ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ នៅក្នុងគោលជំរុញដល់ការអភិវឌ្ឍកំពង់ផែទឹកជ្រៅ វិស័យនាវាចរណ៍ និងវិស័យផ្សេងៗទៀតដែលពាក់ព័ន្ធទៅនឹងគន្លឹះសំខាន់ៗក្នុងការជួយពង្រឹង និងបង្កើនកំណើនសេដ្ឋកិច្ចសង្គមជាតិ គណៈប្រតិភូនៃអង្គការជលសាស្ត្រអន្តរជាតិ IHO ((International Hydrographic Organization) បានស្នើដល់ភាគីកម្ពុជាឱ្យចូលរួមជាមួយគ្នា ដើម្បីលើកកម្ពស់លទ្ធភាពក្នុងការអនុវត្ត និងទទួលបានភាពល្អប្រសើរ។
រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក រស់ វណ្ណា បានមានប្រសាសន៍ឱ្យដឹងកាលពីដើមសប្ដាហ៍នេះថា កាលពីពេលចុងសប្ដាហ៍កន្លងទៅនេះ ក្នុងនាមមន្ត្រីតំណាងរដ្ឋាភិបាលកម្ពុជា បានទទួលជួបសម្ដែងការគួរសមដល់គណៈប្រតិភូអង្គការ IHO / UKHO តំណាងឱ្យប្រទេសជាសមាជិក ដូចជាប្រទេសជប៉ុន ប្រទេសឥណ្ឌូនេស៊ី ហុងកុង ចក្រភពអង់គ្លេស និងក្រុមហ៊ុនឯកជនជប៉ុន ដែលបានធ្វើឡើងនៅអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក នៃក្រសួងសាធារណៈការ និងដឹកជញ្ជូន។
លោក រស់ វណ្ណា បានមានប្រសាសន៍បន្តទឱ្យដឹងទៀតថា នៅក្នុងឱកាសនៃកិច្ចជំនួបខាងលើនេះ ក្រៅពីបានសំណេះសំណាលពីទិដ្ឋភាពជាក់ស្ដែង និងភាពរីកចម្រើនរបស់កម្ពុជា រួមជាមួយនឹងកិច្ចជជែកពិភាក្សាការងារមួយចំនួន គណៈប្រតិភូអង្គការ IHO បានស្នើដល់ភាគីកម្ពុជាឱ្យចូលរួមជាសមាជិក ដើម្បីជំរុញដល់ការភាពរីកចម្រើននៃសេដ្ឋកិច្ច និងសង្គមជាតិ តាមរយៈការអភិវឌ្ឍន៍កំពង់ផែទឹកជ្រៅ វិស័យនាវាចរណ៍ និងវិស័យផ្សេងៗទៀតដែលពាក់ព័ន្ធ។
ជាកិច្ចឆ្លើយតបទៅនឹងសំណើមួយនេះ លោក រស់ វណ្ណា បានស្នើសុំឱ្យអង្គការ IHO ជួយផ្ដល់ព័ត៌មានលម្អិត និងចាំបាច់សម្រាប់ការចូលជាសមាជិកដែលរួមមានដូចជា ៖ យន្តការ និងអាសយដ្ឋានសម្រាប់ទាក់ទងក្នុងការស្នើសុំចូលជាសមាជិក លក្ខខណ្ឌលម្អិតសម្រាប់ការស្នើសុំចូលជាសមាជិក វិភាគទានប្រចាំឆ្នាំ និងផលប្រយោជន៍ដែលកម្ពុជានឹងទទួលបានត្រឡប់មកវិញ។

ជាមួយគ្នានេះ លោកក៏បានមានប្រសាសន៍ផងដែរថា ពេលនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងតែពិនិត្យលើសេចក្ដីព្រាងអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីការផលិត និងចែកចាយផែនទីនាវាចរណ៍អេឡិចត្រូនិក និងរៀបចំនីតិវិធីផ្ទៃក្នុង ដើម្បីផ្ដល់សិទ្ធិសម្រាប់ហត្ថលេខី ដោយក្នុងដំណើរការនេះ នាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក និងសំណង់កំពង់ផែ នឹងធ្វើការទំនាក់ទំនងផ្លាស់ប្ដូរព័ត៌មានជាមួយការិយាល័យជលផលសាស្ត្រចក្រភពអង់គ្លេស ៕






