ដោយ ៖ រ៉ាណេត
ភ្នំពេញៈ ក្រៅពីមានភាពស្អិតល្មួតលើវិស័យការទូត ប្រទេសជប៉ុនបានដើរតួយ៉ាងសំខាន់នៅក្នុងការជួយជ្រោមជ្រែងកម្ពុជា តាមរយៈការផ្តល់ជំនួញយ៉ាងសន្ធឹកសន្ធាប់ ការវិនិយោគរបស់ជប៉ុននៅកម្ពុជា បានឈរលំដាប់ទី៤ក្នុងចំណោមបណ្តាប្រទេសដែលបានវិនិយោគនៅកម្ពុជា។
ប្រទេសវិនិយោគច្រើនជាងគេទី១នៅកម្ពុជាគឺប្រទេសចិន កូរ៉េ សឹង្ហបុរី និងលេខរៀងបន្ទាប់គឺប្រទេសជប៉ុន។
-->
លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការ ក.អ.ក បានទទួលជួបគណៈប្រតិភូវិនិយោគិនជប៉ុនចំនួន១៤រូប ដែលកំពុងមានប្រតិបត្តិការនៅក្នុងតំបន់ និងនៅក្នុងប្រទេសកម្ពុជា ដើម្បីស្វែងយល់បន្ថែមពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា ដឹកនាំដោយលោកប្រធានផ្នែកតំបន់អាស៊ី និងអូសេអានីនៃធនាគារ មីហ៊្សូហូ ដែលជាធនាគារមួយក្នុងចំណោមធនាគារធំជាងគេទាំង៣នៅប្រទេសជប៉ុន។
នៅក្នុងកិច្ចជំនួបពិភាក្សានេះ ត្រូវបានរៀបចំឡើងក្នុងក្របខ័ណ្ឌ នៃការអនុវត្តអនុស្សារណៈយោគយល់គ្នា ( MOU ) ស្តីពីកិច្ចសហប្រតិបត្តិការជំរុញវិនិយោគ ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះហត្ថលេខាជាមួយធនាគារ មីហ៊្សូហូកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧កន្លងទៅ សំដៅជំរុញដល់ការវិនិយោគរបស់ជប៉ុនមកកម្ពុជា និងលើកកម្ពស់ភាពជាដៃគូសហគ្រិនកម្ពុជា-ជប៉ុន។
លោកសុខ ចិន្តាសោភាបានមានប្រសាសន៍ថា “ក្នុងនាមតំណាងរដ្ឋាភិបាលកម្ពុជា សូមសម្ដែងពីកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់គណៈប្រតិភូវិនិយោគិនជប៉ុន”។ លោកបានបន្តទៀតថា “កម្ពុជាមានកាលានុវត្តភាព សក្ដានុពលធុរកិច្ច និងវិនិយោគ ដ៏ល្អប្រសើរ ដោយរាជរដ្ឋាភិបាលដាក់ចេញនូវវិធានការថ្មីៗ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សំដៅធ្វើឱ្យកាន់តែប្រសើរឡើង នូវបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា”។
បច្ចុប្បន្ននេះវិស័យអាទិភាពទាំង៥ ដែលបានកំណត់នៅក្នុងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ ជាពិសេស វិស័យកសិ-ឧស្សាហកម្ម និងកែច្នៃចំណីអាហារ សមស្របទៅនឹងបណ្តាក្រុមហ៊ុនរបស់ជប៉ុន ដែលមានបច្ចេកវិទ្យា និងជំនាញខ្ពស់ និងច្បាស់លាស់ ខណៈដែលកម្ពុជាមានកសិផលប្រកបដោយគុណភាពខ្ពស់។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩ នេះថា ការចុះ MOU នេះ មិនត្រឹមតែខាងក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជានោះទេ សូម្បីតែខាងពន្ធដារ ក៏មានការចុះ MOU លើកលែងពន្ធត្រួតស៊ីគ្នា ដែលជាការលើកទឹកចិត្ត និងបើកផ្លូវសម្រាប់ក្រុមហ៊ុនជប៉ុនដទៃទៀត ដែលមិនទាន់ចូលមកវិនិយោគនៅកម្ពុជា ឱ្យចូលមកស្វែងយល់ពីកាសវិនិយោគ។
លោកបន្តទៀតថា “ជាមួយនឹងការចូលមកសិក្សា និងស្វែងយល់ពីឱកាសទាំងនេះ គឺមានការបង្ហាញផ្លូវពីសំណាក់បណ្តាក្រុមហ៊ុនជប៉ុន ដែលកំពុងដំណើរការវិនិយោគនៅកម្ពុជា ដែលកាន់តែបង្កើនទំនុកចិត្តកាន់តែខ្លាំងសម្រាប់ពួកគេបន្ថែមទៀត”។
លោកឧកញ៉ាលឹម ហេងបានបន្តទៀតថា ជប៉ុន មុនពេលចូលវិនិយោគនៅប្រទេសណាមួយគឺពួកគេសិក្សាល្អិតពីភាពប្រឈម និងឱកាសរីកចម្រើននៃមុខជំនួញរបស់ពួកគេ ដូច្នេះ ប្រទេសណាមួយដែលជប៉ុនចូលវិនិយោគហើយ គឺបានបញ្ជាក់ពីភាពរឹងមាំនៃកត្តាសេដ្ឋកិច្ច និងស្ថិរភាពនយោបាយ ដែលអំណោយផលដល់ការវិនិយោគ។
បច្ចុប្បន្ននេះ ប្រទេសជប៉ុនបានឈរនៅលំដាប់ទី២ ក្នុងនាមជាប្រទេសដែលជួយជ្រោមជ្រែងប្រទេសកម្ពុជា តាមរយៈការផ្តល់ជំនួយស្ដារនិងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ជាពិសេសនៅក្នុងវិស័យសុខាភិបាល និងវិស័យអប់រំ។ ដោយឡែកនៅក្នុងវិស័យពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា ប្រទេសជប៉ុនកំពុងឈរនៅលំដាប់ទី៤ ខណៈដែលប្រទេសចិនឈរនៅលំដាប់កំពូល ប្រទេសកូរ៉េឈរនៅលំដាប់ទី២ ហើយសាំងហ្គាពួរ ឈរនៅលំដាប់ទី៣ ៕