសាប ការកាត់បន្ថយថ្លៃ Scan កុងតឺន័រ និងថ្លៃសេវាមួយចំនួនទៀត ពិសេសការកែលម្អសេវាអ្នកជាប់ពន្ធ ការលើកទឹកចិត្តផ្នែកសារពើពន្ធដល់សហគ្រាសធុនតូច និងមធ្យម និងវិធានការណ៍សំខាន់ៗជាលក្ខណៈប្រព័ន្ធជាច្រើនថែមទៀត។
សម្តេចតេជោបន្ថែមថា ការកែទម្រង់បែបនេះ មិនមែនដោយសារតែហេតុផលរឿង (EBA) នោះទេ ប៉ុន្តែការកែទម្រង់នេះ គឺធ្វើឡើងដើម្បីភាពរីកចម្រើនរបស់កម្ពុជាខ្លួនឯងនាពេលខាងមុខ ដែលជាភាពចាំបាច់ដើម្បីឲ្យកម្ពុជា អាចលក់ផលិតផលដោយមានភាពប្រកួតប្រជែងលើទីផ្សារអន្តរជាតិបានទូលំទូលាយ ជាពិសេសគឺ ដើម្បីពង្រឹងសេដ្ឋកិច្ចកម្ពុជាឆ្ពោះទៅជាប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។
សម្តេចតេជោថា “នៅពេលកម្ពុជាបានដាក់ចេញនូវការកែទម្រង់នេះ នឹងធ្វើអោយបរិយាកាសវិនិយោគនៅកម្ពុជា នឹងមានឱកាសរឹតតែប្រសើរឡើង ដែលនឹងផ្ដល់នូវភាពទាក់ទាញកាន់តែខ្លាំងសម្រាប់វិនិយោគិន និងធុរជនទាំងក្នុងនិងក្រៅប្រទេស”។
ពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុនបានកើនលើស១ពាន់លានដុល្លារ នៅឆមាសទីមួយនៃឆ្នាំ២០១៩ កើនឡើង១៦,៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ការនាំចេញរបស់កម្ពុជាទៅកាន់ជប៉ុន មានទំហំទឹកប្រាក់ប្រមាណ៧៩២លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០១៩កើនឡើង៣៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈការនាំចូលកម្ពុជា ពីជប៉ុនមានទំហំទឹកប្រាក់ប្រមាណ២៥៦លានដុល្លារ៕