រដ្ឋាភិបាលកំពុងចងក្រងអត្តសញ្ញាណផលិតផលសក្ដានុពលក្នុងខេត្តរតនគិរី សម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ

0

ដោយវុត្ថា

ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួងពាណិជ្ជកម្ម បាននឹងកំពុងប្រមូលផ្តុំអត្តសញ្ញា​ណផលិតផលសក្ដានុពល ក្នុងខេត្តរតនគិរីជាច្រើនប្រភេទ សម្រាប់ធ្វើការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

អគ្គនាយករងនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មលោកអួង សុខនបានមានប្រសា​សន៍ឱ្យដឹងរៀបចំសិក្ខាសាលាស្ដីពី ការផ្សព្វផ្សាយ និងការបញ្ជូនផលិតផលសក្ដានុពលកម្ពុជាទៅទីផ្សារអន្តរជាតិ ក្នុងខេត្តរតនគិរីនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩នេះថា ដើម្បីជួយដល់ផលិតករ ពាណិជ្ជករ សេវាករ មានលទ្ធភាពអាចប្រកួតប្រជែងលើទីផ្សារក្នុងប្រទេស និងក្រៅប្រទេស ក្រសួងនឹងធ្វើការផ្សព្វផ្សាយប្រមូលផ្ដុំចងក្រងអត្តសញ្ញាណផលិតផលសក្ដានុពលក្នុងខេត្តរតនគិរីដែលមាន ដំឡូងមី គ្រាប់ធញ្ញជាតិ សណ្តែកបាយសណ្តែកសៀង ល្ង កៅស៊ូ ជាដើមធ្វើយ៉ាងណាជំរុញផលិតផលទាំងនេះ ឲ្យក្លាយជាផលិតផលមានម៉ាកយីហោ (Brand) ច្បាស់លាស់សម្រាប់ការនាំចេញ ទៅទីផ្សារអន្តរជាតិ។

លោកបន្ថែមថា “ដើម្បីឲ្យមានការនាំចេញមានភាពរលូនក្រសួងពាណិជ្ជកម្ម សូមស្នើដល់ផលិតករ អាជីវករ ម្ចាស់សហគ្រាសកម្ពុជា និងបរទេសក្នុងខេត្តទាំងមូល មេត្តាខិតខំកែច្នៃ ផលិតនូវផលិតផលរបស់ខ្លួន ឲ្យត្រូវតាមបច្ចេកទេស មានគុណភាព អនាម័យ ស្តង់ដារ និងដាក់លេខបារកូដកម្ពុជា”។ លោកបន្តថា “ក្រសួងសូមសំណូមពរដល់អ្នកប្រើប្រាស់គ្រប់ស្រទាប់វណ្ណៈ ងាកមកប្រើប្រាស់ផលិតផលខ្មែរឲ្យបានគ្រប់ៗគ្នា ដោយការប្រើប្រាស់ផលិតផលខ្មែរនេះ ពិតជាផ្តល់ទំនុកចិត្តដល់ប្រជាជនកម្ពុជា និងអ្នកទេសចរណ៍ បរទេសផងដែរ”។

លោកបន្តថា ចាប់ពីឆ្នាំ២០១៤-២០១៩នេះ ក្រសួងបានរៀបចំយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មគ្រប់ជ្រុងជ្រោយ ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច ជំរុញការនាំចេញទំនិញ និងសេវាកម្មសក្ដានុពលសំខាន់ៗចំនួន១០ប្រភេទ រួមមាន ៖ ផលិតផលសម្លៀកបំពាក់កាត់ដេរ ស្បែកជើងផលិតតំឡើងក្នុងតំបន់សេដ្ឋកិច្ចពិសេស (ខ្សែភ្លើង គ្រឿងបង្គំរថយន្ត…)។

លោកបញ្ជាក់ទៀតថា ផលិតផលម្ហូបអាហារកែច្នៃ ផលិតផលជលផលអង្ករ ដំឡូងមី កៅស៊ូ ទេសចរណ៍ និងផលិតផលកែច្នៃពីសូត្រ ក្រៅពីនេះមានស្វាយចន្ទី គ្រឿងសង្ហារិមធ្វើពីឈើ ម្រេច ស្ករ សណ្ដែកសៀង ពោត។ល។ និងផលិតផលកម្ពុជាផ្សេងៗទៀតទៅទីផ្សារអន្តរជាតិ។ ហើយថ្មីៗនេះសោត រាជរដ្ឋាភិបាល ក៏បានដាក់បន្តនូវយុទ្ធសាសន៍នេះបន្តទៀតគឺពីឆ្នាំ២០១៩ ដល់២០២៣ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here