ចិន​បន្ត​ធ្វើ​ពហិការ​មិន​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​កាណាដា​ ខណៈ​ចិន​ទាមទារ​ឲ្យ​ដោះលែង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Huawei​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ​រដ្ឋាភិបាល​កាណាដា​ បាន​តែងតាំង​ឯកអគ្គ​រដ្ឋទូត​ថ្មី​ ប្រចាំ​ប្រទេស​ចិន​ ខណៈ​ទំនាក់ទំនង​ខ្លួន​ជាមួយ​ចិន​ បាន​ប្រែ​ទៅជា​វិបត្តិ​នៅ​ឆ្នាំនេះ​ បន្ទាប់ពី​ការ​ចាប់ខ្លួន​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Huawei​ តាម​សំណើ​របស់​រដ្ឋាភិបាល​អាមេរិក​ ដែល​នាំ​ឱ្យ​មានការ​បណ្តេញ​ឯកអគ្គ​រដ្ឋទូត​មួយ​រូប​ចេញពី​ចិន​។

រដ្ឋាភិបាល​បាន​តែងតាំង​លោក​ Dominic​ Barton​ ឱ្យ​កាន់​តំណែង​អ្នកការទូត​ជាន់ខ្ពស់​នៅក្នុង​ប្រទេស​ចិន​ ដើម្បី​ជំនួស​លោក​ឯកអគ្គ​រដ្ឋទូត​ John​ McCallum​ ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​កាលពី​ខែ​ មករា​ ពី​បទ​ធ្វើ​អត្ថា​ធិប្បាយ​ប្រឆាំង​ នឹង​ការសម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​កាណាដា​ ក្នុង​ការ​ចាប់ខ្លួន​លោកស្រី​ Meng​ Wanzhou​ ដែល​ជានា​យក​ប្រតិបត្តិ​កំពូល​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ Huawei​ និង​ជា​កូនស្រី​របស់​សេដ្ឋី​ស្ថាបនិក​តាម​សំណើ​របស់​អាមេរិក​។

លោកស្រី​ Wanzhou​ នៅតែ​ស្ថិតនៅ​ក្នុង​កាណាដា​ ដែល​ជាប់​នៅក្នុង​សមរភូមិ​ផ្លូវច្បាប់​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ធ្វើ​បត្យាប័ន​នាង​ទៅកាន់​អាមេរិក​។

​ក្រុម​អ្នកច្បាប់​របស់​លោកស្រី​ Wanzhou​ បាន​ថ្លែង​ថា​ “ការ​ចាប់ខ្លួន​ និង​ការ​ធ្វើ​បត្យាប័ន​លោកស្រី​ ត្រូវ​បាន​បញ្ជា​ដោយ​រដ្ឋាភិបាល​អាមេរិក​ ដើម្បី​បន្ត​ផលប្រយោជន៍​នយោបាយ​ និង​សេដ្ឋកិច្ច​របស់​ខ្លួន​នៅក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​នៅ​ឆ្នាំនេះ​”។

ឯកសារ​របស់​តុលាការ​កាណាដា​ បាន​លើកឡើង​អំពី​ករណី​ផ្លូវច្បាប់​របស់​លោកស្រី​ថា​ “អាមេរិក​កំពុង​ព្យាយាម​ប្រើ​នីតិវិធី​បត្យាប័ន​ទាំងនេះ​ ដើម្បី​កេង​ចំណេញ​ផ្នែក​សេដ្ឋកិច្ច​ និង​នយោបាយ​”។

អាមេរិក​បាន​ចុះ​ក្នុង​បញ្ជីខ្មៅ​ក្រុមហ៊ុន​ Huawei​ នៅ​ឆ្នាំនេះ​ ដោយសារ​ភាព​តានតឹង​សង្គ្រាម​ពាណិជ្ជកម្ម​បាន​កើនឡើង​។ ​

ជា​ការសងសឹក​ចំពោះ​ការ​ចាប់ខ្លួន​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Huawei​ ចិន​បាន​ចាប់ខ្លួន​ជនជាតិ​កាណាដា​លោក​ Michael​ Kovrig​ និង​លោក​ Michael​ Spavor​ យ៉ាង​រហ័ស​ ហើយ​បាន​ធ្វើ​ពហិការ​ ចំពោះ​ការទិញ​ផលិតផល​កសិកម្ម​សំ​ខាន់​ៗ របស់​កាណាដា​ដូចជា​ប្រេង​ Canola​ និង​សាច់​។

ឯកអគ្គ​រដ្ឋទូត​ថ្មី​ Barton​ បាន​ចំណាយពេល​ជាច្រើន​ឆ្នាំ​ នៅ​ទី​ក្រុង​ស៊ាង​ហៃ​ និង​ទីក្រុង​សេអ៊ូល​ ក្នុងនាម​ជា​អ្នក​ពិគ្រោះ​យោបល់​ផ្នែក​ហិរញ្ញវត្ថុ​ មុន​ពេល​ក្លាយជា​ដៃគូ​នៅ​ក្រុមហ៊ុន​ប្រឹក្សា​ពិភពលោក​ McKinsey​។

ចាប់តាំងពី​ពេលនោះ​មក​លោក ​Barton​ បាន​ក្លាយជា​ទីប្រឹក្សា​សេដ្ឋកិច្ច​ ដែល​អាច​ទុកចិត្ត​បាន​របស់​លោកនាយក​រដ្ឋមន្រ្តី​ Justin​ Trudeau​។

នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​លោក ​Barton​ បាន​សរសេរ​ថា​ “វា​ជា​កិត្តិយស​ណាស់​ ដែល​ត្រូវ​បាន​តែងតាំង​ជាឯក​អគ្គរដ្ឋទូត​កាណាដា​ប្រចាំ​ប្រទេស​ចិន​”។

លោក​ Barton​ បាន​បន្ថែម​ថា​ “ទំនាក់ទំនង​រវាង​កាណាដា​ និង​ចិន​គឺជា​ទំនាក់ទំនង​ដ៏​សំខាន់​មួយ​ ហើយ​ខ្ញុំ​នឹង​ខិតខំ​ធ្វើជា​តំណាង​ឲ្យ​ប្រទេស​ដ៏​អស្ចារ្យ​របស់​យើង​ និង​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​នានា​ដែល​កំពុង​កើតមាន​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here