ដោយ ដែន ចែងចាំង
ភ្នំពេញ៖ ចិនបាននិងកំពុងនាំមុខគេលើគ្រប់វិស័យនៅកម្ពុជា ពិសេសការវិនិយោគដោយផ្ទាល់ ដោយគិតត្រឹមតែរយៈពេល១០ខែ ឆ្នាំ២០១៧ចិនបានវិនិយោគទឹកប្រាក់១២៥៧កោដិដុល្លារនៅកម្ពុជា។
លោក សុង សៀនម៉ៅ ទីប្រឹក្សាពាណិជ្ជកម្ម នាយកដ្ឋានពាណិជ្ជកម្មបរទេស នៃក្រសួងពាណិជកម្មប្រទេសចិនបានថ្លែងឲ្យដឹងកាលពីម្សិលម៉ិញនេះថា បើគិតត្រឹមខែតុលាឆ្នាំ២០១៧វិញ ទំហំទុនវិនិយោគដែលបានព្រមព្រៀងគ្នា ពីចិនមកកម្ពុជា មានសរុប១២៥៧កោដិដុល្លារអាមេរិក ដែលនាំឲ្យប្រទេសចិនក្លាយជាប្រភពវិនិយោគធំជាងគេបង្អស់ របស់ប្រទេសកម្ពុជា ត្រូវប្រមាណជាង៣៦ភាគរយនៃទុនវិនិយោគពីបរទេសសរុបចូលមកកម្ពុជា។
យោងតាមតួលេខទទួលបានពីការិយាល័យពាណិជ្ជកម្ម នៃស្ថានទូតចិននៅកម្ពុជាបានឲ្យដឹងថា គិតចាប់ពីខែមករា ដល់ខែ វិច្ឆិកាឆ្នាំ២០១៧ មកនេះ ទំហំពាណិជ្ជកម្ម ទ្វេរភាគីរវាងកម្ពុជា-ចិនបានកើនឡើងដល់៥២៧០លានដុល្លាអាមេរិក កើនឡើងប្រមាណ២៣,៣ភាគរយ បើធៀបក្នុងរយៈពេលដូចគ្នាឆ្នាំ២០១៦។
រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឈួន ដារ៉ាបានអំពាវឲ្យក្រុមហ៊ុនជាច្រើន ដែលមានបំណងចង់មកបណ្តាក់ទុនបន្ថែមនោះ សូមសិក្សាលទ្ធភាពដើម្បីមកបណ្តាក់ទុនកាន់តែច្រើន ព្រោះកម្ពុជាជាប្រទេសមានសក្តានុពល ប្រកបដោយសុខសន្តិភាព និងស្ថិរភាពពេញផ្ទៃប្រទេស និងជាប្រទេសកំពុងទាក់ទាញលើផ្នែកឧស្សាហកម្មផងដែរ៕
– ពាណិជ្ជកម្ម –