ដោយ វុត្ថា
ភ្នំពេញៈ ខេត្តបាត់ដំបងគឺជាខេត្តមួយរបស់កម្ពុជា ដែលមានសក្តានុពលវិយោគខ្ពស់លើគ្រប់វិស័យ មានទាំងមជ្ឈមណ្ឌលពាណិជ្ជកម្ម ទីផ្សារលក់រាយ និងបោះដុំ (ទំនិញក្នុងតំបន់ ឬនាំចូល) សម្រាប់ចែកចាយបន្ត និងមានប្រជាពលរដ្ឋច្រើន។
យោងតាមការចុះផ្សាយរបស់គេហទំព័រ រដ្ឋបាលខេត្តបាត់ដំបង បានឱ្យដឹងកាលពីកន្លងមកនេះថា ក្រៅពីនេះតម្រូវការឥណទានក៏មានច្រើន សម្រាប់ជួយគាំទ្រដល់អ្នកផលិត និងពាណិជ្ជករនាំចេញជួយជំរុញឱ្យមានផលិតផល និងការកែច្នៃកសិផលឱ្យមានកំណើនឡើងបញ្ចុះអត្រាការប្រាក់ទាប ជួយលើកទឹកចិត្ដដល់អ្នកផលិតនាំចេញ។
-->
សម្រាប់ឱកាសនៃការធ្វើវិនិយោគ នៅខេត្តដំណាំកសិកម្មនិងកសិ-ឧស្សាហកម្ម ការចិញ្ចឹមសត្វ និងកសិដ្ឋាន ទេសចរណ៍ ធនធានធម្មជាតិ រ៉ែ ថ្មអា ដីក្រហម បង្កើតរោងចក្រ និងបង្កើនការផលិតទំនិញ សម្រាប់នាំចេញមានមជ្ឈមណ្ឌលពាណិជ្ជកម្ម(ទីផ្សារលក់រាយនិងបោះដុំ) មានតម្រូវការឥណទាន (សម្រាប់ជួយគាំទ្រដល់អ្នកផលិត និងពាណិជ្ជករនាំចេញ) ជាខេត្តមានផ្ទៃក្រឡាធំ មានកំលាំងពលកម្មគ្រប់គ្រាន់ អាជ្ញាធរមានទំនាក់ទំនងល្អ ជួយសម្របសម្រួល ជំរុញ និងកិច្ចសហប្រតិបត្តិការណ៍ល្អ។
អំពីទិដ្ឋភាពច្បាប់ស្ដីពីវិនិយោគរួមមាន នីតិវិធីចុះបញ្ជីគម្រោងវិនិយោគ ដែលអ្នកវិនិយោគ អាចដាក់ពាក្យសុំវិនិយោគនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬនៅអនុគណៈកម្មាធិការវិនិយោគខេត្ត។ ក្នុងរយៈពេល៣ថ្ងៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬអនុគណៈកម្មាធិការវិនិយោគខេត្ដ ត្រូវចេញវិញ្ញាបនប័ត្រចុះបញ្ជីមានលក្ខខណ្ឌឬបដិសេធ។
ក្នុងរយៈពេល២៨ថ្ងៃ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬអនុគណៈកម្មាធិការវិនិយោគខេត្ដ ត្រូវចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ។ ក្នុងនោះការធានាលើការវិនិយោគ គឺមិនរើសអើងចំពោះអ្នកវិនិយោគក្នុងស្រុក ឬបរទេស(លើកលែងតែដីធ្លី) មិនធ្វើជាតូបនីយកម្មដែលនាំឱ្យប៉ះពាល់ដល់ទ្រព្យសម្បត្ដិរបស់វិនិយោគិន មិនត្រួតពិនិត្យថ្លៃផលិតផលឬថ្លៃសេវានានា គឺទុកឱ្យកំណត់ថ្លៃតាមទីផ្សារសេរី អ្នកវិនិយោគមានសិទ្ឋិទិញរូបីយបណ្ណ័បរទេស ដើម្បីបង្វិលទៅបរទេសដើមវិញ។
រីឯបណ្ដាវិស័យត្រូវបានលើកទឹកចិត្តឱ្យវិនិយោគ មានឧស្សាហកម្មនាំមុខឬឧស្សាហកម្ម ដែលមានបច្ចេកវិទ្យាខ្ពស់ ការបង្កើតការងារ ការបង្កើនការនាំចេញ ឧស្សាហកម្មទេសចរណ៍ ការផលិតទំនិញកសិ-ឧស្សាហកម្ម និងឧស្សាហកម្មកែច្នៃ ការកសាងហេដ្ឋារចនាសម្ព័ន្ឋរូបវ័ន្ដ និងការផលិតថាមពល ការការពារបរិស្ថាន ការវិនិយោគក្នុងតំបន់អភិវឌ្ឍន៍ ពិសេសដែលត្រូវបង្កើតឡើងដោយច្បាប់។
ការលើកទឹកចិត្ដ ការលើកលែងពន្ឋគយ ឬពន្ឋអាករ១០០%ក្នុងការនាំចូល(សម្ភារៈសំណង់) ការលើកលែងពន្ឋគយ១០០% ក្នុងការនាំចេញផលិតផលទៅក្រៅប្រទេស រយៈពេលលើកលែងពន្ឋលើប្រាក់ចំណេញ៩ឆ្នាំ (ពន្ឋលើប្រាក់ចំណេញ២០%) អនុញ្ញាតឱ្យផ្ទេរប្រាក់ចំណេញដោយសេរី(ពន្ធកាត់ទុក១៤%) ការប្រើប្រាស់ប្រាក់ចំណេញលើមុខសញ្ញាវិនិយោគ(រំលោះពិសេស៤០%)។
រីឯកម្មសិទ្ឋិ និងប្រើប្រាស់ដីធ្លីវិញ (ផ្អែកលើច្បាប់ភូមិបាល) ការកាន់កាប់ជាកម្មសិទ្ឋិដីធ្លី មានតែចំពោះរូបវន្ដ័បុគ្គល ឬនីតិបុគ្គលសញ្ជាតិខ្មែរ។ អ្នកវិនិយោគអាចប្រើប្រាស់ដីធ្លីតាមរយៈការជួលត្រឹម៤៥ឆ្នាំ (សម្បទានដី)។ អនុគណៈកម្មាធិការវិនិយោគខេត្ត មានសិទ្ឋិសម្រេចលើការចុះបញ្ជី គម្រោងវិនិយោគក្នុងក្របខណ្ឌខេត្ដ ដែលមានទុនវិនិយោគទាបជាង២លានដុល្លារ។
សម្រាប់ផែនការអភិវឌ្ឍន៍ខេត្តនាពេលខាងមុខ គឺលើកស្ទួយវិស័យកសិកម្ម ប្រព័ន្ធស្រោចស្រព២/១ឆ្នាំ បង្កើនទិន្នផល និងមានគុណភាពខ្ពស់ ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងឧស្សាហកម្មកែច្នៃ ផលិតផលកសិកម្ម និងការជីកយករ៉ែ អភិបាលកិច្ចល្អ ច្រកតាមព្រំដែនមានទំនាក់ទំនងល្អ និងអភិវឌ្ឍធនធានមនុស្សជំរុញ លើកស្ទួយលើការវិនិយោគ និងវិស័យទេសចរណ៍ អភិរក្សតំបន់វប្បធម៌ និងការការពារធនធានធម្មជាតិ៕