រដ្ឋាភិបាល​សម្រេច​ឲ្យ​ក្រុមហ៊ុន​ធំ​មួយ​អភិវឌ្ឍន៍​តំបន់​ពាណិជ្ជកម្ម​ និង​រមណីយដ្ឋាន​ទេសចរណ៍​នៅ​កោះ​រ៉ុង​សន្លឹម​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​បានសម្រេច​គាំទ្រ​លើ​គម្រោង​អភិវឌ្ឍន៍​តំបន់​ពាណិជ្ជកម្ម​ និង​រមណីយដ្ឋាន​ទេសចរណ៍​ លើ​ផ្ទៃដី​សរុប​ទំហំ ១០៦៦ហិ​កតា​ ដែល​មាន​ទីតាំង​ភូមិ​សាស្រ្ត​សង្កាត់​កោះ​រ៉ុង​សន្លឹម​ ខណ្ឌ​ព្រះសីហនុ​ ក្រុង​ព្រះសីហនុ​។

បន្ទាប់ពី​បាន​ឆ្លងកាត់​កិច្ចប្រជុំ​អន្តរក្រសួង​ ដែល​ដឹកនាំ​ដោយ​លោក​សា​បូ​ អូ​ហ្សា​ណូ​ ​រដ្ឋលេខាធិការ​នៃ​ក្រសួងបរិស្ថាន​ ជាមួយនឹង​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ក្រសួងធនធានទឹក​ ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ ក្រសួង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ មន្ត្រី​តំណាង​ CDC​ ​រួម​ជាមួយ​មន្ត្រី​អជ្ញា​ធរ​ កាលពី​ថ្ងៃទី​ ២៦​ ខែសីហា​ ម្សិលមិញ​នេះ​ បានឱ្យ​ដឹង​ថា​ គម្រោង​អភិវឌ្ឍន៍​តំបន់​ពាណិជ្ជកម្ម​ និង​រមណីយដ្ឋាន​ទេសចរណ៍​នេះ​ ត្រូវ​បានសម្រេច​គាំទ្រ​ទាំងស្រុង​។

គម្រោង​អភិវឌ្ឍ​មួយ​នេះ​ជា​របស់​ក្រុមហ៊ុន​ KOH​ RONG​ SANLOEM​ ISLAND​ RESORTS​ CO​., LTD​. ដែល​ត្រូវ​បាន​សិក្សា​ និង​វាយតម្លៃ​ដោយក្រុម​ហ៊ុន​ទីប្រឹក្សា​ អ ស៊ី​ ប៊ី​ ស៊ី​ ស៊ី​។ ជា​លទ្ធផល​ នៃ​អង្គប្រជុំ​ បានសម្រេច​ ដូច​ខាងក្រោម​ ទី១​.ជា​រួម​ អង្គប្រជុំ​មានការ​គាំទ្រ​សម្រាប់​គម្រោង​។ ទី២​. ក្រុមហ៊ុន​ត្រូវ​រក្សាទុក​ព្រៃកោងកាង​ទាំងអស់​ទៅតាម​សំណើ​របស់​រដ្ឋបាល​ជលផល​ ព្រោះ​ផ្ទៃដី​ព្រៃកោងកាង​ ហើយ​នាយកដ្ឋាន​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ ត្រូវ​ធ្វើ​លិខិត​ជូនដំណឹង​ស្ដីពី​ គម្រោង​អភិវឌ្ឍន៍​ទៅ​អគ្គនាយក​ដ្ឋាន​រដ្ឋបាល​ការពារ​ និង​អភិរក្ស​ និង​តំបន់ឆ្នេរ​ ដើម្បី​ពិនិត្យ​ និង​មាន​មតិយោបល់​ជាមុន​សិន​។

ទី៣​.ក្រុមហ៊ុន​ម្ចាស់​គម្រោង​ ត្រូវ​រង់ចាំ​ការ​ឯកភាព​ និង​អនុញ្ញាត​ទៅលើ​ប្លង់​មេ​ស្ដីពី​ការសាងសង់​ពី​ក្រសួង​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ជាមុន​សិន​ មុននឹង​ចាប់ផ្ដើម​សកម្មភាព​សាង​សង់​ផ្សេង​ៗ។ ទី៤​.ក្រុមហ៊ុន​ ត្រូវ​អនុវត្ត​ និង​គោរព​តាមច្បាប់​គ្រប់គ្រង​តំបន់​ការពារ​តំបន់ឆ្នេរ​។ ទី៥​.កិច្ច​គាំពារ​បរិស្ថាន​នៅ​តំបន់​កោះ​រ៉ុង​សន្លឹម​នេះ​ បញ្ហា​សំខាន់​គឺ​ការគ្រប់គ្រង​សំណល់រឹង​ និង​សំណល់រាវ​។

ដូចនេះ​ស្នើសុំ​ឱ្យ​នាយកដ្ឋាន​គ្រប់គ្រង​សំណល់រឹង​ ពិនិត្យមើល​ទៅលើ​បទដ្ឋាន​បច្ចេកទេស​ទុកដាក់​ និង​ដឹកជញ្ជូន​ពី​កោះ​រ៉ុង​សន្លឹម​មក​ដីគោក​។ ចំពោះ​សំណល់រាវ​ យើង​គាំទ្រ​ឱ្យ​មាន​អាង​ប្រព្រឹត្ត​កម្ម​សំណល់រាវ​ ប៉ុន្ដែ​ក្នុង​ដំណាក់កាល​ដំបូង​ដែល​អាង​ប្រព្រឹត្ត​កម្ម​ធំមិន​ទាន់​សាងសង់​រួច​ ក្រុមហ៊ុន​ត្រូវ​មាន​អាង​ប្រព្រឹត្ត​កម្ម​ខ្នាត​តូច​ ដែល​ទទួលស្គាល់​ដោយ​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះសីហនុ​។ ក្រុមហ៊ុន​មិន​ត្រូវ​បង្ហូរ​សំណល់រាវ​ចូល​សមុទ្រ​ដោយ​មិនបាន​ឆ្លងកាត់​អាង​ប្រព្រឹត្ត​កម្ម​ឡើយ​។

និង៦​. ក្រុមហ៊ុន​ម្ចាស់​គម្រោង​ ត្រូវ​គិតគូរ​អំពី​ការ​រៀប​ចំ​បណ្ណ័​ ប.ស.ស​ ជូន​បុគ្គលិក​ និង​កម្មករ​ក្នុង​គម្រោង​៕

LEAVE A REPLY

Please enter your comment!
Please enter your name here