ដោយៈ រ៉ាណេត
ភ្នំពេញៈ ក្រសួងសាធារណៈការនិងដឹកជញ្ជូនបានប្រាប់ថា រដ្ឋាភិបាលគ្រោងចំណាយប្រមាណ១៧០លានដុល្លារ ដើម្បីដំណោះស្រាយ និងបញ្ចៀសបញ្ហាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ប្រកបដោយប្រសិទ្ធភាពខ្ពស់ ហើយគម្រោងប្រមូលយកថវិកាពីបណ្តាម្ចាស់សណ្ឋាគារ អគារពាណិជ្ជកម្មនានា ផ្ទះសំណាក់ ក៏ដូចជាប្រជាពលរដ្ឋ ដែលរស់នៅ និងប្រកបអជីវកម្មនៅក្នុងក្រុងព្រះសីហនុ។
មានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានស្តីពី ការសិក្សាផែនការមេ និងសមិទ្ធលទ្ធភាពគម្រោង អភិវឌ្ឍន៍ប្រព័ន្ធទឹកកខ្វក់ នៅទីក្រុងព្រះសីហនុកាលពីព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩នេះ លោកទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកស៊ុន ចាន់ថុល បានលើកឡើងថា ជាយុទ្ធសាស្ត្រនៅក្នុងការគ្រប់គ្រងបញ្ហាទឹកកខ្វក់នៅក្នុងក្រុងព្រះសីហនុ ក្រសួងនឹងដាក់វិធានការឱ្យមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់នៅក្នុងក្រុងព្រះសីហនុ ដោយការចូលជាថវិកាជាប់ជាប្រចាំ។
-->
លោកបន្តទៀតថា “ក្រសួងសាធារណៈការ និងដឹកជញ្ជូន រួមជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងអជ្ញាធរដែនដី កំពុងតែសិក្សាពីរបៀបនៃការប្រមូលថវិកាតាមរយៈការចំណាយទៅលើការប្រើប្រាស់ទឹកស្អាត ប៉ុន្តែយើងនៅមិនទាន់កំណត់ថា ត្រូវបង់ក្នុងទំហំប៉ុន្មានឱ្យប្រាដកនៅឡើយនោះទេ”។
លោក ស៊ុន ចាន់ថុលបានបញ្ជាក់ថា ការគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ត្រូវបែងចែកជាផ្នែកផ្សេងៗជាច្រើន និងចំណាយថវិកាយ៉ាងសន្ធឹកសន្ធាប់ប្រមាណជាង១៧០លានដុល្លារ។
នៅក្នុងផែនការមេត្រូវធ្វើប្រព័ន្ធអាងចម្រោះ សម្រាប់ទឹកទំហំ៤០,០០០ម៉ែត្រគូប ដែលត្រូវចំណាយជាង៥០លានដុល្លារ។ កសាងប្រព័ន្ធលូបង្ហូរទឹកលូមេ៤៥គីឡូម៉ែត្រ ដែលត្រូវចំណាយថវិកាប្រមាណ៤០លានដុល្លារ។ សាងសង់បណ្តាញបង្ហូរទឹកតូចចេញពីលំនៅដ្ឋានប្រជាពលរដ្ឋ ដែលគ្រោងចំណាយ៨លានដុល្លារ។ ត្រូវបង្កើតប្រព័ន្ធបូមទឹកកខ្វក់បន្ថែម ដែលគ្រោងចំណាយប្រមាណ១៥លានដុល្លារ។
ដោយឡែកសម្រាប់ការគ្រប់គ្រងប្រព័ន្ធលូទឹកភ្លៀងវិញ ក៏ត្រូវមានការយកចិត្តទុកដាក់ខ្ពស់ផងដែរ ដោយត្រូវាសាងសង់បណ្តាញចំនួន២៥គីឡូម៉ែត្រ ដែលតម្រូវចំណាយថវិកាសរុបប្រមាណ២៥លានដុល្លារបន្ថែមទៀត។

អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ លោកគួច ចំរើន បានបញ្ជាក់ផងដែរថា “ពេលនេះក្រសួងជំនាញ និងពាក់ព័ន្ធកំពុងតែសិក្សាលម្អិតនៅឡើយ មិនទាន់ដាក់ចេញនូវផែនការជាក់លាក់នោះទេ”។ លោកបន្តទៀតថា “ក្រោយពេលគោលនយោបាយត្រូវបានអនុម័ត និងដាក់ចុះ អជ្ញាធរតំបន់ រួមជាមួយនឹងអ្នកដែលពាក់ព័ន្ធនៅក្នុងក្រុងព្រះសីហនុ ត្រូវតែអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ទៅតាមការកំណត់របស់សេចក្ដីណែនាំជាកំហិត”៕