កម្ពុជា​ត្រៀម​អនុវត្តន៍​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​ដោយ​គ្មាន​ក្រដាស​ស្នាម​

0

ដោយ ​វុត្ថា​

ភ្នំពេញ​៖ រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​អះអាង​ឱ្យ​ដឹង​ថា​ កម្ពុជា​បាន​ត្រៀមខ្លួន​រួចជាស្រេច​ ដើម្បី​អនុវត្ត​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​ ដោយ​គ្មាន​ក្រដាស​ស្នាម​ តាមរយៈ​ការ​ចូល​ជាស​មា​ជិ​កសន្ធិសញ្ញា​អង្គការសហប្រជាជាតិ​ស្តី​ពី​ ប្រតិបត្តិ​ការ​នេះ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ការបង្កើត​គណៈកម្មាធិការ​បញ្ជរ​ជាតិ​តែមួយ​ និង​ការប្រើ​ប្រាស់​ច្បាប់​ស្តី​ពី​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ ដែល​បច្ចុប្បន្ន​កំពុង​រង់ចាំ​រដ្ឋសភា​ជាតិ​ធ្វើការ​អនុម័ត​ ដើម្បី​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ប៉ុណ្ណោះ​។

លោកស្រី​តឹក​រ៉េ​ត កំរង​ រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​ នៅក្នុង​ពិធី​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន​ ដោយ​គ្មាន​ក្រដាស​ស្នាម​នៅ​កម្ពុជា​» នៅ​ថ្ងៃទី៥​ ខែកញ្ញា​ ឆ្នាំ២០១៩នេះ​ បាន​គូសបញ្ជាក់​ពី​សក្តា​នុ​ពល​ និង​សារៈសំខាន់​នៃ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​ ដោយ​គ្មាន​ក្រដាស​ស្នាម​ សម្រាប់​បម្រើការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​នៅ​កម្ពុជា​ និង​ការជំរុញ​ប្រសិទ្ធភាព​ គណនេយ្យ​ភាព​ និង​តម្លាភាព​នៃ​លំហូរ​ពាណិជ្ជកម្ម​នៅ​តាម​ប្រទេស​ក្នុង​តំបន់​ ដើម្បី​បង្កើត​ភាព​សុខដុម​នី​យក​ម្ម​សម្រាប់​ពិភពលោក​ ក្នុងរយៈពេល​យូរអង្វែង​។

លោកស្រី​ក៏បាន​លើកឡើង​អំពី​ការ​ប្តេជ្ញា​ចិត្ត​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការជំរុញ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​ តាមរយៈ​ការ​កែសម្រួល​នីតិវិធី​រដ្ឋបាល​ ការ​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ស្វ័យប្រវត្ត​កម្ម​ទិ​ន្ន័​យគយ​ ASYCUDA​ ការ​ដាក់ចេញ​នូវ​កំណែទម្រង់​ និង​វិធានការ​សម្រួល​ពាណិជ្ជកម្ម​ដ៏​មុត​ស្រួច​ ការ​ធ្វើ​បច្ចុប្បន្នភាព​ និង​ដាក់​ឱ្យ​ដំណើរការ​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​ (CTIS​) ឆ្នាំ២០១៩​-២០១៣​ និង​ការ​ចងក្រង​ច្បាប់​ស្តី​ពី​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ជាដើម​។

លោកស្រី​តឹក​រ៉េ​ត កំរង​ ក៏បាន​អំពាវនាវ​ឱ្យដៃ​គូ​អភិវឌ្ឍន៍​ និង​មន្ត្រី​អន្តរក្រសួង​ប្រើប្រាស់​វេទិកា​ថ្ងៃនេះ​ ធ្វើការ​ត្រួតពិនិត្យ​ និង​ពិភាក្សា​ឱ្យ​បាន​ផុសផុល​ ទៅលើ​របាយការណ៍​សិក្សា​ចងក្រង​ឡើង​ដោយ​អង្គការ​ UNESCAP​ ស្តី​ពី​ សេចក្តី​ព្រាង​សកម្មភាព​សម្រាប់​ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន​ ដោយ​គ្មាន​ក្រដាស​ស្នាម​ នៅ​កម្ពុជា​ ដើម្បី​បង្កើត​ជា​ផែនការ​អាទិភាព​ក្នុងរយៈពេល​ខ្លី​ សំដៅ​កៀងគរ​ប្រភព​ធនធាន​ ជាពិសេស​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម​ (Aid​-for​-trade​) សម្រាប់​គាំទ្រ​ការអនុវត្ត​នា​ពេល​អនាគត​។

កម្ពុជា​កាលពី​ថ្ងៃទី២៩​ ខែសីហា​ ឆ្នាំ២០១៧​ បាន​ចុះហត្ថលេខា​លើ​ក្របខ័ណ្ឌ​កិច្ច​ព្រមព្រៀង​ លើ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន​ ដោយ​គ្មាន​ក្រដាស​ស្នាម​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ពាណិជ្ជកម្ម​អន្តរជាតិ​ ប្រកបដោយ​ប្រសិទ្ធភាព​ និង​តម្លាភាព​ ព្រមទាំង​ធានា​បាន​នូវ​ការគោរព​បទដ្ឋាន​គតិ​យុត្ត​ ដែល​នឹង​ផ្តល់​អត្ថ​ប្រយោជន៍​រយៈពេល​វែង​ដល់​ប្រទេស​ក្នុង​តំបន់​៕

LEAVE A REPLY

Please enter your comment!
Please enter your name here