ដោយៈ រ៉ាណេត
ព្រះសីហនុៈ នៅក្នុងគម្រោងនៃការគ្រប់គ្រងបញ្ហាទឹកកខ្វក់ និងទឹកជំនន់ទឹកភ្លៀង រដ្ឋាភិបាលបានគ្រោងចំណាយថវិការរហូតដល់១៧០លានដុល្លារ ដើម្បីស្ដារនិងធ្វើឱ្យក្រុងព្រះសីហនុទាំងមូលលែងជួបហានីភ័យ។

ដោយៈ រ៉ាណេត
ព្រះសីហនុៈ នៅក្នុងគម្រោងនៃការគ្រប់គ្រងបញ្ហាទឹកកខ្វក់ និងទឹកជំនន់ទឹកភ្លៀង រដ្ឋាភិបាលបានគ្រោងចំណាយថវិការរហូតដល់១៧០លានដុល្លារ ដើម្បីស្ដារនិងធ្វើឱ្យក្រុងព្រះសីហនុទាំងមូលលែងជួបហានីភ័យ។

ប៉ុន្តែអ្វីដែលកំពុងតែជាបញ្ហាចោទនៅពេលនេះ គឺការរកដំណោះស្រាយដើម្បីរំដោះយកប្រឡាយ និងអូរមួយចំនួនដែលកំពុងតែត្រូវបានប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មមួយចំនួនរំលោភយកធ្វើជាកម្មសិទ្ធិ។
នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី ដំណោះស្រាយបញ្ហាទឹកកខ្វក់ក្រុងព្រះសីហនុកាលពីពេលថ្មីៗនេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានលើកឡើងពីបញ្ហាប្រឈម និងជាផលលំបាកមួយចំនួនក្នុងការរំដោះយកប្រឡាយ និងអូរដែលជាបណ្តាញបង្ហូរទឹកកខ្វក់ ខណៈដែលមានប្រជាពលរដ្ឋ កំពុងតែអាស្រ័យជាលំនៅដ្ឋានជាច្រើនរយគ្រួសារ ខណៈដែលចំនួនប្រជាជនសរុប ដែលកំពុងតែរស់នៅក្នុងខេត្តព្រះសីហនុទាំងមូលមានប្រមាណ៣០ម៉ឺននាក់។
លោក គួច ចំរើន បានមានប្រសាសន៍ថា “យើងបានធ្វើច្រើនរួចមកហើយពាក់ព័ន្ធទៅនឹងការស្តារប្រឡាយ និងអូរមួយចំនួន ដោយការប្រើគ្រឿងចក្រជាច្រើនគ្រឿង”។ លោកបន្តទៀតថា “អ្វីដែលជាបញ្ហាលំបាកក្នុងការដោះស្រាយនោះ គឺបញ្ហារបស់ប្រជាពលរដ្ឋដែលពួកគាត់កំពុង តែរស់នៅលើតំបន់ប្រឡាយតែម្ដង”។
លោកថា ការលុបប្រឡាយគឺត្រូវបានធ្វើឡើង២របៀប គឺការលុបដោយម្ចាស់កម្មសិទ្ធិស្របច្បាប់ និងការលុបពីសំណាក់មនុស្សមួយចំនួនទាំងបំពាន ដែលយើងហៅថារំលោភបំពានច្បាប់។ ជាធម្មតា ម្ចាស់កម្មសិទ្ធិដីគឺពួកគាត់មានសិទ្ធិក្នុងការអភិវឌ្ឍ ដែលយើងជាអជ្ញាធរមិនអាចហាមគាត់បាននោះទេ ព្រោះការអភិវឌ្ឍត្រូវបានធ្វើងនៅលើដីកម្មសិទ្ធិរបស់គេតែប៉ុណ្ណោះ”។
លោកអភិបាលខេត្តព្រះសីហនុបានបន្តថា កាលពីពេលកន្លងទៅថ្មីៗនេះ គណៈកម្មាធិការឆ្នេរ ក្រសួងសាធារណៈការ និងដឹកជញ្ជូន រួមជាមួយនឹងអជ្ញាធរដែនដី បានធ្វើការចុះពិនិត្យនូវស្ថានការជាក់ស្ដែង ហើយថែមទាំងបានប្រើប្រាស់និយាមការដែលគ្រប់គ្រងដោយមន្ត្រីសូរិយោដី។ នៅតំបន់ខ្លះគឺមានការរំលោភទៅលើផ្ទៃអូរ ប្រឡាយ ដែលអជ្ញាធរបានកាត់ទុក ដូច្នេះក្រុមការងារកំពុងតែធ្វើសកម្មភាពកាប់ដី កាយ និងស្តារឡើងវិញ។

លោក គួច ចំរើន បានបញ្ជាក់ថា ការដោះស្រាយ និងស្ដារយើងត្រូវតែធ្វើ ប៉ុន្តែអ្វីដែលត្រូវពិចារណានៅចំពោះមុខ បញ្ហាប្រជាពលរដ្ឋដែលពួកគាត់បានទៅតាំងទីលំនៅដ្ឋាននៅតំបន់ទាំងនោះ ដែលយើងក៏ត្រូវតែពិនិត្យ និងដោះស្រាយដោយសន្តិវិធី ដោយត្រូវពិចារណាទាំងកម្រិតជីវភាពរបស់ពួកគាត់ផងដែរ។
លោកបានបន្តទៀតថា “យើងត្រូវតែគិតគូរទៅលើផលលំបាក ក្នុងការស្វែងរកទីតាំងជម្រករបស់ពួកគាត់ ដែលរហូតមកដល់ពេលនេះ មានរហូតដល់ជាង២០០គ្រួសារ ហើយមានតែ១១គ្រួសារតែប៉ុណ្ណោះ ដែលយល់ព្រមរុះរើ និងចាកចេញពីតំបន់ហាមឃាត់ទាំងនេះ”។

លោកគួច ចំរើនបានបញ្ជាក់ថា រដ្ឋាភិបាលបានគ្រោងចំណាយថវិការហូតដល់១៤០លានដុល្លារ ក្នុងការអនុវត្តផែនការគ្រប់គ្រងទឹកកខ្វក់ រួមជាមួយនឹងថវិការប្រមាណ២៥លានដុល្លារទៀត សម្រាប់អនុវត្តផែនការសាងសង់បណ្តាញបង្ហូរទឹកភ្លៀង ប៉ុន្តែគម្រោងទាំងអស់នេះអាចធ្វើទៅបាន ក៏ត្រូវមានការដោះស្រាយនូវទីតាំងជម្រករបស់បងប្អូនប្រជាពលរដ្ឋជាមុនដែរ៕