ក្រុមហ៊ុនអាមេរិកទាមទារឲ្យបញ្ឈប់សង្គ្រាមពាណិជ្ជកម្មដែលបង្កការប៉ះពាល់ដល់អ្នកប្រើប្រាស់អាមេរិក
ដោយ Donald Lee
ភ្នំពេញៈ ក្រុមហ៊ុនអាមេរិករាប់រយបានន និងកំពុងទាមទារឱ្យប្រធានាធិបតីអាមេរិក Donald Trumpបញ្ឈប់សង្គ្រាមពាណិជ្ជកម្មជាមួយចិន ដោយលើកឡើងពីការប៉ះពាល់ដល់អ្នកប្រើប្រាស់អាមេរិក។
សម្ព័ន្ធភាពពាណិជ្ជកម្មសេរីអាមេរិក ដែលជាក្រុមមួយដែលមានក្រុមហ៊ុនអាមេរិកធំៗរាប់រយបានឲ្យដឹងថា សង្គ្រាមពាណិជ្ជកម្ម នឹងធ្វើឱ្យប៉ះពាល់ដល់ការចំណាយរបស់អ្នកប្រើប្រាស់ ក្នុងកំឡុងទិវាពេលលក់រាយដ៏សំខាន់បំផុតប្រចាំឆ្នាំក្នុងខែ ធ្នូខាងមុខនេះ។
-->
លិខិតរបស់សម្ព័ន្ធភាពពាណិជ្ជកម្មខាងលើបានសរសេរថា ”យើងកំពុងសរសេរសំណើបន្ទាន់មួយ ដែលស្នើឲ្យអ្នកពន្យារពេលរាល់ការដំឡើងអត្រាពន្ធ លើទំនិញចិនដែលគ្រោងចូលជាធរមាននៅឆ្នាំនេះ”។
លិខិតនេះបានបន្ថែមទៀតថា “អត្រាពន្ធគយទាំងនេះកើនឡើង ឯពន្ធលើទំនិញខ្លះទៀតបានចាប់ផ្តើមនៅដើមថ្ងៃអាទិត្យនេះ គឺជាពេលវេលាដ៏អាក្រក់បំផុត នៅពាក់កណ្តាលរដូវកាលដឹកជញ្ជូនទំនិញដ៏មមាញឹក។
លោក Trump បានពន្យាពេលមួយចំណែក នៃបញ្ជីទំនិញចិនដោយនិយាយថា វានឹងធ្វើឱ្យប៉ះពាល់ដល់អតិថិជនអាមេរិកយ៉ាងខ្លាំង ក្នុងរដូវទិញទំនិញថ្ងៃឈប់សម្រាក។ អ្នកវិភាគជឿជាក់ថា ការផ្លាស់ប្តូរគោលនយោបាយរបស់ប្រធានាធិបតីអាមេរិក Trump គឺផ្តើមចេញពីប្រតិកម្មសាធារណៈលោកអាចនឹងប្រឈម ប្រសិនបើអអ្នកប្រើប្រាស់ទិញទំនិញក្នុងតម្លៃខ្ពស់ នៅតាមហាងលក់រាយក្នុងរដូវដើរទិញឥវ៉ាន់ ក្នុងឱកាសវិស្សមកាលនាខែ ធ្នូ ដែលជាខែដ៏សំខាន់បំផុតសម្រាប់អ្នកលក់រាយអាមេរិក។
នៅក្នុងបញ្ជីទំនិញចិនដែលត្រូវយកពន្ធនៅខែធ្នូ ក្នុងខែធ្នូ ផលិតផលដូចជា អាយហ្វូន ទ័រទូរទស្សន៍ និងហ្គេមវីដេអូដែលផលិតផលពេញនិយមយ៉ាងខ្លាំង ក្នុងរដូវវិស្សមកាល។
លោក Trump បាននិយាយថា នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បានទាក់ទងលោក អំពីការដំឡើងពន្ធនេះដោយនិយាយថា ពន្ធថ្មីនឹងប៉ះពាល់ដល់ការលក់ទូរស័ព្ទអាយហ្វូន និងផ្តល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុនផលិតស្មាតហ្វូន របស់កូរ៉េខាងត្បូង Samsung។
លោក Trump បានដកអាយហ្វូន និងកុំព្យូទ័រយួរដៃម៉ាក Macbook ចេញពីបញ្ជីពន្ធនៅខែ កញ្ញា ដែលស្ថិតក្នុងការបង្កើនកាតព្វកិច្ចពន្ធ ប៉ុន្តែនឹងត្រូវដំឡើងពន្ធគយវិញនៅខែ ធ្នូ។
ក្រុមហ៊ុនអាមេរិក ដែលមានបណ្តាញផ្គត់ផ្គង់នៅប្រទេសចិន នឹងត្រូវប៉ះពាល់ដោយផ្ទាល់ ហើយបានពិពណ៌នាពន្ធគយនេះថាជា “ការកើនឡើងពន្ធខ្ពស់បំផុត” ដែលមិនធ្លាប់មានដល់អ្នកប្រើប្រាស់អាមេរិក។
លិខិតដែលបានសរសេរទៅកាន់លោក Trump បានឲ្យដឹងថា “ធនធានឧស្សាហកម្មរបស់យើងភាគច្រើន នៅតែមានប្រភពនៅក្នុងប្រទេសចិន។ ពន្ធគយថ្មីទាំងនេះនឹងដើរតួជាពន្ធលើក្រុមហ៊ុនផលិត និងកសិករអាមេរិកដែលថ្លៃដើមនឹងកើនឡើង”។

លិខិតនេះបានបន្ថែមទៀតថា ក្រុមហ៊ុនអាមេរិកមិនអាចផ្លាស់ប្តូរប្រតិបត្ដិការខ្សែសង្វាក់ផ្គត់ផ្គង់ពីប្រទេសចិនបានទេ ដោយសារតែការដំឡើងពន្ធគយ មិនត្រូវបានប្រកាសទុកជាមុន។
លិខិតនេះបានបន្ថែមទៀតថា “ផលប៉ះពាល់អវិជ្ជមាន នៃការដំឡើងពន្ធគយទាំងនេះនឹងសាយភាយនៅអាមេរិក និងអាចតំណាងឱ្យការកើនឡើងពន្ធដ៏ធំបំផុតមួយ នៅក្នុងប្រវត្តិសាស្ត្រអាមេរិក”៕