ដោយ ប៊ី
ភ្នំពេញៈ ក្រុមហ៊ុន Daewoo Engineering and Construction នឹងពង្រីកវត្តមានរបស់ខ្លួននៅវៀតណាម ដោយចាប់ផ្តើមអាជីវកម្មថ្មីដោយសហការជាមួយក្រុមហ៊ុនសំណង់ដ៏ធំមួយនៅអាស៊ីអាគ្នេយ៍ CC1 ខណៈក្រុមហ៊ុននេះក៏មានផែនការពង្រីកប្រតិបត្តិការរបស់ខ្លួនមកកាន់កម្ពុជា ឡាវនិងប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយកាលពីថ្ងៃពុធ។
ក្រុមហ៊ុន Daewoo E&C និងក្រុមហ៊ុន CC1 បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនកូរ៉េ នៅទីក្រុង Euljiro ភាគកណ្តាលទីក្រុងសេអ៊ូល កាលពីថ្ងៃសុក្រក្នុងភាពជាដៃគូ នឹងផ្លាស់ប្តូរព័ត៌មានអំពីការដេញថ្លៃនៅក្នុងទីផ្សារកូរ៉េ និងវៀតណាម ហើយស្វែងរកអាជីវកម្មថ្មីជាមួយគ្នា។
-->
ក្រុមហ៊ុន CC1ជាក្រុមហ៊ុនអាជីវកម្មសំណង់ នៅវៀតណាម ក្រោមក្រសួងសំណង់ដែលមានប្រវត្តិជាង៤០ឆ្នាំ លើវិស័យវិស្វកម្ម សំណង់ ការអភិវឌ្ឍអចលនទ្រព្យ ការនាំចូលសម្ភារៈ និងថាមពលកកើតឡើងវិញ។
ក្រោមអនុស្សរណៈនេះ ក្រុមហ៊ុន Daewoo នឹងចាប់ផ្តើមចូលក្នុងវិស័យហេដ្ឋារចនាសម្ពន្ធ័អភិវឌ្ឍន៍អចលនទ្រព្យ និងការជីកយករ៉ែប្រេង និងឧស្ម័នរួមគ្នាជាមួយក្រុមហ៊ុន CC1។
កាលពីខែធ្នូឆ្នាំមុន ក្រុមហ៊ុនទាំងពីរបានព្រមព្រៀងគ្នា ដើម្បីចាប់ផ្តើមអាជីវកម្មជួលឧបករណ៍សំណង់មួយ។ ការបណ្តាក់ទុនរួមគ្នានឹងត្រូវបានបង្កើតឡើង ក្នុងរយៈពេលមួយឆ្នាំ ជាមួយនឹងផែនការពង្រីកប្រតិបត្តិការរបស់ខ្លួន ទៅកាន់ប្រទេសឡាវ កម្ពុជា និងប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត។

មន្រ្តីមួយរូបនៅក្រុមហ៊ុន Daewoo បាននិយាយថា “កិច្ចសហប្រតិបត្តិការជាមួយ CC1 គឺជាវិធានការណ៍មួយដើម្បីធានាដល់ការរីកចម្រើនថ្មី។ ក្រុមហ៊ុននឹងអភិវឌ្ឍអាជីវកម្មថ្មី ដែលនឹងបង្កើតប្រាក់ចំណេញជាមួយស្ថិរភាព ធ្វើការវិនិយោគហិរញ្ញវត្ថុ និងពង្រីកខ្សែសង្វាក់តម្លៃ”៕