ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ គម្រោងអាជីវកម្មថ្មអារ (ក្រានីត) ថ្មីមួយទៀតរបស់ក្រុមហ៊ុន TAY NAM GRANITE (CAMBODIA) Co,.Ltd ដែលមានទីតាំងស្ថិតនៅក្នុស្រុកស្នួល ខេត្តក្រចេះ នៅលើផ្ទៃដីទំហំ ៤៨ហិកតា ត្រូវបានរដ្ឋាភិបាលសម្រេចគាំទ្រ និងអនុម័តឱ្យធ្វើអាជីវកម្ម ប៉ុន្តែស្ថិតនៅក្រោមលក្ខខណ្ឌនៃការគ្រប់គ្រងដោយច្បាប់។
តបទៅនឹងសំណើររបស់ក្រុមហ៊ុន TAY NAM GRANITE (CAMBODIA) CO., LTD នៅត្រឹមថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ម្សិលមិញនេះ នៅទីស្តីការក្រសួងបរិស្ថាន លោក រ័ត្ន វីរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្ដីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (ESIA) សម្រាប់គម្រោងអាជីវកម្មថ្មអារ (ក្រានីត) របស់ក្រុមហ៊ុន TAY NAM GRANITE (CAMBODIA) CO., Ltd។
-->
គម្រោងអាជីវកម្មមួយនេះស្ថិតនៅលើផ្ទៃដីទំហំ ៤៨ ហិកតា មានទីតាំងស្ថិតនៅតំបន់ស្វាយជ្រះ ក្នុងភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ដែលរៀបចំរបាយការណ៍ ESIA ដោយក្រុមហ៊ុនទីប្រឹក្សា ENVIROTECH SERVICE CO., Ltd ។
កិច្ចប្រជុំខាងលើនេះ មានសមាសភាពចូលរួមពីអគ្គនាយកដ្ឋានចំណុះក្រសួងបរិស្ថាន អន្តរក្រសួងពាក់ព័ន្ធ រដ្ឋបាលខេត្តក្រចេះ អង្គការ DPA នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ក្រុមហ៊ុនម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សា ចំនួន ៣៥នាក់។

ជាលទ្ធផល អង្គប្រជុំបានសម្រេចដូចខាងក្រោម៖
១-គាំទ្រទៅលើគម្រោងនេះ
២-ក្រុមហ៊ុន ត្រូវមានផែនការគ្រប់គ្រងសំណល់រាវ ដែលចេញពីកន្លែងអារថ្ម និងកន្លែងកែច្នៃថ្មអារឱ្យបានត្រឹមត្រូវចៀសវាងបង្ហូរចូលទៅក្នុងប្រភពទឹកធម្មជាតិ
៣-ក្រុមហ៊ុន ត្រូវមានផែនការគ្រប់គ្រងអាចម៍ដី កម្ទេចថ្ម ឬថ្មគ្មានគុណភាព និងសំណល់ភក់ (ផេះថ្ម) ឱ្យបានត្រឹមត្រូវ ដោយក្រុមហ៊ុនត្រូវសហការជាមួយក្រសួងរ៉ែ និងថាមពល និងក្រសួងបរិស្ថាន ដើម្បីជំរុញ និងកែច្នៃថ្ម និងផេះថ្ម យកទៅប្រើប្រាស់ឱ្យអស់លទ្ធភាព
៤-ក្រុមហ៊ុន ត្រូវកាត់បន្ថយការបំពុលខ្យល់ សំឡេង និងរំញ័រ ដែលចេញពីខ្សែសង្វាក់ផលិតកម្ម
៥-ក្រុមហ៊ុន ត្រូវផ្តល់សម្ភារឧបករណ៍សុវត្ថិភាពការងារដល់បុគ្គលិក-កម្មករ រួមទាំងចុះបញ្ជី ប.ស.ស ដល់បុគ្គលិក-កម្មករឱ្យបានត្រឹមត្រូវ
៦-ក្រុមហ៊ុន ត្រូវសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន សម្រាប់ដាក់ជញ្ជីងថ្លឹងដែលពាក់ព័ន្ធនឹងការដឹកជញ្ជូនឱ្យបានត្រឹមត្រូវ ព្រមទាំងត្រួតពិនិត្យអ្នកបើកបរដោយមិនប្រើប្រាស់ជាតិស្រវឹង និងគ្រឿងញៀន
៧-ក្រុមហ៊ុន ត្រូវបញ្ឈប់សកម្មភាពអាជីវកម្ម និងសហការជាមួយក្រសួង ឬមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងករណីជីកប្រទះឃើញវត្ថុបុរាណ ឬសម្បត្តិវប្បធម៌
៨-នៅពេលបញ្ចប់គម្រោង ក្រុមហ៊ុនត្រូវប្រែក្លាយការដ្ឋានអាជីវកម្មថ្មអារទៅជាអាងស្តុកទឹក ព្រមទាំងវិភាគគុណភាពទឹកជាមុនសិន មុននឹងឱ្យប្រជាពលរដ្ឋប្រើប្រាស់សម្រាប់វិស័យកសិកម្ម
៩-ក្រុមហ៊ុន ត្រូវធ្វើការបច្ចុប្បន្នទិន្នន័យលើរបាយការណ៍ ESIA និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធឡើងវិញឱ្យបានត្រឹមត្រូវ
១០-ក្រុមហ៊ុន ត្រូវអនុវត្តឱ្យបានត្រឹមត្រូវទៅតាមការរៀបរាប់ដែលមាននៅក្នុងរបាយការណ៍ ESIA នេះនិង
១១-ក្រុមហ៊ុន ត្រូវបញ្ចូលមតិយោបល់វិជ្ជមាន ស្របតាមស្មារតីអង្គប្រជុំ ទៅក្នុងរបាយការណ៍ ESIA ៕