ដោយ៖ ដែន ចែងចាំង
ភ្នំពេញ៖ ផ្សាររាត្រីកុងទីណ័រថ្មីមួយទៀត នឹងបើកដំណើរការនៅពេលខាងមុខនេះ ស្របពេលនិន្នាការផ្សារប្រកបដោយភាពច្នៃប្រឌិតបែបនេះ កំពុងទទួលបានជោគជ័យនៅទីក្រុងភ្នំពេញ។
ផ្សាររាត្រីថ្មីនេះ ស្ថិតនៅតាមបណ្តោយផ្លូវសុធារស (នៅខាងមុខអាគារ ROSE Condo ឬខាងត្បូងផ្សារ AEON Mall) ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ។
-->

តាមព័ត៌មានពីប្រធានផ្នែកទីផ្សារនៃផ្សារទំនើបនេះ បាននិយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះបានឲ្យដឹងនារសៀលថ្ងៃទី១៧ តុលានេះថា ផ្សាររាត្រីនេះនឹងបើកដំណើរការនៅពេលឆាប់ៗខាងមុខនេះ ហើយវានឹងជាផ្សារមានទំហំធំជាងគេនៅរាជធានីភ្នំពេញ។ ផ្សារនេះនឹងបើកដំណើរការ ២៤ម៉ោង ដោយមានលក់ទំនិញចម្រុះ មានភោជនីយដ្ឋាន ហាងលក់សម្លៀកបំពាក់ និងតន្ត្រីបែបក្លាសិក។
ការបើកផ្សារទំនើបនៅទីក្រុងភ្នំពេញ បានរីករាលដាលកាន់តែច្រើន បន្ទាប់ពីផ្សារាត្រីទីមួយ ដែលវិនិយោគដោយក្រុមហ៊ុន Jet Group បានបើកដំណើរការនិងទទួលបានជោគជ័យរួចមក។
លោកឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុ Jet Group បានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា Jet Container Night Market មានតែមួយប៉ុណ្ណោះ ហេតុនេះភាពជោគជ័យ ឬបរាជ័យរបស់អ្នកវិនិយោគស្រដៀងគ្នានេះ មិនពាក់ព័ន្ឋជាមួយក្រុមហ៊ុនរបស់លោកឡើយ។

និន្នាការនៃការធ្វើពាណិជ្ជកម្មនៅកម្ពុជា ភាគច្រើនធ្វើឡើងតាមគ្នាដែលអ្នកជំនាញបានព្រមានពីហានិភ័យ ក្នុងការធ្វើជំនួញបែបនេះ ព្រោះការធ្វើជំនួញ បែបនេះ មិនទទួលបានជោគជ័យឡើយ ប្រសិនជាអ្នកវិនិយោគគ្មានជំនាញច្បាស់លាស់ ហើយធ្វើអ្វីតាមគ្នានោះ៕