ចិននឹងវិនិយោគមជ្ឈមណ្ឌលពាណិជ្ជកម្មជុំវិញព្រលានយន្តហោះថ្មីលើផ្ទៃដី៣០០០ហិកតា

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ក្រុមហ៊ុនយក្សរបស់ប្រទេសចិន បាននិងកំពុងស្វែងរកដីសប្បទានពីរដ្ឋាភិបាលទំហំ ៣០០០ហិកតា នៅជុំវិញព្រលានយន្តហោះអន្តរជាតិថ្មី ខេត្តសៀមរាប ដើម្បីសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម។

មន្រ្តីជាន់ខ្ពស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានមានប្រសាស​ន៍​ឲ្យដឹងក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះកាលពីព្រឹកថ្ងៃទី៩ មករានេះថា ក្រុមហ៊ុន YUNAN Development Group កំពុងស្វែងរកដី៣០០០ហិកតា នៅជុំវិញព្រលានយន្តហោះអន្តរជាតិថ្មី ដើម្បីសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម លំនៅដ្ឋា​ន និងសេវាកម្មជាច្រើនទៀត ដើម្បីគាំទ្រការវិនិយោគព្រលានយន្តហោះរបស់ខ្លួន​ឲ្យទទួលបានជោគជ័យ និងមានសកម្មភាពរសរវើក។

លោកបន្តថា “ការវិនិយោគព្រលានយន្តហោះ មិនអាចស្វែងរកផលចំណេ​ញបាននោះទេ ដូច្នេះទើបក្រុមហ៊ុនទាមទារឲ្យមានដីសប្បទាន ដើម្បីសាងសង់​មជ្ឈមណ្ឌលពាណិជ្ជកម្មនៅជុំវិញព្រលាននេះ”។លោកបន្តថា “ខ្ញុំមិនដឹងរដ្ឋាភិបា​លមានជំហបែបណាឡើយ ប៉ុន្តែការទូទាត់ឬការចចាទិញដីពីប្រជាពលរដ្ឋនៅតំបន់នេះអាចនឹងកើតមានឡើង”។

មន្រ្តីដដែលបានបន្តថា “ការសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម នឹងអាចចំ​ណាយប្រាក់ខ្ទង់ពាន់លានដុល្លារអាមេរិក ព្រោះជាគំរោងធំដើម្បីដំណើរការនិងគាំទ្រដល់ព្រលានយន្តហោះលំដាប់អន្តរជាតិនេះ”។

ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប នឹងត្រូវសាងសង់នៅពេលឆាប់ៗនេះលើផ្ទៃដី៧០០ហិកតា ដែលគ្រោងបោះទុនវិនិយោគសរុបចំនួន៨៨០លា​ន​ដុល្លារអាមេរិក។ ប្លង់ស្ថាបត្យកម្មព្រលានយន្តហោះនេះ នឹងចុះហត្ថលេខាទទួ​លយកជាផ្លូវការ ក្រោមអធិបីភាពសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា និងលោកលី ខឺឈាងនាយករដ្ឋមន្រ្តី នៃសាធារណៈរដ្ឋប្រជាមានិតចិនក្នុងសប្តាហ៍នេះ៕

– ពាណិជ្ជកម្ម –








LEAVE A REPLY

Please enter your comment!
Please enter your name here