ដោយៈ រ៉ាណេត
ភ្នំពេញៈ វិស័យសំខាន់ៗចំនួន៣បាន និងកំពុងបន្តសម្រេចបានកំនើនយ៉ាងរ៉ឹងមាំ ដដែលជំរុញឲ្យសេដ្ឋកិច្ចកម្ពុជារក្សាកំនើនល្អប្រសើរ ដោយយោងតាមរបាយការណ៍របស់រដ្ឋាភិបាលបានបង្ហាញថា សេដ្ឋកិច្ចនៅក្នុងឆ្នាំ២០១៩នឹងសម្រេចបានកំនើន ក្នុងរង្វង់៧,១ភាគរយ។
វិស័យចំនួន៣ ដែលកំពុងតែបង្ហាញពីសក្ដានុពល និងភាពល្អប្រសើរក្នុងការជួយជំរុញកំនើនសេដ្ឋកិច្ចជាតិកម្ពុជានៅក្នុងឆ្នាំ២០១៩ ឱ្យសម្រេចបានគោលការព្យាករណ៍រួមមានវិស័យកសិកម្ម វិស័យឧស្សាហកម្ម និងវិស័យសេវាកម្ម។
-->
របាយការណ៍របស់រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញថា វិស័យឧស្សាហកម្ម ត្រូវបានប៉ាន់ស្មានថា នឹងកើនឡើងប្រមាណ ១០,៧ភាគរយ យឺតជាងឆ្នាំ២០១៨ ដែលមានកំណើន១២,៣ភាគរយ ដោយសារការរំពឹងទុកអំពីការថមថយនៃអនុវិស័យកាត់ដេរ។ អនុវិស័យកាត់ដេរ ត្រូវបានរំពឹងថានឹងមានកំណើន៧,១ភាគរយ ធៀបនឹង ១០,៧ភាគរយ ក្នុងឆ្នាំ២០១៨ ដោយសារកំណើនយឺតនៃសេដ្ឋកិច្ចសកល ដែលបណ្តាលមកពីសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសចិន និងសហរដ្ឋអាមេរិក។
អនុវិស័យសំណង់ត្រួវបានប៉ាន់ស្មានថា នឹងនៅតែបន្តកំណើនប្រមាណ១៧,៣ភាគរយ ទោះបីជាមានការថមថយបន្តិចពី១៨ភាគរយកាលពីឆ្នាំ២០១៨ ដោយសារតែការថមថយនៃសំណង់លំនៅដ្ឋានដែលមានតម្លៃខ្ពស់ ប៉ុន្តែត្រូវបានប៉ះប៉ូវមកវិញដោយតម្រូវការខ្ពស់នៃសំណង់លំនៅដ្ឋានតម្លៃមធ្យម និងក្រោមមធ្យម ព្រមទាំងសំណង់អគារពាណិជ្ជកម្ម។
ចំពោះអនុវិស័យឧស្សាហកម្មមិនមែនកាត់ដេរ នឹងនៅតែបន្តកំណើនរឹងមាំក្នុងរង្វង់១០,៥ភាគរយ ដោយសារការកើនឡើងផលិតកម្ម សម្រាប់បម្រើដល់ការនាំចេញ និងបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុកដែលកំពុងតែមាននិន្នាការកើនឡើង។
វិស័យសេវាកម្ម ត្រូវបានរំពឹងថានឹងបន្តកំណើនល្អប្រសើរ ក្នុងអត្រា៦,៧ភាគរយ ខ្ពស់ជាងឆ្នាំ២០១៨ មានត្រឹម៦,៥ភាគរយ ដែលគាំទ្រដោយអនុវស័យសណ្ឋាគារ និងភោជនីយដ្ឋាន ការដឹកជញ្ជូន និងទំនាក់ទំនង ការលក់ដុំ-រាយ និងអចលនទ្រព្យ។ អនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន នឹងបន្តកំណើន៥,៦ភាគរយ ដោយសារតែការរំពឹងទុកអំពីការបន្តកំណើនខ្ពស់នៃទេសចរបរទេស រួមជាមួយនឹងទេសចរក្នុងស្រុក ព្រមទាំងកំណើននៃការវិនិយោគផ្ទាល់ពីបរទេសលើវិស័យមួយនេះ។
អនុវិស័យដឹកជញ្ជូន និងទំនាក់ទំនង នឹងបន្តរក្សាបានកំណើនរឹងមាំក្នុងអត្រា ៧,៨ភាគរយ ចំណែកឯអនុវិស័យអចលនទ្រព្យ ក៏នឹងបន្តរក្សាកំណើនខ្ពស់ក្នុងអត្រា៨,៨ភាគរយ។
វិស័យកសិកម្មត្រូវបានរំពឹងថា នឹងបន្តមានកំណើនយឺតក្នុងរង្វង់១,៦ភាគរយ ក្នុងនោះអនុវិស័យដំណាំត្រូវបានប៉ាន់ស្មានថា នឹងមានកំណើនប្រមាណ១,៧ភាគរយ ទាបជាងអត្រាកំណើនឆ្នាំ២០១៨បន្តិច ដោយសារតែថមថយកំណើនផលិតកម្មស្រូវ។ ទោះជាយ៉ាងណា ផលិតកម្មដំណាំរួមផ្សំឧស្សាហកម្ម និងកៅស៊ូ នឹងបន្តកំណើនល្អ ដោយសារកំណើនវិនិយោគវិស័យកសិ-ឧស្សាហកម្ម ស្រនឹងការងើបឡើងវិញនៃថ្លៃកៅស៊ូនៅលើទីផ្សារអន្តរជាតិ៕