ក្រសួង​ពាណិជ្ជកម្ម​ចាប់ផ្ដើម​ដាក់ចេញ​យុទ្ធសាស្ត្រ​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​ឌីជីថល​

0
ក្រសួង​ពាណិជ្ជកម្ម​ចាប់ផ្ដើម​ដាក់ចេញ​យុទ្ធសាស្ត្រ​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​ឌីជីថល​
ក្រសួង​ពាណិជ្ជកម្ម​ចាប់ផ្ដើម​ដាក់ចេញ​យុទ្ធសាស្ត្រ​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​ឌីជីថល​

ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ ជា​ការសម្រួល​ និង​ជំរុញ​ដល់​ដំណើរការ​នៃ​ការ​ធ្វើអាជីវកម្ម​ និង​ពាណិជ្ជកម្ម​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ និង​លឿន​រហ័ស​ប្រកបដោយ​តម្លាភាព​ ក្រសួង​ពាណិជ្ជកម្ម​បានសម្រេច​ចាប់ផ្តើម​រៀបចំ​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។

នៅក្នុង​កិច្ចប្រជុំ​ពិនិត្យ​ និង​ផ្ដល់​សុពលភាព​លើ​ឯកសារ​ទស្សនទាន​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ នៅ​ទីស្ដីការ​ក្រសួង​ពាណិជ្ជកម្ម​ កាលពី​ថ្ងៃទី២​ ខែកញ្ញា​ ឆ្នាំ២០១៩​ ម្សិលមិញ​នេះ​ លោកស្រី​ តឹក​រ៉េ​ត កំរង​ បាន​មានប្រសាសន៍​ថា​ ការវិវឌ្ឍន៍​ដ៏​លឿន​នៃ​បច្ចេកវិទ្យា​ និ​ងន​វានុ​វត្ដ​ន៍​ឌីជីថល​ បាន​បង្កើត​ឡើង​នូវ​កាលានុវត្ត​ភាព​ ក៏ដូចជា​ការ​ប្រឈម​ជាច្រើន​ ដែល​ទាមទារ​ឱ្យ​មានការ​គិតគូរ​ច្បាស់លាស់​ លើ​ការប្រព្រឹត្ត​ទៅ​នៃ​ការងារ​នានា​ ដែល​ពឹងផ្អែក​បច្ចេកវិទ្យា​ជា​មធ្យោបាយ​។

លោកស្រី​បាន​បន្ត​ទៀត​ថា​ “ការងារ​ទាំងនេះ​ ត្រូវ​បាន​រំលេច​យ៉ាង​ច្បាស់លាស់​ ប្រកបដោយ​ចក្ខុវិស័យ​វែងឆ្ងាយ​ នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤​ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី៦​ ត្រង់​មុំ​ទី៣​ ដែល​តម្រូវ​ឱ្យ​មានការ​ពិនិត្យ​ និង​ត្រៀមខ្លួន​សម្រាប់​សេដ្ឋកិច្ច​ឌីជីថល​ និង​ឆ្លើយតប​នឹង​បដិវត្តន៍​ឧស្សាហកម្ម​ទី៤​”។

ជា​កិច្ច​ឆ្លើយតប​ និង​ចូលរួម​វិភាគទាន​ទៅលើ​ការសម្រេច​បាន​នូវ​គោលដៅ​អាទិភាព​ទាំងនោះ​ ក្រសួង​ពាណិជ្ជកម្ម​បានសម្រេច​ចិត្ត​ធ្វើការ​រៀបចំ​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ ដើម្បី​ជា​ផែនទី​បង្ហាញផ្លូវ​មួយ​ច្បាស់លាស់​ដល់​ការ​អភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​កម្ពុជា​។

ការរៀបចំ​យុទ្ធសាស្ត្រ​នេះ​ដែរ​ ក៏​ជា​តម្រូវការ​ដ៏​សំខាន់​ និង​ឆ្លើយតបទៅនឹង​អនុសាសន៍​មួយចំនួន​ទៀត​ នៅក្នុង​ឯកសារ​ និង​យុទ្ធ​សា​ស្ត្រផ្សេង​ៗ ដូចជា​ ឯកសារ​ Cambodia​ eTrade​ Readiness​ Assessment​ ដែល​បាន​រៀបចំឡើង​ដោយ​អង្គការ​ UNCTAD​ នៅ​ឆ្នាំ២០១៧​ និង​ថ្មី​ៗនេះ​ នៅក្នុង​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា​ ២០១៩​-២០២៣​ ជាពិសេស​ជំពូក​ទី១១​ ស្ដីពី​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ និង​ជំពូក​ទី១២​ ស្ដីពី​សេដ្ឋកិច្ច​ឌីជីថល​ និង​បដិវត្តន៍​ឧស្សាហកម្ម​ទី៤​។

លើស​ពីនោះ​ទៀត​ យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ ក៏​ឆ្លើយតបទៅនឹង​តម្រូវការ​របស់​វិស័យ​ឯកជន​ ដែល​ត្រូវការ​ឯកសារ​មួយ​សម្រាប់​បញ្ជាក់​ជូន​អំពី​ចក្ខុវិស័យ​ និង​គោលនយោបាយ​របស់​រដ្ឋាភិបាល​ ក្នុង​ការ​អភិវឌ្ឍ​វិស័យ​នេះ​ ដែល​វិស័យ​ឯកជន​ជាច​លក​រមួយ​យ៉ាង​សំខាន់​ សំដៅ​ជំរុញ​ដល់​ការប្រព្រឹត្ត​ទៅ​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​តាមរយៈ​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​។

ជាមួយគ្នា​នេះ​ លោកស្រី​ តឹក​រ៉េ​ត កំរង​ បាន​បញ្ជាក់​ថា​ ការរៀបចំ​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​វេលា​នេះ​ ជា​ការ​មួយ​ដ៏​ត្រឹមត្រូវ​ គាប់​ជួនជា​មួយ​នឹង​ការ​ជិត​សម្រេច​បាន​នូវ​ច្បាប់​ស្ដីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ ហើយ​សេចក្ដីព្រាង​ច្បាប់​ស្ដីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ បាន​ឆ្លងផុត​កិច្ចប្រជុំ​ជាមួយ​គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា​រួចហើយ​ នឹង​ត្រូវ​បញ្ជូន​បន្ត​ដើម្បី​ស្នើសុំ​ការ​អនុម័ត​ដោយ​រដ្ឋសភា​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខនេះ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here