ដោយ វិសេស
ភ្នំពេញ៖ ប្រទេសកម្ពុជា-ឡាវ-វៀតណាម (CLV-DTA) បានចាប់ផ្តើមដាក់ផែនការយុទ្ធសាស្ត្រអភិវឌ្ឍទេសចរណ៍តំបន់អភិវឌ្ឍត្រីកោណសម្រាប់ឆ្នាំ ២០២០-២០២៥ សំដៅជំរុញអភិវឌ្ឍផលិតផលទេសចរណ៍ លើកកម្ពស់គុណភាពសេវាកម្ម អភិវឌ្ឍធនធានមនុស្ស ជំរុញទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍ ពង្រឹងប្រព័ន្ធសុវត្ថិភាពទេសចរ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី។

-->
លោក ជួប រតនា ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ បានឱ្យដឹងនៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០១៩ នេះថា កម្ពុជា-ឡាវ-វៀតណាម បានបើកកិច្ចប្រជុំបច្ចេកទេសកាលពីថ្ងៃម្សិលមិញនេះនៅខេត្តចំប៉ាសាក់ ប្រទេសឡាវបានយកចិត្តទុកដាក់ពិភាក្សាលម្អិតលើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រ និងកំណត់នូវយុទ្ធសាស្ត្រសំខា ក្នុងការរួមគ្នាអភិវឌ្ឍវិស័យទេសចរណ៍ក្នុងក្របខ័ណ្ឌតំបន់អភិវឌ្ឍត្រីកោណឱ្យប្រែក្លាយទៅជាតំបន់ទាក់ទាញ។
លោកបន្តថា សម្រាប់កម្ពុជារួមមានខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី និងរតនៈគីរី បានយកចិត្តទុកដាក់ដាក់បញ្ជូលសក្តានុពលរបស់ខ្លួនដើម្បីភ្ជាប់ទេសចរណ៍ឆ្លងខេត្ត និងឆ្លងប្រទេស អភិវឌ្ឍផលិតផលទេសចរណ៍ ពង្រឹងគុណភាពសេវាកម្ម សុខសុវត្ថិភាពទេសចរណ៍ អភិវឌ្ឍធនធានមនុស្ស និងជំរុញផ្សព្វផ្សាយទេសចរណ៍រួមគ្នាក្នុងតំបន់។
លោកបន្តថា ក្នុងនោះមន្ទីរទេសចរណ៍ខេត្តក្រចេះក៏បានបញ្ជូលសកម្មភាពសំខាន់ៗរបស់ខេត្តទៅក្នុងផែនការយុទ្ធសាស្ត្រខាងលើដូចជាការជំរុញសក្តានុពលសត្វផ្សោតទន្លេមេគង្គ ការពង្រឹងសហគមន៍អេកូទេសចរណ៍ ការបណ្តុះបណ្តាលធនធានមនុស្ស និងការរៀបចំអភិវឌ្ឍតំបន់ទេសចរណ៍ថ្មីៗ សំដៅអភិវឌ្ឍទេសចរណ៍ក្នុងខេត្តប្រកបដោយនិរន្តរភាព ការទទួលខុសត្រូវ និងផ្តល់អត្ថប្រយោជន៍ផ្ទាល់ដល់ប្រជាជនក្នុងខេត្ត។
លោក ធួន ស៊ីណាន ប្រធានសមាគមន PATA បានឱ្យដឹងថា ការអភិវឌ្ឍន៍តំបន់ត្រីកោណរបស់ប្រទេសទាំង ៣ ជាតំបន់ទេសចរណ៍នេះ ពិតជាល្អណាស់បំផុត ព្រោះជាតំបន់ដែលមិនសូវអ៊ូអរ បើធៀបទៅនឹងតំបន់ជាប់ព្រំដែនកម្ពុជា-ថៃមានភាពអ៊ូអរជាង ។
លោកបន្តថា “ខ្ញុំលឺគម្រោងរដ្ឋាភិបាលប្រែក្លាយតំបន់ត្រីកោណជាតំបន់ទេសចរណ៍នេះ មានយូណាស់មកហើយ តែបើពេលនេះ រដ្ឋាភិបាលធ្វើឱ្យគម្រោងនេះ កើតឡើងពិតជាល្អណាស់សម្រាប់ខ្ញុំ និងបណ្តាប្រជាជននៃប្រទេសទាំង ៣”។
លោកបន្ថែមថា តំបន់នេះ នឹងជួយជំរុញចរន្តទេសចរណ៍ក្នុងតំបន់អាស៊ាន និងទៅកាន់ពិភពលោកបានកាន់តែទូលំ ទូលាយ ក្រៅពីនេះ តំបន់ត្រីកោណនេះ មិនមែនត្រឹមតែជាគោលដៅទេសចរណ៍ប៉ុណ្ណោះទេ វានឹងជួយជំរុញលើវិស័យសេដ្ឋកិច្ចផ្សេងៗទៀត ទាំងការផ្លាស់ប្តូរនៃការដឹកជញ្ជូនទំនិញ ពាណិជ្ជកម្ម និងទំនាក់ទំនងរវាងប្រជាជននឹងប្រជានៃប្រទេសទាំងបី និងទៅកាន់បណ្តាប្រទេសទាំងដទៃទៀត។
គណៈកម្មការជំនាញរបស់រដ្ឋសភានៃប្រទេសកម្ពុជា-វៀតណាម និងឡាវ កាលពីម្សិលមិញនេះដែរបានជំរុញឲ្យមានការអភិវឌ្ឍតំបន់ត្រីកោណដើម្បីចែករំលែក និងផ្លាស់ប្តូរព័ត៌មាន បទពិសោធពីគ្នាទៅវិញទៅមក បង្កើនកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ និងជំរុញកិច្ចការសន្តិសុខ ដើម្បីដោះស្រាយបញ្ហាប្រឈមដូចជាបញ្ហាសន្តិសុខ ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស ការលាងលុយកខ្វក់ និងការកាប់បំផ្លាញព្រៃឈើខុសច្បាប់ជាដើម។
លោក ងួន ញ៉ិល ប្រធានស្តីទីរដ្ឋសភាកម្ពុជាបានថ្លែងជំរុញដល់រដ្ឋាភិបាលនៃប្រទេសទាំង ៣ ពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយក្នុងការកៀរគរធនធានដើម្បីពន្លឿនការអភិវឌ្ឍតំបន់ត្រីកោណប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ដោយមានការចូលរួមយ៉ាងសកម្មពីសំណាក់ប្រជាជន និងដោះស្រាយបញ្ហាប្រឈម និងក្តីកង្វល់នានាដែលប្រជាពលរដ្ឋនៅទីនោះបាននិងកំពុងជួបប្រទះ សំដៅអន្តរាគមន៍ និងដោះស្រាយទាន់ពេលវេលា៕