ក្រុមហ៊ុនកម្ពុជា ចិនចុះកិច្ចព្រមព្រៀងលើទឹកប្រាក់ ៥២៥លានដុល្លាអាមេរិក

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ក្រុមហ៊ុនចំនួន ៣៤របស់កម្ពុជា-ចិនបានចុះហត្ថលេខាលើអនុស្សារណៈ​យោគយល់គ្នា ក្នុងតម្លៃទឹកប្រាក់សរុបប្រមាណជាង ៥២៥លានដុល្លាអាមេរិក ដើម្បីបង្កើនគោលដៅធ្វើពាណិជ្ជកម្មទ្វេភាគីថ្មី ក្នុងនាំចេញផលិតផល ជាពិ​សេសផ្នែកវិស័យកសិកម្ម ពីកម្ពុជាទៅប្រទេសចិន។

ទីប្រឹក្សាពាណិជ្ជកម្ម នាយកដ្ឋានពាណិជ្ជកម្មបរទេ​ស នៃក្រសួងពាណិជកម្មប្រទេសចិនលោក សុង សៀនម៉ៅ បានថ្លែងលើកឡើង នៅក្នុងពិធីជំនួបពា​ណិ​​ជ្ជកម្ម និងការចុះអនុស្សាធារណៈយោគយល់គ្នារវាងកម្ពុជា-ចិនកាលពីម្សិលម៉ិញ​នេះថា ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងចិននិងកម្ពុជា បានរក្សាសន្ទុះយ៉ាងឆាប់រហ័ស ក្នុងនោះប្រទេសចិនបានក្លាយជាដៃគូពាណិជកម្មទី១ នៃប្រភពនាំចំណូលពីប្រទេសកម្ពុជា នៅក្នុងរយៈពេលវែងផងដែរ។

លោកបន្តថា ទំហំទឹកប្រាក់នេះគឺលើស៥០ភាគរយ នៃទំហំនាំចូលពីប្រ​ទេសកម្ពុជាទៅប្រទេសចិន ហើយនេះជាការបង្កើនទំហំការធ្វើពាណិជ្ជកម្មទ្វេរភាគីថ្មី តាមរយៈក្រុមហ៊ុនចំនួនសរុប៣៤ ដែលបានចុះកិច្ចព្រមព្រៀងសហការគ្នាដែលបានផ្តោតសំខាន់ ទៅលើការនាំចេញផលិតផល ម្រេច ឈើ ក្រូចឆ្មារ ចេក កៅស៊ូ ស្បែកចចក ស្បែកសម្ពោធ ស្ពានកាតូត ស្វាយចន្ទី ដំឡូងមី ស្ងួត ម្សៅដំឡូងមីជាដើម ។

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មឯកឧត្តម ឈួន ដារ៉ាបានមានប្រសាស​ន៍ថា កម្ពុជាជាប្រទេស កំពុងអភិវឌ្ឍន៍ ដែលធ្វើឲ្យការនាំចេញរបស់កម្ពុជាមិនជាប់របាំងបច្ចេកទេសទៅកាន់ទីផ្សារអឺរ៉ុប ជាពិសេសទៅប្រទេសចិន គឺមិនមានជាប់ពន្ធក្នុងការនាំចេញនោះឡើយ ព្រោះដោយសារកម្ពុជាមានការអនុគ្រោះលើពន្ធនាំចេញ ហើយអ្នកមកវិនិយោគទុនបរទេសមកវិនិយោគនៅកម្ពុជា គឺទទួលបានអត្ថប្រយោជន៍យ៉ាងច្រើននៅក្នុងការធ្វើអាជីវកម្មរបស់ខ្លួន៕

– ពាណិជ្ជកម្ម –








LEAVE A REPLY

Please enter your comment!
Please enter your name here