ដោយ វុត្ថា
ភ្នំពេញ៖ រដ្ឋាភិបាលតាមរយៈក្រសួងសាធារណៈការ និងដឹកជញ្ជូន សហការជាធនគារអភិវឌ្ឍន៍អាស៊ី (ADB) បោះទុនវិនិយោគសរុបប្រមាណជា ២០៧លានដុល្លារលើ គម្រោងវិនិយោគទីក្រុងគួរឲ្យចង់រស់នៅ (Livable City Investment Project) នៅក្នុងខេត្តកំពត។
យោងតាមការផ្សាព្វផ្សាយលើគេហទំព័រដ្ឋាបាលខេត្តកំពតកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ ២០១៩ កន្លងមកនេះ បានឱ្យដឹងការបង្ហាញនូវគម្រោងវិនិយោគទីក្រុងគួរឲ្យចង់រស់នៅ (Livable City Investment Project) រៀបចំដោយក្រសួងសាធារណៈការនិងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្រោមកម្ចីថវិការបស់ ADB និងទុនបដិភាគរបស់រាជរដ្ឋាភិបាលសរុបប្រមាណជា ២០៧លានដុល្លារសម្រាប់ទីក្រុងចំនួន០៤ ។
-->
គម្រោងថ្មីនឹងបំពេញបន្ថែមនូវរាល់ហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់រួមមាន ការរៀបចំប្រព័ន្ធលូដោះទឹកជំនន់ទឹកភ្លៀងចេញពីក្រុងកំពត ការរៀបចំប្រព័ន្ធគ្រប់គ្រងទឹកស្អុយក្នុងក្រុងកំពត ការគ្រប់គ្រងកាកសំណល់រឹង និងការរៀបចំទីលានចាក់សំរាម និងការគ្រប់គ្រងប្រព័ន្ធទឹកស្អាត ។
ដោយឡែកសម្រាប់ការរៀបចំគម្រោង GMSII (ADB) ដែលបានសិក្សាសមិទ្ធិផលរួចរាល់ នឹងអនុម័តនៅសប្តាហ៍ក្រោយ និងចាប់ផ្តើមអនុវត្តនៅខែក្រោយមានទំហំទឹកប្រាក់ចំនួនប្រមាណជាង ១៤លានដុល្លារ រួមមានគម្រោង រៀបចំប្រព័ន្ធលូដោះទឹកជំនន់ទឹកភ្លៀងចេញពីក្រុងកំពត រៀបចំប្រព័ន្ធគ្រប់គ្រងទឹកស្អុយក្នុងក្រុងកំពត និងការគ្រប់គ្រងកាកសំណល់រឹង និងការរៀបចំទីលានចាក់សំរាម ។

លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត នៅក្នុងពិភាក្សាការងារជាមួយប្រតិភូ ADB មន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូន និងមន្រី្តក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីសិក្សាស្វែងយល់អំពីតម្រូវការហេដ្ឋារចនាសម្ព័ន្ពអភិវឌ្ឍក្រុង នៃគម្រោងវិនិយោគក្រុង ប្រកបដោយសុខដុមនីយកម្ម ម្សិលមិញនេះ បានសំណូមពរដល់ប្រតិភូជួយពន្លឿនការរៀបចំគម្រោងនេះឲ្យបានឆាប់រហ័ស ព្រោះវាជាតម្រូវការសំខាន់របស់ប្រជាពលរដ្ឋនៅក្នុងក្រុងកំពត ឯកឧត្តមក៏បានណែនាំមន្ត្រីពាក់ព័ន្ធទាំងអស់សហការជាមួយនឹងក្រុមការងារសិក្សាគម្រោងនេះ ដូចជាការផ្តល់នូវទិន្នន័យពាក់ព័ន្ធផ្សេងៗ ការសិក្សាផលប៉ះពាល់ ក៏ដូចសម្របសម្រួលដំណើរទាំងស្រុងនៃការសិក្សាគម្រោងនេះដើម្បីទទួលបានជោគជ័យ ៕