អូស្ត្រាលី​ផ្តល់​ហិរញ្ញប្បទាន​ចំនួន​ ២៨០លាន​ដុល្លារ​ក្នុងរយៈពេល៥ឆ្នាំ​កន្លងមក​នេះ​

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ ក្នុងរយៈពេល៥ឆ្នាំ​ចុងក្រោយ​នេះ​ ​រដ្ឋាភិបាល​អូស្ត្រាលី​បាន​ផ្តល់​ហិរញ្ញប្បទាន​ប្រមាណ​ ៥៦លាន​ដុល្លារ​អាមេរិក​ ក្នុង​មួយឆ្នាំ​ដល់​កម្ពុជា​ដែល​បាន​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​សង្គម​ និង​សេដ្ឋកិច្ច​របស់​កម្ពុជា​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC​) ចេញផ្សាយ​កាលពី​កន្លងមក​នេះ​បានឱ្យ​ដឹង​ថា​ ​ផែនការ​ហិរញ្ញប្បទាន​ថ្មី​របស់​អូស្ត្រាលី​ សម្រាប់​ការ​វិនិយោគ​នៅ​កម្ពុជា​ នឹង​បន្ត​ចូលរួម​គាំទ្រ​រាជរដ្ឋាភិបាល​ ដើម្បី​ចាកចេញ​ពី​ក្រុម​ប្រទេស​មាន​អភិវឌ្ឍ​តិចតួច​ និង​សម្រេច​គោលដៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​ កម្រិតខ្ពស់​នៅ​ឆ្នាំ២០៣០​ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ២០៥០​។

លោ​កឈៀង​ យ៉ា​ណា​រ៉ា​ រដ្ឋ​មន្ដ្រី​ប្រតិភូ​អម​នាយក​រដ្ឋ​មន្ដ្រី​ និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​នីតិសម្បទា​ និង​អភិវឌ្ឍន៍​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ នៅក្នុង​ជំនួប​ជាមួយ​ លោក ​Luke​ Arnold​ អនុប្រធាន​បេសកកម្ម​ នៃ​ស្ថានទូត​អូ​ស្ដ្រា​លី​ប្រចាំ​នៅ​កម្ពុជា​ កាលពី​កន្លង​ទៅ​ថ្មី​ៗនេះ​ បាន​ផ្លាស់ប្ដូរ​យោបល់​លើ​សេចក្ដីព្រាង​ ឯកសារ​ទស្សនទាន​ស្ដីពី​ ផែនការ​ហិរញ្ញប្បទាន​សម្រាប់​វិនិយោគ​នៅ​កម្ពុជា​ ឆ្នាំ២០២០​-២០២៤​។

សេចក្ដីព្រាង​ឯកសារ​ទស្សនទាន​នេះ​ ជា​របៀបវារៈ​សំខាន់​មួយ​សម្រាប់​ការពិភាក្សា​ក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​ឧត្ដម​មន្ដ្រី​កម្ពុជា​-អូ​ស្ដ្រា​លី​ លើក​ទី១​ (Senior​ Officials​’ Talks​) ដែល​នឹង​ប្រព្រឹត្ដ​ទៅ​នា​ថ្ងៃទី១៦​-១៧​ ខែកញ្ញា​ឆ្នាំ២០១៩​ នៅ​ទីក្រុង​ខេន​បេ​រ៉ា​ ប្រទេស​អូ​ស្ដ្រា​លី​។

លោក​បាន​វាយតម្លៃ​ខ្ពស់​ ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ភាគី​អូ​ស្ត្រី​លី​ ក្នុង​ការរៀបចំ​សេចក្តី​ព្រាង​ឯកសារ​ទស្សនទាន​នេះ​ ដែល​បាន​ផ្តល់​មូលដ្ឋាន​សម្រាប់​ពិភាក្សា​ និង​រៀបចំផែនការ​ ហិរញ្ញ​វប្ប​ទាន​សម្រាប់​ការ​វិនិយោគ​នៅ​កម្ពុជា​ សម្រាប់​ឆ្នាំ​ ២០២០​-២០២៤​។

ភាគី​ទាំង​ពី​បាន​ឯកភាព​ជាគោល​ការណ៍​លើ​គោលដៅ​ និង​គោលបំណង​ ដូច​បាន​រំលេច​ក្នុង​ឯកសារ​ទស្សនទាន​នេះ​។ គោលដៅ​ និង​គោលបំណង​ទាំងនេះ​ គឺ​មាន​សង្គតិភាព​ជាមួយ​អាទិភាព​របស់​រាជរដ្ឋាភិបាល​ ដូច​មាន​ចែង​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤​ និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ ឆ្នាំ​ ២០១៩​-២០២៣​៕

LEAVE A REPLY

Please enter your comment!
Please enter your name here