ដោយ Donald Lee
អូស្រ្តាលីៈ ប្រជាជនអូស្រ្តាលីកំពុងរៀបផែនការហិរញ្ញវត្ថុ ដោយធ្វើការចំណាយតិច ខណៈរដ្ឋាភិបាលបានបង្ហាញ ទិន្នន័យអត្រាកំណើនផលិតផលក្នុងស្រុកសរុបបង្ហាញថា សេដ្ឋកិច្ចបានកើនឡើងក្នុងល្បឿនយឺតបំផុត ចាប់តាំងពីមានវិបត្តិសេដ្ឋកិច្ចសកលក្នុងឆ្នាំ ២០០៩។
យោងតាមការិយាល័យស្ថិតិអូស្ត្រាលីបានឲ្យដឹងថា កំណើនផលិតផលសរុបក្នុងស្រុកបានធ្លាក់ចុះមកនៅត្រឹម ១,៤ ភាគរយនៅឆ្នាំនេះ។ អត្រានេះបានធ្វើឱ្យសេដ្ឋវិទូនៅជុំវិញពិភពលោកមានការភ្ញាក់ផ្អើល ជាពិសេសលទ្ធផលខែ មិថុនា ដែលបង្ហាញពីកំណើនត្រឹមតែ ០,៥ភាគរយ ហើយការនិយាយអំពីវិបត្តិសេដ្ឋកិច្ច បានគ្របដណ្តប់លើសារព័ត៌មានសេដ្ឋកិច្ចអូស្ត្រាលី។
លោក Josh Frydenberg ហេរញ្ញិកនៃប្រទេសអូស្ត្រាលី បាននិយាយនៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃពុធថា “នេះគឺជាពេលវេលាដ៏លំបាក សម្រាប់សេដ្ឋកិច្ចពិភពលោក ដោយប្រទេសសឹង្ហបូរី ស៊ុយអែត អាល្លឺម៉ង់ និងអង់គ្លេស មានកំណើនសេដ្ឋកិច្ចអវិជ្ជមានក្នុងត្រីមាសចុងក្រោយនេះ”។
ទិន្នន័យរបស់រដ្ឋាភិបាលក៏បានបង្ហាញផងដែរថា អ្នកប្រើប្រាស់អូស្រ្តាលីបានចំណាយតិច ដោយធ្វើឲ្យការលក់រាយធ្លាក់ចុះ ០,១ ភាគរយ ការលក់រថយន្តបានធ្លាក់ចុះ៧ ភាគរយ និងសំណង់លំនៅដ្ឋានធ្លាក់ចុះ ០,៥ ភាគរយ៕






