ចិន​បដិសេធ​នឹង​ការ​អះអាង​របស់​ Trump​ ថា​ខ្លួន​អំពាវនាវ​ឱ្យ​មានការ​វិលត្រឡប់​ទៅ​រក​ការចរចា​ពាណិជ្ជកម្ម​

0

ដោយ​ Donald​ lee​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​ចិន​បាន​និយាយ​ថា​ ខ្លួន​មិនបាន​អំពាវនាវ​ដល់​ប្រធានាធិបតី​អាមេរិក​លោក​ Donald​ Trump​ ឬមន្រ្តី​រដ្ឋបាល​អាមេរិក​ណា​ម្នាក់​ ឱ្យ​មានការ​វិលត្រឡប់​ទៅ​រក​ការចរចា​ពាណិជ្ជកម្ម​ ដូចដែល​លោក​ Trump​ បាន​អះអាង​នៅក្នុង​កិច្ចប្រជុំ​កំពូល​ G-7 ដែល​បាន​ធ្វើឡើង​កាលពី​ចុង​សប្តាហ៍​នោះ​ទេ​។

លោក​ Trump​ បាន​អះអាង​ថា​ អ្នកតំណាង​ពាណិជ្ជកម្ម​ចិន​ បាន​អំពាវនាវ​ដល់​មន្ត្រី​រដ្ឋបាល​អាមេរិក​ ឱ្យ​មានការ​ចាប់ផ្តើម​ការចរចា​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​ឡើងវិញ​។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ Donald​ Trump​ បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា​ “ចិន​បាន​អំពាវនាវ​ដល់​អ្នក​ដឹក​កំពូល​ពាណិជ្ជកម្ម​របស់​យើង​ កាលពីយប់មិញ​ ហើយ​បាន​និយាយ​ថា​ សូម​វិលត្រឡប់​មក​តុចរចា​វិញ​។ ដូច្នេះ​យើង​នឹង​ត្រលប់​ទៅ​តុ​វិញ​ ហើយ​ខ្ញុំ​គិតថា​ ពួកគេ​ចង់​ធ្វើអ្វី​មួយ​”។

លោក​ Trump ​បាន​បន្ថែម​ថា​ “ពួកគេ​បាន​រង​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ ប៉ុន្តែ​ពួកគេ​យល់ថា​នេះ​ជា​រឿង​ត្រឹមត្រូវ​ដែល​ត្រូវ​ធ្វើ​ ហើយ​ខ្ញុំ​មានការ​គោរព​យ៉ាង​ខ្លាំង​ ចំពោះ​ការ​ធ្វើបែប​នេះ​។ នេះ​គឺជា​ការ​វិវត្ត​វិជ្ជមាន​មួយ​សម្រាប់​ពិភពលោក​”។

ទោះ​យ៉ាងណា​ ក្រសួង​ការបរទេស​ចិន​ បាន​រុញច្រាន​ចោលការ​អះអាង​ទាំងនោះ​ ហើយ​បាន​និយាយ​ថា​ ពួកគេ​មិនបាន​ដឹង​អំពី​ការ​អំពាវនាវ​ណាមួយ​ ដែល​បាន​ធ្វើឡើង​ទៅកាន់​លោក​ប្រធានាធិបតី​អាមេរិក​ឡើយ​។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​លោក​ Geng​ Shuang​ បាន​ថ្លែង​នៅក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃបន្ទាប់​ថា​ “ខ្ញុំ​មិនបាន​ដឹង​អំពី​ស្ថានភាព​ទាក់ទង​នឹង​ការ​អំពាវនាវ​ពីរ​ ដែល​សហរដ្ឋអាមេរិក​បាន​លើកឡើង​នៅក្នុង​ចុង​សប្តាហ៍​នោះ​ទេ​”។

អ្នកនាំពាក្យ​រូប​នេះ​បាន​បន្ថែម​ថា​ “យើង​សង្ឃឹមថា​ អាមេរិក​អាច​រក្សា​ភាព​ស្ងប់ស្ងាត់​ វិលត្រឡប់​ទៅ​រក​ភាព​សម​ហេតុផល​ បញ្ឈប់​ការអនុវត្ត​ខុស​ និង​បង្កើត​លក្ខខណ្ឌ​សម្រាប់​ភាគី​ទាំងពីរ​ ដើម្បី​ធ្វើការ​ពិគ្រោះ​យោបល់​ ដោយ​ឈរ​លើ​ការគោរព​ការគោរព​សមភាព​ និង​ផលប្រយោជន៍​ទៅវិញទៅមក​”។

