ក្រុមហ៊ុន​ចំនួន៣​ គ្រោង​វិនិយោគ​កែច្នៃ​សំរាម​ផលិត​អគ្គិសនី​ និង​អភិវឌ្ឍន៍​កំពង់ផែ​ទូក​ទេសចរណ៍​ទំនើប​នៅ​ក្រុង​ព្រះសីហនុ​

0

ដោយ ​វុត្ថា​

ខេត្ត​ព្រះ​សី​ហនុៈ​ ក្រុមហ៊ុន​RIC​ NATURAL​ DEVELOPMEBT​ PLC​ និង​ក្រុមហ៊ុន​វិនិយោគ​បរទេស​សឹង្ហ​បុរី​ និង​ម៉ាឡេស៊ី​មានបំណង​វិនិយោគ​ លើ​គម្រោង​កែច្នៃ​សំរាម​ផលិត​ថាមពល​អគ្គិសនី​ គម្រោង​ជីវ​ឥន្ធនៈ​ និង​អភិវឌ្ឍន៍​កំពង់ផែ​ទូក​ទេសចរណ៍​ទំនើប​នៅ​ខេត្ត​ព្រះ​សហនុ​ ព្រោះ​ខេត្ត​ព្រះសីហនុ​ កំពុង​មានការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ ពិសេស​ភ្ញៀវ​ទេសចរ​ចិន​ច្រើនជាង​គេ​ ក្នុងចំណោម​ភ្ញៀវ​ទេសចរ​បរទេស​។

លោក​ DATO​ MAH​ KASENG​ ក្រុមហ៊ុន​ RIC​ NATURAL​ DEVELOPMEBT​ PLC​ ​នៅក្នុង​ជំនួប​ជាមួយ​លោក​ គួច​ ចំរើន​ អភិបាលខេត្ត​ព្រះសីហនុ​ កាលពី​ថ្ងៃទី២៦​ ខែសីហា​ ឆ្នាំ​ ២០១៩ម្សិលមិញ​បាន​បញ្ជាក់​ថា​ ក្រុមហ៊ុន​របស់​លោក​ មាន​គម្រោង​វិនិយោគ​លើ​ការកែច្នៃ​សំរាម​ ផលិត​ថាមពល​អគ្គិសនី​ ហើយ​ក្រុមហ៊ុន​កំពុង​ដាក់​ឱ្យ​ដំណើរការ​នៅ​ប្រទេស​ថៃ​ទទួល​បាន​ជោគជ័យ​ និង​កំពុង​បង្កើត​រោងចក្រ​ផលិត​អគ្គិសនី​ ចេញពី​សំរាម​នៅក្នុង​ប្រទេស​ឡាវ​។

លោក​បន្ត​ថា​ ក្រុមហ៊ុន​ចង់​មក​ធ្វើការ​កែច្នៃ​សំរាម​ ផលិត​ជា​ថាមពល​អគ្គិសនី​នៅ​ ​ខេ​ត្ដ​ព្រះសីហនុ​ ព្រោះ​ការ​វិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ​ មានសន្ទុះ​កើនឡើង​ សំរាម​ក៏​វា​មានការ​កើនឡើង​ផង​ដែរ​ ទន្ទឹម​នឹង​ការកែច្នៃ​សំរាម​ ក៏​មាន​គម្រោង​វិនិយោគ​ជីវ​ឥន្ធនៈ​នៅ​ខេត្ត​ព្រះសីហនុ​ ដោយក្រុម​ហ៊ុន​ (ម៉ាឡេស៊ី​) និង​គម្រោង​អភិវឌ្ឍន៍​កំពង់ផែ​ទូក​ទេសចរណ៍​ទំនើប​ដោយក្រុម​ហ៊ុន​ (ប្រទេស​សឹង្ហ​បុរី​)។

លោក​ គួច​ ចំរើន​ អភិបាលខេត្ត​ព្រះសីហនុ​ ស្វាគមន៍​ចំពោះ​គម្រោង​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ​ ព្រោះ​សំរាម​នា​ពេល​បច្ចុប្បន្ន​ ក្នុង​មួយថ្ងៃ​មាន​ជាង ១.០០០តោន​ ហើយ​វា​នឹងអាច​កើនឡើង​បន្ថែម​ទៀត​ ក៏ប៉ុន្តែ​ក្រុមហ៊ុន​ត្រូវ​សិក្សា​គម្រោង​ឱ្យ​បាន​ស៊ីជម្រៅ​អំពី​ទីផ្សារ​ ដើម្បី​ឈាន​ទៅ​សម្រេច​គោលដៅ​ក្នុង​ការ​វិនិយោគ​កែច្នៃ​សំរាម​ ជា​ថាមពល​អគ្គិសនី​ឱ្យ​មាន​ប្រសិទ្ធិ​ភាព​ ហើយ​មន្ត្រី​របស់​យើង​នឹង​ធ្វើការ​ពិភាក្សា​តាម​ជំនាញ​នី​មួយ​ៗ ដើម្បី​ឈាន​ទៅ​អនុវត្ត​គម្រោង​ទាំង៣ខាងលើ​។

លោក​អភិបាលខេត្ត​បាន​បញ្ជាក់​ថា​ ក្រុមហ៊ុន​ត្រូវ​សិក្សា​អំពី​សំរាម​ ដើម្បី​ផលិត​ថាមពល​អគ្គិសនី១៥០មេ​ហ្កា​វ៉ាត់​ តើ​ត្រូវ​ប្រើប្រាស់​សំរាម​ប៉ុន្មាន​តោន​ ដើម្បី​យើង​មាន​មូលដ្ឋាន​ក្នុង​ការ​ប្រមូល​សំរាម​ និង​ឈាន​ទៅ​បង្កើត​រោងចក្រ​កែច្នៃ​សំរាម​ ផលិត​ថាមពល​អគ្គិសនី​ ពិសេស​ក្រុមហ៊ុន​ មាន​ប្រភព​សេដ្ឋកិច្ច​ក្នុង​ការសាងសង់​ រោងចក្រ​កែច្នៃ​សំរាម​ ។ ដោយឡែក​ចំពោះ​ក្រុមហ៊ុន​ជីវ​ឥន្ទ​នៈ​ ត្រូវ​សិក្សា​ទីផ្សារ​ ដើម្បី​ធ្វើការ​ក្រ​កួត​ប្រជែង​ជាមួយ​ក្រុមហ៊ុន​នានា​ នៅ​កម្ពុជា​ឱ្យ​មាន​តម្លាភាព​ និង​ការ​អភិវឌ្ឍ​ផែ​ទូក​ទេសចរណ៍​ទំនើប​ បន្ត​ពិភាក្សា​ជាមួយ​មន្ត្រី​មន្ទីរ​ទេសចរណ៍​៕

LEAVE A REPLY

Please enter your comment!
Please enter your name here