ដោយ ម៉ាណេត
ភ្នំពេញ៖ លោក មហាធៀ មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្ត្រីម៉ាឡេស៊ីចង់ឲ្យមានតុល្យភាពពាណិជ្ជកម្មរវាងម៉ាឡេស៊ី និងកម្ពុជាដោយនឹងបង្កើនការនាំចូលពីកម្ពុជា ហើយនឹងកាត់បន្ថយឱនភាពពាណិជ្ជកម្មដែលកម្ពុជាកំពុងជួបប្រទះ។
លោកមហាធៀ បានថ្លែងនៅវិមានសន្តិភាព រាជធានីភ្នំពេញ ព្រឹកថ្ងៃអង្គារទី៣ ខែកញ្ញាឆ្នាំ២០១៩ថា ទំហំពាណិជ្ជកម្មនាពេលនេះមិនទាន់មានតុល្យភាពនឹងគ្នាទេ រវាងប្រទេសទាំងពីរ គឺម៉ាឡេស៊ីមានប្រៀបជាងកម្ពុជា។
-->
លោកបានថ្លែងថា “យើងមានអតិរេកពាណិជ្ជកម្ម បើធៀបនឹងកម្ពុជា ប៉ុន្តែនៅក្នុងន័យនេះពេលប្រឡប់ទៅម៉ាឡេស៊ីវិញ ខ្ញុំនឹងប្រាប់ឲ្យប្រជាជនយើងថាតើអី្វយើងអាចទិញពីកម្ពុជាបានបន្ថែមទៀត”។
លោកបានបន្តថា “ជាការពិតណាស់ប្រហែលជាអាចទិញអង្ករពីកម្ពុជា ហើយកម្ពុជាមានផ្លែឈើល្អ និងផលិតផ្សេងៗទៀត។ នៅពេលដែលយើងអាចកំណត់បាន យើងអាចនឹងបង្កើនការនាំចូលពីកម្ពុជា ហើយនឹងកាត់បន្ថយឱនភាពពាណិជ្ជកម្ម ដែលកម្ពុជាកំពុងជួបប្រទះ”។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានមានប្រសាសន៍ថា បច្ចុប្បន្នទំនាក់ទំនងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរមានលក្ខណៈល្អប្រសើរ និងមានអវត្តមានធុរកិច្ចម៉ាឡេស៊ីនៅកម្ពុជា។
សម្តេចតេជោមានប្រសាសន៍ថា “ដើម្បីបង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគកម្ពុជា និងម៉ាឡេស៊ី ខ្ញុំ និងឯកឧត្តមមហាធៀ បានឯកភាពឲ្យស្ថាប័នពាក់ព័ន្ធទាំងពីររិះរកពិធីពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យនេះបន្ថែមទៀត”។
នៅវិមានសន្តិភាពនៅថ្ងៃនេះដែរ សម្តេចតេជោ ហ៊ុន សែន និង លោក មហាធៀ មហាម៉ាត់ (Mahathir Mohamad) បានអញ្ជើញជាអធិបតីភាពរួមគ្នា ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមចំនួន២របស់កម្ពុជា-ម៉ាឡេស៊ី។
កិច្ចព្រមព្រៀងទាំងពីរនេះ រួមមានកិច្ចព្រមព្រៀងស្ដីពីការលុបបំបាត់យកពន្ធត្រួតស៊ីគ្នា លើកលែងពន្ធលើប្រាក់ចំណូល និង ការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ ចុះហត្ថលេខា ដោយលោក អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកសៃហ្វូឌីន អាប់ឌុលឡា រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី និងអនុស្សារណៈស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ចុះហត្ថលេខាដោយ លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងលោកសៃហ្វូឌីន អាប់ឌុលឡា រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី។
ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា លោក Eldeen Husaini Mohd Hashim បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងនេះ ក៏ត្រូវបានគេសង្ឃឹមថា នឹងជំរុញការវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ។
លោកបានបន្តថា “យើងរង់ចាំអស់រយៈពេលជាយូរមកហើយ សម្រាប់កិច្ចព្រមព្រៀងនេះ។ កម្ពុជាជាប្រទេសសមាជិកអាស៊ានចុងក្រោយ ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីការលុបបំបាត់យកពន្ធត្រួតស៊ីគ្នា ជាមួយប្រទេសម៉ាឡេស៊ី”។
លោកបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ីថា “ការដាក់ពន្ធទ្វេរដងបានរារាំងវិនិយោគិនម៉ាឡេស៊ីមិនឲ្យមកកម្ពុជា។ ជាមួយកិច្ចព្រមព្រៀងស្ដីពីការលុបបំបាត់យកពន្ធត្រួតស៊ីគ្នាជាមួយប្រទេសម៉ាឡេស៊ី ក្រុមហ៊ុនម៉ាឡេស៊ីកាន់តែច្រើន អាចស្វែងយល់ពីឱកាសធុរកិច្ច និងវិនិយោគនៅទីនេះ”។
ទំហំពាណិជ្ជកម្មម៉ាឡេស៊ី និងកម្ពុជាកាលពីឆ្នាំមុនមានចំនួន ៥៥៨ លានដុល្លារអាមេរិក ខណៈដែលក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំនេះ តម្លៃបានកើនឡើងដល់៤២២,៦ លានដុល្លារអាមេរិកកើនឡើង៣៩,២ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