កាលពី​ថ្ងៃ​ សុក្រ​ ចិន​បាន​ប្រកាស​ថា​ នឹង​យកពន្ធ​លើ​ទំនិញ​នាំចូល​ពី​អាមេរិក​ដែល​មានតម្លៃ៧៥ពាន់​លាន​ដុល្លារ​ ដោយ​ដំឡើង​ពន្ធ​ពី៥​ ទៅ១០​ ភាគរយ​។ លើស​ពីនេះ​ក្រសួងហិរញ្ញវត្ថុ​ចិន​ បាន​ឲ្យដឹង​ថា​ ខ្លួន​នឹង​អនុវត្ត​ពន្ធន៍២៥ភាគរយ​លើ​រថយន្ត​ និង​គ្រឿងបន្លាស់​រថយន្ត​របស់​អាមេរិក​។

នៅពេល​បាន​ទទួល​បាន​ព័ត៌មាន​នេះ​ លោក​ Trump​ បាន​បញ្ជា​ឱ្យ​ក្រុមហ៊ុន​អាមេរិក​ដែល​មូលដ្ឋាន​នៅ​ចិន​ចាកចេញ​ចិន​ ហើយ​ត្រលប់​មក​អាមេរិក​វិញ​ ឬរក​ប្រទេស​ផ្សេង​ៗដើម្បី​ប្រើជា​មូលដ្ឋាន​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​។

លើស​ពីនេះ​ទៀត​ លោក ​Trump​ បាន​បញ្ជា​ឱ្យ​ដំឡើង​ពន្ធគយ​ពី២៥ភាគរយ​ ទៅ​ ៣០ភាគរយ​សម្រាប់​ទំនិញ​ចិន​ ដែល​មានតម្លៃ២៥០ពាន់​លាន​ដុល្លារ​ និង៥ភាគរយ​ទៀត​កើនឡើង​លើ​កញ្ចប់​ទំនិញ​ផ្សេងទៀត​ មានតម្លៃ​ចាប់ពី៣០០ពាន់​លាន​ដុល្លារ​ ជាមួយ​ការ​ជាប់ពន្ធ១៥ភាគរយ​។

របាយ​កា​រណ៍​ថ្មី​ៗនេះ​របស់​ Bloomberg​ បាន​ប៉ាន់ស្មាន​ថា​ សេដ្ឋកិច្ច​ពិភពលោក​នឹង​ខាតបង់​ទឹកប្រាក់​ជិត៥៨៥​ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ២០២១​ ដោយសារ​បញ្ហា​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​កំពុង​មាន​កំ​ដៅ​។

ការពិភាក្សា​អំពី​សុខភាព​ផ្លូវចិត្ត​របស់​លោក​ Trump​ គឺជា​ប្រធានបទ​ដ៏​ក្តៅ​គគុក​នៅ​លើ​កញ្ចក់​ទូរទស្សន៍​អាមេរិក​ ក្នុងរយៈពេល​ជាច្រើន​សប្តាហ៍​កន្លងមក​។

លោក​ Allen​ Frances​ អតីតប្រធាន​ផ្នែក​ចិត្តវិទ្យា​ នៃ​សាកល​វិទ្យាល័យ​ Duke​ University​ បាន​និយាយ​ក្នុង​បទសម្ភាសន៍​ជា​មួយ​ទួ​រទស្សន៍​ CNN​ ថា​ “ការ​ហៅ​ Trump​ ឆ្កួត​បាន​លាក់បាំង​នឹង​ការពិត​ដែល​ថា​ យើង​ក៏​ឆ្កួត​ដែល​បាន​បោះឆ្នោត​ជ្រើសរើស​លោក​ ហើយ​ថែមទាំង​ឆ្កួត​ នឹង​ការដែល​អនុញ្ញាត​ឱ្យ​គោលនយោបាយ​ឆ្កួត​របស់​លោក​ បន្ត​ទៅទៀត​”។

លោក​បាន​បន្ថែម​ថា​“ លោក​ត្រូវ​បាន​គ្រប់គ្រង​ ប៉ុន្តែ​លោក​ត្រូវ​គ្រប់គ្រង​ដោយ​វាយប្រហារ​គោលនយោបាយ​របស់​លោក​ ហើយ​មិនមែន​វាយប្រហារ​មនុស្សលោក​ទេ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here