ដោយ៖ គង់ សូរិយា
ភ្នំពេញ៖ ស្ថាប័នចំនួនបីបានរួមគ្នាផ្តល់ហិរញ្ញប្បទាន១៥លានដុល្លារអាមេរិក ដើម្បីជួយវិស័យកសិកម្មនៅខេត្តចំនួនបួន តាមរយៈការសម្របសម្រូលពីទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់កិច្ចអភិវឌ្ឍន៍អន្តរជាតិ (USAID)។
ស្ថាប័នចំនួនបីនោះរួមមាន មីក្រូហិរញ្ញវត្ថុចំនួនពីរនៅកម្ពុជាគឺ AMK និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC ព្រមទាំងក្រុមហ៊ុន RMA សម្រាប់មូលនិធិអភិវឌ្ឍន៍វិស័យកសិកម្មនៅក្នុងខេត្តសៀមរាប បាត់ដំបង កំពង់ធំ និងខេត្តពោធិសាត់។

-->
យោងតាមសេចក្តីប្រកាសព៌តមានបានឲ្យដឹងនាព្រឹកថ្ងៃទី១៨ តុលានេះថា ការប្រកាសពីភាពជាដៃគូនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការបង្កើនភាពដែលអាចទទួលបាននូវហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា ដែលជាផ្នែកមួយដ៏សំខាន់ ក្នុងការធ្វើឲ្យប្រសើរឡើងនូវផលិតភាព លើកកម្ពស់កំណើនសេដ្ឋកិច្ច ដែលដឹកមុខដោយវិស័យកសិកម្ម។ ចាប់តាំងពីឆ្នាំ២០១១ ទីភ្នាក់ងារ USAID តាមរយៈកម្មវិធីសន្តិសុខស្បៀងសម្រាប់អនាគត (Feed the Future Initiative) បានគាំទ្រដល់វិស័យកសិកម្ម និងសន្តិសុខស្បៀងនៅតាមបណ្តាខេត្តចំនួន បួនជុំវិញបឹងទន្លេសាបតាមរយៈកម្មវិធីផ្សេងៗជាច្រើន ដោយផ្តោតលើគ្រួសារក្រីក្រ និងកសិករតូច តាច។ ដើម្បីបំពេញបន្ថែមលើគម្រោងសន្តិសុខស្បៀងសម្រាប់អនាគត ថ្ងៃនេះទីភ្នាក់ងារ USAID បានចាប់ដៃគូជាមួយវិទ្យាស្ថានមីក្រូហិរញ្ញវត្ថុចំនួនពីរគឺ វិទ្យាស្ថានមីក្រូហិរញ្ញវត្ថុ AMK វិទ្យាស្ថានមីក្រូ ហិរញ្ញវត្ថុ LOLC និងក្រុមហ៊ុន RMA ដើម្បីប្រមូលប្រាក់កម្ចីរហូតដល់១៥លានដុល្លារសហរដ្ឋអាមេរិក សម្រាប់វិស័យកសិវប្បកម្ម។

កម្ចីទាំងនេះ នឹងពង្រីកការវិនិយោគលើវិស័យកសិវប្បកម្មក្នុងគោលដៅ ជម្រុញកំណើនសេដ្ឋកិច្ច បង្កើតការងារ និងការលក់វត្ថុធាតុដើមកសិកម្មក្នុងរយៈពេល៧ឆ្នាំនៅតាមបណ្តាខេត្តខាងលើ។
លោកស្រីផលី ដាន់ហ្វ៊ត (Polly Dunford) នាយិកាបេសកកម្មនៃទីភ្នាក់ងារ USAID ប្រចាំកម្ពុជា មានប្រសាសន៍ថា “យើងមានមោទនភាពក្នុងការផ្តល់ឥណទានដល់វិស័យឯកជន ដែលកំពុងបម្រើការលើវិស័យកសិកម្មនៅកម្ពុជា ដែលមានប្រជាជន៧០%នៃប្រជាជនសរុបរស់នៅ ពឹងផ្អែកលើវិស័យ នេះ។ លោកស្រីបន្ថែមថា៖ “យើងមានការជឿជាក់ថាការ បង្កើនឥណទានក្នុងវិស័យកសិកម្ម នឹងគាំទ្រយ៉ាងសម្បើម ដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ព្រមទាំងផ្តល់ផលវិជ្ជមានដល់ប្រជាជនកម្ពុជាទាំងមូល មិនថានៅតាមទីជនបទ ឬទីប្រជុំជននោះទេ”៕